ឯកឧត្តម ថោង ខុន ៖ «ព្រះអគ្គីជ័យកីឡា ជានិមិត្តរូបនៃកម្លាំងថាមពលជីវិតមនុស្សសត្វ និងជាសភាវៈធម៌ដ៏បរិសុទ្ធ »
សៀមរាប ៖ ឯកឧត្តម ថោង ខុន ប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានក្រាបបង្គំទូលថ្វាយ និងលើកបង្ហាញពីអត្ថន័យដ៏ជ្រាលជ្រៅនៃ«ព្រះអគ្គីជ័យកីឡា» ដែលជានិមិត្តរូបនៃកម្លាំងថាមពលរបស់ជីវិតមនុស្សសត្វ និងជាសភាវៈធម៌ដ៏បរិសុទ្ធ ដែលផ្តល់នូវសេចក្តីសុខ សុភមង្គល និងសន្តិភាពដល់មនុស្សជាតិទាំងអស់រស់នៅលើភពផែនដី តាមបាវចនា “កីឡានាំមកនូវសាមគ្គីភាព មិត្តភាព និងសន្តិភាព”។
នៅព្រឹកថ្ងៃអង្គារ៍ ទី២១ ខែមីនា ឆ្នាំ២០២៣ នៅក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា នាប្រាសាទអង្គរវត្ត ខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ថោង ខុន បានក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជំរាបដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីជាច្រើនរូបទៀត រួមទាំងលោក Dato’ Seri Chaiyapak Siriwat ប្រធានប្រតិបត្តិសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និង លោកឧត្តមសេនីយ៍ Osoth Bhavilai ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន។
ឯកឧត្តមបណ្ឌិត ថោង ខុន បានក្រាបបង្គំទូលថ្វាយ និងគូសបញ្ជាក់ថា៖« ព្រះអគ្គិជ័យកីឡាមានប្រវត្តិ និងខ្លឹមសារស៊ីជម្រៅជាប់ពាក់ព័ន្ធភ្លើងកីឡាអូឡាំពិក កាលពីប្រមាណជាង ២០០០ឆ្នាំ មុនគ.ស.។ រៀងរាល់ការប្រារព្ធពិធីប្រកួតកីឡាអូឡាំពិកបុរាណ នៅលើភ្នំអូឡាំព្យា ប្រទេសក្រិកបុរាណ បានយកភ្លើងពីកំដៅព្រះអាទិត្យ ដើម្បីបើកការប្រកួតកីឡាអូឡាំពិក រហូតដល់បច្ចុប្បន្ន»។
ឯកឧត្តមបណ្ឌិត បានបន្តថា ៖ « ព្រះអគ្គិជ័យកីឡាមានអត្ថន័យជ្រាលជ្រៅស៊ីជម្រៅជានិមិត្តរូបនៃកម្លាំងថាមពលនៃជីវិតមនុស្សសត្វ និងជាសភាវៈធម៌ដ៏បរិសុទ្ធ ដែលផ្តល់នូវសេចក្តីសុខ សុភមង្គល និងសន្តិភាព ដល់មនុស្សជាតិទាំងអស់រស់នៅលើភពផែនដី តាមបាវចនា “កីឡានាំមកនូវសាមគ្គីភាព មិត្តភាព និងសន្តិភាព”។
ជាធម្មតាគ្រប់ព្រឹត្តិការណ៍ Olympic អន្តរជាតិ Olympic អាស៊ី និង Olympic អាស៊ីអាគ្នេយ៍ តែងបានរៀបចំការរត់ភ្លើងគប់ទៅកាន់ប្រទេសសមាជិក មុនចូលដល់ប្រទេសម្ចាស់ផ្ទះ។ ផ្តើមចេញពីប្រវត្តិ និងខ្លឹមសារព្រះអគ្គិជ័យកីឡា ទើបព្រះរាជាណាចក្រកម្ពុជា បានរៀបចំព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា ពេលនេះ ដើម្បីទទួលបានព្រះអគ្គិជ័យកីឡាទៅរត់ដង្ហែភ្លើងគប់ និងប្រារព្ធពិធីបើកការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ខាងមុខនេះ»៕