Close

ភ្ញៀវទេសចរបារាំង កោតសរសើរពីភាពរីករាយនៃដំណើរទស្សនកិច្ចនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 2:37 am ព័ត៌មានជាតិ
ភ្ញៀវទេសចរបារាំង កោតសរសើរពីភាពរីករាយនៃដំណើរទស្សនកិច្ចនៅកម្ពុជា ភ្ញៀវទេសចរបារាំង កោតសរសើរពីភាពរីករាយនៃដំណើរទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យតំណាងប្រតិភូបុគ្គលិក-និយោជិកនៃក្រុមហ៊ុនថាមពលបារាំង EdF និង GdF ព្រមទាំងលោក អាំង ពិទូ ជាប្រធានសមាគមកូដូខ្មែរ ចូលជួបសម្តែងការគួរសមនៅទីស្តីការក្រសួងទេសចរណ៍។

នៅក្នុងជំនួបនោះ ប្រតិភូបានគោរពជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពី ចំណាប់អារម្មណ៍ដ៏ល្អៗ នៃដំណើរទេសចរណ៍របស់ពួកគេនៅប្រទេសកម្ពុជាអស់រយៈពេលជាងពីរសប្តាហ៍ មុននឹងគោរពជម្រាបលាត្រឡប់ទៅប្រទេសបារាំងវិញ។

ប្រតិភូបានសម្តែងចំណាប់អារម្មណ៍រួមថា «ដំណើរទេសចរណ៍នៅប្រទេសកម្ពុជាពិតជាសប្បាយរីករាយ និងពោរពេញដោយអនុស្សាវរីយ៍ល្អៗ ដែលមិនអាចបំភ្លេចបាន ហើយយើងនឹងមកលេងម្តងទៀតជាមិនខាន»។

ភ្ញៀវទេសចរបារាំងកោតសរសើរពីភាពរីករាយនៃដំណើរទស្សនកិច្ចនៅកម្ពុជា

ឯកឧត្តមរដ្ឋមន្ត្រីបានទទួលស្ដាប់ដោយយកចិត្តទុកដាក់នូវបទពិសោធន៍ផ្ទាល់ខ្លួនរបស់ប្រតិភូ ពីការធ្វើទេសចរណ៍នៅតាមគោលដៅនានាក្នុងប្រទេសកម្ពុជា ជាពិសេសគឺ ការស្នាក់នៅ ការទទួលទានអាហារ និងការចុះធ្វើស្រែចំការតាមភូមិឋានជនបទជាមួយប្រជាពលរដ្ឋខ្មែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រតិភូ ដែលបានជ្រើសរើសប្រទេសកម្ពុជាជាគោលដៅវិស្សមកាលប្រចាំឆ្នាំរបស់ពួកគេ។

ឯកឧត្តមក៏បានសម្តែងក្តីរំពឹងថា ប្រតិភូនឹងបន្តជួយផ្សព្វផ្សាយដល់ក្រុមគ្រួសារ មិត្តភ័ក្តិ និងប្រជាពលរដ្ឋបារាំងដទៃទៀត អំពី កត្តាសុខសន្តិភាព សុវត្ថិភាពល្អ ស្ថិរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា នាពេលបច្ចុប្បន្ន។

លើសពីនេះ ឯកឧត្តមបានលើកឡើងពី បដិសណ្ឋារកិច្ចដ៏កក់ក្តៅ ម្ហូបអាហារដ៏មានឱជារស គ្រឿងផ្សំពីធម្មជាតិដែលផ្តល់សុខភាពល្អ ទេសភាពដ៏ស្រស់ត្រកាល និងអាកាសធាតុល្អក្នុងរដូវបៃតង ដែលសុទ្ធសឹងជាចំណុចទាក់ទាញសំខាន់ៗរបស់កម្ពុជា៕


ភ្ញៀវទេសចរបារាំងកោតសរសើរពីភាពរីករាយនៃដំណើរទស្សនកិច្ចនៅកម្ពុជា