Close

១ ខែ សមត្ថកិច្ចបង្ក្រាបក្មេងទំនើង និងអ្នកងប់ល្បែងជាង ៤០០នាក់

ដោយ៖ Chhan Sreyka ​​ | 15 ម៉ោងមុន ព័ត៌មានជាតិ
១ ខែ សមត្ថកិច្ចបង្ក្រាបក្មេងទំនើង និងអ្នកងប់ល្បែងជាង ៤០០នាក់ ១ ខែ សមត្ថកិច្ចបង្ក្រាបក្មេងទំនើង និងអ្នកងប់ល្បែងជាង ៤០០នាក់

ភ្នំពេញ៖ ក្នុងរយៈពេលមួយខែមិថុនា ឆ្នាំ ២០២៥ នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បន្តបង្ក្រាបក្រុមក្មេងទំនើងនៅទូទាំងប្រទេសបានចំនួន ៩០ករណី និងឃាត់ខ្លួនមនុស្សសរុបចំនួន ២៨៩នាក់ ស្រី ២៧នាក់។

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងចំណោមក្មេងទំនើងដែលសមត្ថកិច្ចបង្ក្រាប អ្នកពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌមាន ៥១ករណី ស្មើនឹង ១៧៦នាក់ ស្រី ១៧នាក់ ដោយអ្នកទាំងនោះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត។
អ្នកពាក់ព័ន្ធមួយចំនួនទៀតសមត្ថកិច្ចអនុវត្តវិធានការរដ្ឋបាល ដោយណែនាំ អប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពចំនួន ៣៩ករណី ស្មើ ១១៣នាក់ និងស្រីចំនួន ១០នាក់។

អ្នកនាំពាក្យរង លោក ទូច សុឃៈ បានបន្ថែមឱ្យដឹងថាក្នុងរយៈពេលដូចគ្នានេះ សមត្ថកិច្ចក៏បានបង្ក្រាបករណីអ្នកងប់ងល់នឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេសចំនួន ៦២ករណី ដោយឃាត់ខ្លួនមនុស្សចំនួន ១៤៩នាក់ មានស្រី ៥៧នាក់ រួមទាំងវត្ថុតាងមានជាអាទិ៍ម៉ូតូ ១៧គ្រឿង កុំព្យូទ័រ ៥គ្រឿង និងសម្ភារផ្សេងមួយចំនួនទៀត។ លោកបានឱ្យដឹងទៀតថា ក្នុងចំណោមការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់នេះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំនួន ១៨ករណី មានមនុស្ស ៤៥នាក់ ស្រី ២០នាក់ និងអនុវត្តលើវិធានការរដ្ឋបាលចំនួន ៤៤ករណី មានមនុស្ស ១០៤នាក់ ស្រី៣៧នាក់។

១ ខែ សមត្ថកិច្ចបង្ក្រាបក្មេងទំនើង និងអ្នកងប់ល្បែងជាង៤០០នាក់

លទ្ធផលនៃការបង្រ្កាបក្រុមក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់ ក្នុងខែមិថុនាកន្លងទៅនេះ បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។

ជាការកត់សម្គាល់ក្នុងរយៈពេលចុងក្រោយនេះ សកម្មភាពល្បែងស៊ីសងបានលេចឡើងមិនត្រឹមតែជាលក្ខណៈប្រពៃណី ដូចជាលេងបៀ អាប៉ោង ជល់មាន់ ឬចាក់កន្ទុយលេខនោះទេ ពោលគឺក្រុមមេល្បែង ពួកកាងល្បែងបានប្រើវិធីសាស្រ្តអូសទាញមនុស្សឱ្យលេងល្បែងតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈការទូទាត់ប្រាក់ឈ្នះចាញ់ល្បែងបានធ្វើឡើងយ៉ាងងាយស្រួលតាមមធ្យោបាយធនាគារ។

ដើម្បីជម្នះនិន្នាការបែបនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់ការណែនាំ និងតម្រង់ទិសជាប្រចាំ ឱ្យសមត្ថកិច្ចក្រសួងមហាផ្ទៃ រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ស្រាវជ្រាវបង្ក្រាប និងចាប់ខ្លួន អ្នកពាក់ព័ន្ធយកមកផ្តន្ទាទោស និងអនុវត្តវិធានការស្របតាមច្បាប់។

ដោយឡែកសម្រាប់ករណីក្រុមក្មេងទំនើង បន្ថែមលើកបទបញ្ជាឱ្យបង្ក្រាបយ៉ាងមុឺងម៉ាត់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបង្ហើបពីការត្រៀមអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធានៅឆ្នាំ២០២៦ ដោយព្រលយថា ច្បាប់នេះក៏នឹងក្លាយជាយន្តការកាត់បន្ថយក្មេងទំនើងពីក្នុងសង្គមផងដែរ៕ដោយលោក សេង បូលីន