សម្ដេចតេជោ ហ៊ុន សែន៖ ២៤ឆ្នាំហើយដែលកម្ពុជាបានបញ្ចប់សង្រ្គាមក្រោមនយោបាយឈ្នះឈ្នះ
នៅក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរគឺផ្លូវជាតិលេខ៣១ និងលេខ៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកទៅដល់ ខួប២៤ឆ្នាំដែលកម្ពុជាបានបញ្ចប់សង្រ្គាមក្រោមនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព និងឯកភាពទឹកដីដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើគ្មានរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៨ មីនា ១៩៧០ នោះទេ មិនដឹងជាកម្ពុជាយើងរីកចម្រើនយ៉ាងណាទេក្រោមការដឹកនាំរបស់ព្រះអង្គ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចថា សង្រ្គាមដែលអ្នកជំនាន់មុនបានបង្កើតឡើង ពោលគឺ លន់ នល់ ទ្រង់ សិរីមតៈ ចេង ហេង ប៉ុន្តែត្រូវបានអ្នកជំនាន់ក្រោយគឺសម្តេច ហ៊ុន សែន ជាអ្នកដោះស្រាយ តែនេះគឺជាកាតព្វកិច្ចរបស់កូនខ្មែរដែលត្រូវពន្លត់សង្រ្គាម៕