Close

កម្ពុជាបកស្រាយជុំវិញឧបទ្ទវហេតុនៃការប៉ះទង្គិចសម្តីគ្នារវាងទាហានថៃ និងកងកម្លាំងកម្ពុជានៅប្រាសាទតាមាន់ធំ

ដោយ៖ Chhan Sreyka ​​ | 13 ម៉ោងមុន ព័ត៌មានជាតិ
កម្ពុជាបកស្រាយជុំវិញឧបទ្ទវហេតុនៃការប៉ះទង្គិចសម្តីគ្នារវាងទាហានថៃ និងកងកម្លាំងកម្ពុជានៅប្រាសាទតាមាន់ធំ កម្ពុជាបកស្រាយជុំវិញឧបទ្ទវហេតុនៃការប៉ះទង្គិចសម្តីគ្នារវាងទាហានថៃ និងកងកម្លាំងកម្ពុជានៅប្រាសាទតាមាន់ធំ

ភ្នំពេញ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិនៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានចេញមុខមកបកស្រាយបំភ្លឺការពិតជុំវិញឧបទ្ទវហេតុនៃការប៉ះទង្គិចសម្តីគ្នារវាងទាហានថៃ និងកងកម្លាំងកម្ពុជាកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅប្រាសាទតាមាន់ធំ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា កម្ពុជាសូមធ្វើការគូសបញ្ជាក់ថា៖ ការអនុវត្តគោលការណ៍ម៉ឺងម៉ាត់របស់កងទ័ពកម្ពុជា គឺធានាថាមិនមានការប្រព្រឹត្តិនូវសកម្មភាពអ្វីដែលខុសប្រក្រតី ដោយមិនបានឆ្លងកាត់ការឯកភាពគ្នាជាមុន ពិសេសប្រាសចាកខុសពីខ្លឹមសារនៃកិច្ចព្រមព្រៀងរបស់ភាគីទាំងសងខាង។

លោកជំទាវពន្យល់ទៀតថា តាមកិច្ចព្រមព្រៀង ប្រាសាទតាមាន់ធំត្រូវបិទការឡើងនៅវេលាម៉ោង ១៥:០០នាទីរសៀល។ ជាអកុសលនៅថ្ងៃនោះ វេលាម៉ោង១៥:១៥នាទី ក្រោយប្រាសាទតាមាន់ធំត្រូវបិទការឡើង ហើយកងកម្លាំងសម្របសម្រួល និងការពារទាំងអស់នៅទីនោះបានចុះពីទីតាំងប្រាសាទរួចហើយ។ ក៏ស្រាប់តែមានករណីភាគីថៃបើកឱ្យឡើងប្រាសាទពីសំណាក់ក្រុមអ្នកទេសចរជនជាតិថៃចំនួនរហូតដល់១០០នាក់ ក្នុងនោះក៏មានវត្តមានរបស់អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ និងជាប្រធានគណបក្សភុំចៃថៃផងដែរ ដោយមិនមានការជូនដំណឹងជាមុនដូចការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃនោះទេ។

កម្ពុជាបកស្រាយជុំវិញឧបទ្ទវហេតុនៃការប៉ះទង្គិចសម្តីគ្នារវាងទាហានថៃ និងកងកម្លាំងកម្ពុជានៅប្រាសាទតាមាន់ធំ

លោកជំទាវបន្ថែមថា ប្រសិនបើកងទ័ពថៃពិតជាមានភាពស្អាតស្អំ និងគ្មានចេតនាមិនល្អនោះទេ គួរតែធ្វើសកម្មភាពប្រកបដោយតម្លាភាព និងស្របតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ ដែលបញ្ជាក់យ៉ាងច្បាស់ពាក់ព័ន្ធនឹងពេលវេលា និងលក្ខខណ្ឌនៃការចេញចូលប្រាសាទ។

កងកម្លាំងកម្ពុជាបានព្យាយាមដោះស្រាយស្ថានការណ៍ដោយភាពស្ងប់ស្ងាត់ មិនបង្កហិង្សា ឬបញ្ហាឡើយ ប្រកបដោយវិជ្ជាជីវៈ និងគោរពតាមកិច្ចព្រមព្រៀងជានិច្ច ចំពោះវីដេអូដែលបានផ្សព្វផ្សាយដោយសារព័ត៌មានថៃមួយចំនួន និងការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ជាព័ត៌មានមិនពិត បាននាំមកនូវការភាន់ច្រឡំ និងជាចេតនាដ៏អាក្រក់ ក្នុងគោលបំណងញុះញង់ និងមានភាពស្អប់ រើសអើងជាតិសាសន៍ទាំងពីរ ព្រោះមិនបានឆ្លុះបញ្ចាំងនូវរឿងរ៉ាវទាំងស្រុងនោះទេគឺច្បិចយកតែជ្រុងម្ខាងតែប៉ុណ្ណោះ។

កម្ពុជាអំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់នៅក្នុងប្រទេសថៃ បញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតបំផ្លើសបំភ្លៃ បំភាន់ ក្នុងចេតនាបង្កាច់បង្ខូច ឬប៉ះពាល់កិត្តិយស កេរ្តិ៍ឈ្មោះកម្ពុជា។

អ្នកនាំពាក្យរូបនេះ បាន ក្រើនរំលឹកជាថ្មីម្តងទៀត ឱ្យភាគីថៃគោរពតាមកិច្ចព្រមព្រៀងដែលមានស្រាប់ឱ្យបានពេញលេញ និងម៉ឺងម៉ាត់ប្រកបដោយភាពស្មោះត្រង់ ព្រមទាំងជៀសវាងរាល់សកម្មភាពបំភាន់ការពិត ដែលអាចបំផ្លាញទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក។ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាចិត្តក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អ ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយមកឈ្លានពានបានជាដាច់ខាត៕