Close

មន្ត្រីសហភាពអឺរ៉ុប មិនពេញចិត្តចំពោះលោក Trump យកពន្ធគយ ៥០%

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានអន្តរជាតិ
មន្ត្រីសហភាពអឺរ៉ុប មិនពេញចិត្តចំពោះលោក Trump យកពន្ធគយ ៥០% មន្ត្រីសហភាពអឺរ៉ុប មិនពេញចិត្តចំពោះលោក Trump យកពន្ធគយ ៥០%

អឺរ៉ុប៖ មន្ត្រីសហភាពអឺរ៉ុប និងមន្ត្រីតំណាងរដ្ឋជាសមាជិកបានសម្តែងការមិនសប្បាយចិត្តចំពោះការគំរាមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump លើការយកពន្ធគយ ៥០ % លើទំនិញរបស់អឺរ៉ុប ដោយព្រមានថាយុទ្ធសាស្ត្របង្ខិតបង្ខំនឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចចរចាពាណិជ្ជកម្មឆ្លងដែន។

នៅលើបណ្តាញសង្គម Truth Social របស់ខ្លួន លោក Trump បានចោទសហភាពអឺរ៉ុបកាលពីថ្ងៃសុក្រថា “ទាញយកផលប្រយោជន៍ពីសហរដ្ឋអាមេរិកលើពាណិជ្ជកម្ម” និង “ពិបាកដោះស្រាយ” ។លោកបានប្រកាសថាលោកកំពុង “ណែនាំឱ្យយកពន្ធ ៥០ % លើទំនិញរបស់សហភាពអឺរ៉ុបដោយចាប់ផ្តើមនៅថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០២៥» ។

ការគម្រាមយកពន្ធរបស់លោក Trump នេះបានកើតឡើងចំពេលការចរចារដែលជាប់គាំង ដោយទីក្រុងវ៉ាស៊ីនតោនទាមទារសម្បទានឯកតោភាគីពីទីក្រុងប្រ៊ុចសែល ដើម្បីបើកទូលាយដល់អាជីវកម្មរបស់សហរដ្ឋអាមេរិក ខណៈពេលដែលសហភាពអឺរ៉ុបកំពុងស្វែងរកកិច្ចព្រមព្រៀងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

យ៉ាងនេះក្តី ស្នងការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ច លោក Maros Sefcovic បានឆ្លើយតបនៅលើបណ្តាញសង្គម X ថា សហភាពអឺរ៉ុប ត្រៀមខ្លួនរួចជាស្រេចដើម្បីការពារផលប្រយោជន៍របស់ខ្លួន។

មន្ត្រីសហភាពអឺរ៉ុប មិនពេញចិត្តចំពោះលោកTrump យកពន្ធគយ ៥០ %

លោកសង្កត់ធ្ងន់លើពាណិជ្ជកម្មទ្វេភាគីថា “ត្រូវតែត្រូវបានដឹកនាំដោយការគោរពគ្នាទៅវិញទៅមក មិនមែនជាការគំរាមកំហែងទេ” ។ លោក Sefcovic បានបន្តថា “ការចូលរួមយ៉ាងពេញលេញរបស់សហភាពអឺរ៉ុប ដែលបានប្តេជ្ញាចិត្តក្នុងការធានាបាននូវកិច្ចព្រមព្រៀងដែលដំណើរការសម្រាប់ទាំងពីរ។ គណៈកម្មការសហភាពអឺរ៉ុបនៅតែត្រៀមខ្លួនជាស្រេចដើម្បីធ្វើការដោយស្មោះត្រង់” ។

ចំណែក លោក Bernd Lange ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុបបានបង្ហោះនៅលើបណ្តាញសង្គម Bluesky ថាសមាជិកសភាសហភាពអឺរ៉ុបនឹងធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ ដើម្បីលុបបំបាត់ការយល់ខុសមួយចំនួន អំពីគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប។

លោក Lange បានសរសេរថា “ប្រសិនបើ លោក Trump ពិតជាស្វែងរកកិច្ចសហប្រតិបត្តិការ និងការចរចា លោកនឹងតែងតែងតែបើកទ្វារ ចំហសម្រាប់សហភាពអឺរ៉ុប។ ប្រសិនបើលោកគ្រាន់តែស្វែងរកពួកយើងដើម្បីតាមការទាមទាររបស់លលក លកកំពុងគោះទ្វារខុសហើយ” ។

លោកក៏បានច្រានចោលការអះអាងរបស់លោក Trump ដែលថាសហភាពអឺរ៉ុបត្រូវបានបង្កើតឡើងដើម្បី “ទាញយកប្រយោជន៍ពីសហរដ្ឋអាមេរិក” លើពាណិជ្ជកម្ម។
សម្រាប់ Taoiseach Micheal Martin មន្ត្រីជាន់ខ្ពស់នៃប្រទេសអ៊ៀកឡង់ បានពណ៌នាការប្រកាសរបស់លោក Trump ថាជា “ការខកចិត្តយ៉ាងខ្លាំង” ដោយព្រមានថាពន្ធខ្ពស់បែបនេះនឹង “ធ្វើឱ្យខូចទំនាក់ទំនងពាណិជ្ជកម្មដ៏ខ្លាំងក្លាបំផុតមួយរបស់ពិភពលោក” និងរំខានដល់ទីផ្សារពិភពលោក។

មន្ត្រីសហភាពអឺរ៉ុប មិនពេញចិត្តចំពោះលោកTrump យកពន្ធគយ ៥០ %

ប្រតិភូរដ្ឋមន្ត្រីបារាំងទទួលបន្ទុកពាណិជ្ជកម្មបរទេសលោក Laurent Saint-Martin បានថ្កោលទោសការគម្រាមកំហែងពន្ធរបស់លោក Trump ថាជា “គ្មានជំនួយក្នុងអំឡុងពេលចរចា” ដោយបញ្ជាក់ឡើងវិញនូវជំហររបស់សហភាពអឺរ៉ុបសម្រាប់ការបន្ធូរបន្ថយការកើនឡើង។

លោក Saint-Martin បានប្រាប់ប៉ុស្តិ៍ព័ត៌មានបារាំង BFMTV ថាការដាក់ពន្ធធ្ងន់លើការនាំចូលរបស់អាមេរិកមិនមែនជាលទ្ធផលដែលសហភាពអឺរ៉ុបស្វែងរកនោះទេ ប៉ុន្តែបានព្រមានថាទីក្រុងព្រុចសែលនឹងចាត់វិធានការសងសឹកដើម្បីស្ដារតុល្យភាពអំណាចពិតប្រាកដប្រសិនបើចាំបាច់។

ដូចគ្នានេះដែរ លោក Katherina Reiche រដ្ឋមន្ត្រីសេដ្ឋកិច្ច និងថាមពលរបស់ប្រទេសអាល្លឺម៉ង់បាននិយាយថា “ជម្លោះពន្ធគយមិនដឹងពីអ្នកឈ្នះទេ” ដោយកត់សម្គាល់ថា “ពន្ធគយធ្វើឱ្យប៉ះពាល់ដល់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបក្នុងវិធានការស្មើគ្នា” ៕