Close

ពន្ធដារប្រកាសប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ ២០២៥

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 8:18 am ព័ត៌មានជាតិ
ពន្ធដារប្រកាសប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ ២០២៥ ពន្ធដារប្រកាសប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ ២០២៥

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៥ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ តទៅ។ នេះ បើតាមសេចក្តីជូនដំណឹងនៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ ។

បើតាមអគ្គនាយកដ្ឋានពន្ធដារ យានយន្តទាំងអស់ដែលធ្លាប់ចុះបញ្ជី ក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយរបស់អគ្គនាយកដ្ឋានពន្ធដារកន្លងមក ទាំងមានបណ្ណសម្គាល់ការបង់ពន្ធ (កាត) និងពុំមានបណ្ណសម្គាល់ការបង់ពន្ធ ត្រូវបានអនុញ្ញាតឱ្យម្ចាស់យានយន្តបង់ពន្ធនេះ ដោយពុំតម្រូវឱ្យបំពេញលិខិតប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននោះទេ ដោយគ្រាន់តែបង្ហាញ ឬភ្ជាប់មកនូវឯកសារដែលអាចបញ្ជាក់អត្តសញ្ញាណយានយន្តណាមួយ ដូចជា៖ បណ្ណសម្គាល់យានយន្ត ឬបង្កាន់ដៃទទួល ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឬលតាបត្របង់ពន្ធឆ្នាំចាស់ សម្រាប់ឱ្យមន្ត្រីពន្ធដារ ឬបុគ្គលិកធនាគារពាណិជ្ជដៃគូ ធ្វើការផ្ទៀងផ្ទាត់ទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយរបស់អគ្គនាយកដ្ឋានពន្ធដារ។

ចំពោះយានយន្តថ្មីដែលត្រូវ ចុះបញ្ជីលើកដំបូង ម្ចាស់យានយន្តត្រូវដាក់លិខិតប្រកាសបង់ពន្ធចំនួន ០២សន្លឹក តាមទម្រង់ VT 001 របស់ អគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជាមួយនូវឯកសាររួមមាន៖ បណ្ណសម្គាល់យានយន្ត អត្តសញ្ញាណបណ្ណផ្ទាល់ របស់កម្មសិទ្ធិករ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្តចំពោះរថយន្តដឹកទំនិញនិងរថយន្តដឹកអ្នក ដំណើរ។

ពន្ធដារប្រកាសប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៥

ចំពោះយានយន្តប្រើប្រាស់ថាមពលអគ្គិសនី ប្រភេទទេសចរណ៍ចាប់ពីឆ្នាំ២០២៥តទៅ ត្រូវបង់ពន្ធលើមធ្យោបាយ ដឹកជញ្ជូនតាមកម្លាំងសេះ (HP) ដូចមានក្នុងតារាងអត្រាពន្ធ ត្រង់ចំណុចទី៦ នៃប្រការ៤ នៃប្រកាសលេខ ៧៣៨ សហវ.ប្រក. អពដ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។

ម្ចាស់យានយន្តអាចធ្វើការបង់ពន្ធ នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារ កាណាឌីយ៉ា ក.អ ឬនៅធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅធនាគារវឌ្ឍនៈ ឬនៅធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី ឬនៅធនាគារជេ ត្រាស់ រ៉ូយ៉ាល់ ឬនៅធនាគារស្ថាបនា ភីអិលស៊ី ឬនៅធនាគារប្រៃសណីយ៍កម្ពុជា ក.អ ឬនៅ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ឬនៅធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ឬនៅធនាគារវឹង (ខេមបូឌា) ម.ក ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី ឬនៅធនាគារ ជីប ជីប ម៉ុង ខមមើសល ប៊ែង ម.ក និងធនាគារ ខេប៊ី ប្រាសាក់ ម.ក ឬនៅ តាមធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬអាចបង់តាមរយៈកម្មវិធី GDT Taxpayer App ដែលអាចទាញយកចេញពី App Store ចំពោះ IOS ឬ Play Store ចំពោះ Android សម្រាប់ យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនកន្លងមក៕