មុននេះបន្តិច! វិសាខា យកឈ្នះ MBSA Pelican របស់ម៉ាឡេស៊ី ៣-០ សិត ពានរង្វាន់ WSVI នៅតៃវ៉ាន់
ក្លិបបាល់ទះវិសាខា តំណាងកម្ពុជា បានចាប់ផ្ដើមយុទ្ធនាការការពារតំណែងជើងឯករបស់ខ្លួន នៅក្នុងពានរង្វាន់ The Win Streak Volleyball Invitational នៅតៃវ៉ាន់ ដោយបានយកឈ្នះ ក្រុមបាល់ទះ MBSA Pelican របស់ម៉ាឡេស៊ី ក្នុងជំនួបបើកឆាក ដោយលទ្ធផល ៣សិតទល់នឹង០។
ក្នុងជ័យជំនះនេះ កីឡាកររបស់វិសាខា មួយរូប គឺ 𝗙𝗿𝗮𝗻𝗰𝗼𝗶𝘀 𝗥𝗲𝗯𝗲𝘆𝗿𝗼𝗹 កម្ពស់ ២,០២ ម៉ែត្រ មានវ័យ ២៥ឆ្នាំ ហាក់ធ្វើបានល្អមែនទែន ដែលមានសមត្ថភាពលោតផ្ដាច់ បានកម្ពស់ ៣,៥៧ ម៉ែត្រ និងលោតធ្វើរនាំងបាន ៣,៣៤ ម៉ែត្រ។ បើទោះបីជាមិនទាន់ឈានដល់កម្រិតជាកីឡាករជម្រើសជាតិបារាំង តែបច្ចេកទេសផ្ដាច់ល្អអស់ស្ទះ ការវាយមិនធ្ងន់ទេ តែពោរពេញដោយបច្ចេកទេសទះ ពូកកែរកចន្លោះផ្ដាច់ ឬអាចនិយាយបានថា ទះ១០ ស៊ី ៨បាល់ទៅហើយ។ បច្ចុប្បន្ន 𝗥𝗲𝗯𝗲𝘆𝗿𝗼𝗹 កំពុងប្រកបអាជីពនៅក្លិបបាល់ទះ Nice VB នៃលីគបាល់ទះអាជីពរបស់បារាំង។
នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ស្អែកនេះ ក្លិបបាល់ទះវិសាខា ត្រូវប្រកួតជាមួយ ក្រុមបាល់ទះ Taichung Bank របស់តៃវ៉ាន់ វេលាម៉ោង ១២:០០ថ្ងៃត្រង់ ក្នុងជំនួបទី២ របស់ខ្លួន ហើយមួយថ្ងៃក្រោយមកទៀត ត្រូវប៉ះជាមួយក្រុមបាល់ទះ Hyundai Capital Skywalkers របស់កូរ៉េខាងត្បូង វេលាម៉ោង ៥:០០រសៀល។
គួរឲ្យដឹងថា ពានរង្វាន់ខាងលើនេះ ត្រូវបានបែងចែកជា ២ពូល គឺពូល A និងពូល B ដោយពូល A មានក្លិបបាល់ទះវិសាខា របស់កម្ពុជា, Hyundai Capital Skywalkers កូរ៉េខាងត្បូង, MBSA Pelican ម៉ាឡេស៊ី និងក្រុម Taichung Bank តៃវ៉ាន់ ខណៈពូល B មានម្ចាស់ផ្ទះ Win+Streak របស់តៃវ៉ាន់ , Jakarta Garuda ឥណ្ឌូណេស៊ី , Nakhon Ratchasima ថៃ និង Armed Forces កូរ៉េខាងត្បូង។ បន្ទាប់ពីវគ្គចែកពូល ក្រុមលេខ១ និងលេខ២ តាមពូលនីមួយៗ នឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
គួរបញ្ជាក់ថា ក្លិបបាល់ទះវិសាខា បានក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់ Win+ Streak Volleyball Invitational Tournament 2024 ក្រោយយកឈ្នះម្ចាស់ផ្ទះ Win Streak របស់តៃវ៉ាន់ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣ សិតទល់នឹង ១៕