វិសាខា ប៉ះ MBSA Pelican ក្នុងជំនួបបើកឆាក ពានរង្វាន់បាល់ទះ WSVI នៅតៃវ៉ាន់
ក្លិបបាល់ទះវិសាខា តំណាងកម្ពុជា នឹងចាប់ផ្ដើមយុទ្ធនាការការពារតំណែងជើងឯក នៅក្នុងពានរង្វាន់ The Win Streak Volleyball Invitational នៅតៃវ៉ាន់ នៅថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥។
សម្រាប់ការប្រកួតខាងលើនេះ ត្រូវបានបែងចែកជា ២ពូល គឺពូល A និងពូល B ដោយពូល A មានក្លិបបាល់ទះវិសាខា របស់កម្ពុជា, Hyundai Capital Skywalkers កូរ៉េខាងត្បូង, MBSA Pelican ម៉ាឡេស៊ី និងក្រុម Taichung Bank តៃវ៉ាន់ ខណៈពូល B មានម្ចាស់ផ្ទះ Win+Streak របស់តៃវ៉ាន់ , Jakarta Garuda ឥណ្ឌូណេស៊ី , Nakhon Ratchasima ថៃ និង Armed Forces កូរ៉េខាងត្បូង។ បន្ទាប់ពីវគ្គចែកពូល ក្រុមលេខ១ និងលេខ២ តាមពូលនីមួយៗ នឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១១:០០ព្រឹក ក្លិបបាល់ទះវិសាខា ត្រូវប៉ះ MBSA Pelican ម៉ាឡេស៊ី ក្នុងជំនួបបើកឆាក។ នៅថ្ងៃទី១ ខែឧសភា ក្លិបបាល់ទះវិសាខា ត្រូវប៉ះ Taichung Bank តៃវ៉ាន់ វេលាម៉ោង ១២:០០ថ្ងៃត្រង់ និងនៅថ្ងៃទី២ ខែឧសភា ក្លិបបាល់ទះវិសាខា ប៉ះ Hyundai Capital Skywalkers កូរ៉េខាងត្បូង វេលាម៉ោង ៥:០០រសៀល។
គួរបញ្ជាក់ថា ក្លិបបាល់ទះវិសាខា បានក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់ Win+ Streak Volleyball Invitational Tournament 2024 ក្រោយយកឈ្នះម្ចាស់ផ្ទះ Win Streak របស់តៃវ៉ាន់ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣ សិតទល់នឹង ១៕