កយកា និង ក្រសួងកសិកម្មចុះកិច្ចព្រមព្រៀង $១២ លានដុល្លារ ដើម្បីពង្រឹងសមត្តិភាពមន្រ្តីកសិកម្មឃុំ
ភ្នំពេញ៖ ទីភ្នាក់ងារកយកា និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាកាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ ដើម្បីបង្កើនការដាំដុះដែលធន់នឹងអាកាសធាតុ តាមរយៈការពង្រឹងសមត្តិភាពមន្ត្រីកសិកម្មឃុំ។
ពិធីហត្ថលេខានេះ ចូលរួមដោយលោកស្រី Choi Moonjung នាយិកានៃការិយាល័យ កយកាប្រចាំកម្ពុជា និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
“គម្រោងកសាងទំនាក់ទំនងចម្រុះរវាងការស្រាវជ្រាវ អប់រំ និងផ្សព្វផ្សាយកសិកម្មដែលបន្សុាំទៅនឹងបម្រែបម្រួលអាកាសធាតុនៅប្រទេសកម្ពុជា” នឹងបង្កើតទំនាក់ទំនងបន្ថែមរវាងផ្នែកពាក់ព័ន្ធនានាដូចជា-ការអប់រំ-ស្រាវជ្រាវ និងផ្សព្វផ្សាយ ដែលគម្រោងនេះនឹងត្រូវអនុវត្តន៏នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
ជាមួយនឹងថវិកាប្រមាណ ១២ លានដុល្លារដែលជាជំនួយឥតសំណង គម្រោងនេះនឹងត្រូវបានអនុវត្តន៏ពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០៣០ ដើម្បីផ្តល់ឱ្យ មន្ត្រីផ្សព្វផ្សាយឃុំ នូវឧបករណ៍ និងការបណ្តុះបណ្តាលដែលពួកគេត្រូវការ ដើម្បីជួយឲ្យកសិករអាចសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ជីវភាពរបស់កសិករផងដែរ។
មន្ត្រីផ្សព្វផ្សាយឃុំដែលខិតខំប្រឹងប្រែងទាំងអស់មានតួនាទីយ៉ាងសំខាន់ក្នុងការនាំយកចំណេះដឹង និងបច្ចេកទេសអនុវត្តកសិកម្មសំខាន់ៗដល់កសិករទូទាំងប្រទេស។ ការវិនិយោគចំពោះមន្ត្រីផ្សព្វផ្សាយឃុំនេះ គឺជាការវិនិយោគលើវិស័យកសិកម្មកម្ពុជាដើម្បីពេលអនាគត៕