អូស្ត្រាលី នឹងបញ្ជាទិញនាវាមុជទឹក ដើរ ដោយថាមពលនុយក្លេអ៊ែរ ៣គ្រឿងក្រោមកតិកាសញ្ញា AUKUS
បរទេស៖ សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលីថ្មីៗនេះបានសម្រេចប្រកាសរួមគ្នាអំពីព័ត៌មានលំអិតនៃនិតិវិធីដែលរដ្ឋាភិបាលក្រុងស៊ីដនីនឹងធ្វើការបញ្ជាទិញនាវាមុជដើរដោយថាមពលនុយក្លេអ៊ែរចំនួន៣គ្រឿងពីសហរដ្ឋអាមេរិកក្រោមកតិកាសញ្ញា AUKUS។
កតិកាសញ្ញាអន្តរជាតិដែលត្រូវបានគេស្គាល់ថាជាកិច្ចព្រមព្រៀងដែលបង្កើតឡើងក្នុងគោលបំណងក្នុងការថែរក្សាការពារ និងអភិរក្សគោលការណ៍សេរី បើកទូលាយ (Free and Open) សម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ប៉ុន្តែអ្នកជំនាញបានមើលឃើញថាវាគឺជាកិច្ចព្រមព្រៀងដែលបង្កើតឡើងដើម្បីប្រឈមមុខទៅនឹងឥទ្ធិពលរបស់ប្រទេសចិន។
អូស្ត្រាលីក៏មានសិទ្ធិក្នុងការបញ្ជាទិញនាវាមុជទឹកប្រភេទនេះចំនួន២គ្រឿងបន្ថែមទៀតផងដែរបន្ទាប់ពីការបញ្ជាទិញលើកដំបូងត្រូវបានធ្វើរួចរាល់នៅដើមទសវត្សរ៍ឆ្នាំ២០៣០។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ជារួមមួយរវាងប្រធានាធិបតីអាមេរិក Joe Biden នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះពីទីក្រុងកាលីហ្វ័រញ៉ា។
ទោះបីជាយ៉ាងណាក្តី អ្នកជំនាញខាងវិភាគដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំង លោក Andy Mok បានថ្លែងប្រាប់ក្រុមអ្នកកាសែតរបស់ Al Jazeera ថា កិច្ចព្រមព្រៀងនេះគឺនឹងអាចធ្វើឲ្យមានអស្ថិរភាព ហើយក៏ជាភស្តុតាងបន្ថែមទៀតដែលបង្ហាញថាអាមេរិកកំពុងស្ថិតនៅក្នុងភាពថប់អារម្មណ៍ និងព្រួយបារម្ភខ្លាំងចំពោះការកើនឡើងនៃអំណាចឥទ្ធិពលរបស់ក្រុងប៉េកាំងនៅក្នុងតំបន់៕