សម្តេច ហ៊ុន ម៉ាណែត មិនបានហាមមិនឱ្យនាំចូលឡានជជុះចូលកម្ពុជានោះទេ
ពោធិ៍សាត់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា កម្ពុជា គ្មានការចាំបាច់ដាក់គោលការណ៍ ហាមមិនឱ្យនាំចូលរថយន្ដជជុះ (រថយន្ដមួយទឹក) ដើម្បីបង្ខំប្រជាពលរដ្ឋឱ្យទិញរថយន្ដថ្មីនោះទេ។
ការលើកឡើង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ស្ថិតនៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ខ្ញុំ មិនចាំបាច់ដាក់គោលការណ៍ហាមមិនឱ្យនាំចូលឡានជជុះចូលនោះទេ ដើម្បីបង្ខំមនុស្សឱ្យទិញឡានថ្មីនោះទេ គឺយើងបើកជម្រើសឱ្យប្រជាពលរដ្ឋ ចឹងដើម្បីឱ្យគាត់មានលទ្ធភាពទិញឡានថ្មីប្រើកាត់បន្ថយបរិស្ថាន គឺត្រូវបង្កើតជម្រើសតាមទីផ្សារសេរីឱ្យគាត់ ត្រូវបង្កើតជម្រើសឡានថ្មី មានតម្លៃសមរម្យ គុណភាពល្អ ឱ្យប្រជាពលរដ្ឋយើងទិញ»។
សម្តេចបវរធិបតី បន្ដថា ដូច្នេះការដោះស្រាយតាមការលើកទឹកចិត្ត ឱ្យបង្កើតក្រុមហ៊ុន ផលិតរថយន្ដ ផ្គុំរថយន្ដនៅកម្ពុជា គឺជាគោលការណ៍ដែលជួយដោះស្រាយប្រជាពលរដ្ឋទិញរថយន្ដថ្មី ដោយមិនចាំបាច់ដាក់លក្ខ័មិនឱ្យនាំរថយន្ដចាស់ៗចូលកម្ពុជា។ សម្ដេច ថា ប្រទេសខ្លះ នៅអាស៊ាន បានហាមមិនឱ្យចូលរថយន្ដមួយទឹក ចូលប្រទេសខ្លួន។
សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងទៀតថា ចំពោះកម្ពុជាវិញ ក្នុងការនាំចូលរថយន្ដមួយទឹក មកកម្ពុជា ត្រូវឆែកលក្ខណៈបច្ចេកទេសរថយន្ដនោះ ឱ្យបានត្រឹមត្រូវ៕