Close

អគ្គលេខា CDC ទទូចឱ្យក្រុមហ៊ុន Sinomach​​ សម្រេចចិត្តវិនិយោគលើស្វាយចន្ទីខ្មែរ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានជាតិ
អគ្គលេខា CDC ទទូចឱ្យក្រុមហ៊ុន Sinomach​​ សម្រេចចិត្តវិនិយោគលើស្វាយចន្ទីខ្មែរ អគ្គលេខា CDC ទទូចឱ្យក្រុមហ៊ុន Sinomach​​ សម្រេចចិត្តវិនិយោគលើស្វាយចន្ទីខ្មែរ

ភ្នំពេញ៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានស្នើយ៉ាងទទូចឱ្យគណៈប្រតិភូនៃក្រុមហ៊ុន Sinomach Hainan Development Co., Ltd. រួសរាន់ក្នុងការសម្រេចចិត្តបោះទុនវិនិយោគក្នុងវិស័យឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា។

នៅទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមហ៊ុន Sinomach Hainan Development Co., Ltd.នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៥ លោក ជា វុទ្ធី បញ្ជាក់ថា ការស្នើយ៉ាងទទូចដល់ក្រុមហ៊ុនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទាញយកផលពីស្វាយចន្ទីឱ្យអស់ពីសមត្ថភាពសំដៅបង្កើតតម្លៃបន្ថែមក្នុងស្រុកឱ្យកាន់តែច្រើន ពិសេស ការទទួលបានផលចំណេញទាំងអស់គ្នាពីវិស័យដែលកំពុងមានសក្តានុពលនេះ។

អគ្គលេខា CDC ទទូចឱ្យក្រុមហ៊ុន Sinomachសម្រេចចិត្តវិនិយោគលើស្វាយចន្ទីខ្មែរ

លោកបានបន្តទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ ដោយបានគ្រោងបង្កើតតំបន់កសិឧស្សាហកម្មស្វាយចន្ទី។

លោកបន្ថែមថា តំបន់កសិឧស្សាហកម្មស្វាយចន្ទី នឹងទទួលបានការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធដូចដែលមានចែងក្នុងច្បាប់វិនិយោគ ក៏ដូចជាការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេសផ្សេងទៀត។

បន្ថែមលើនេះ លោកក៏បានធ្វើការអត្ថាធិប្បាយពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីដែលរាប់ចាប់តាំងពីការដាំដុះ ការថែទាំ ការប្រមូលផល ការរៀបចំឃ្លាំងស្តុក ការរៀបចំសម្ងួត រហូតដល់ការកែច្នៃជាផលិតផលសម្រេច ហើយដែលកម្ពុជាបច្ចុប្បន្នកំពុងត្រូវការក្រុមហ៊ុនវិនិយោគកែច្នៃដោយប្រើបច្ចេកវិទ្យាទំនើប។

អគ្គលេខា CDC ទទូចឱ្យក្រុមហ៊ុន Sinomachសម្រេចចិត្តវិនិយោគលើស្វាយចន្ទីខ្មែរ

ជាការឆ្លើយតប តំណាងគណៈប្រតិភូបានថ្លែងអំណរគុណដល់លោក អគ្គលេខាធិការ ដែលបានទទួលជួបពិភាក្សាការងារ ដោយបានផ្តល់នូវព័ត៌មានលម្អិតនៃវិស័យឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា ដែលក្រុមហ៊ុនកំពុងមានចំណាប់អារម្មណ៍បណ្តាក់ទុនវិនិយោគ។ តបតាមសំណើរបស់លោកអគ្គលេខាធិការខាងលើ ក្រុមហ៊ុនបានបង្ហាញនូវសុទិដ្ឋិនិយមក្នុងការគិតគូរបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងវិស័យឧស្សាហកម្មស្វាយចន្ទីនេះ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Sinomach Hainan Development Co., Ltd. គឺជាក្រុមហ៊ុនរដ្ឋចិនដ៏ធំមួយ ដែលមានមុខសញ្ញាអាជីវកម្មក្នុងវិស័យជាច្រើនរួមមាន កសិកម្ម ការនាំចេញ/ចូលផលិតផលកសិកម្ម នេសាទ វិស្វកម្ម ថាមពល និងប្រព័ន្ធឌីជីថល៕

អគ្គលេខា CDC ទទូចឱ្យក្រុមហ៊ុន Sinomachសម្រេចចិត្តវិនិយោគលើស្វាយចន្ទីខ្មែរ