ខេត្តកំពង់ចាមនឹងរៀបចំព្រឹត្តិការណ៍បង្ហាញលៀសហាល ប្រវែង ១.០០០ម៉ែត្រ ចំនួន ៣តោន
កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមសម្រេចបង្កើតព្រឹត្តិការណ៍ ដាក់បង្ហាញលៀសហាលកំពង់ចាម ប្រវែង ១.០០០ម៉ែត្រ លៀសចំនួន ៣តោន នៅខាងមុខសាលាខេត្ត រហូតដល់វេទិកាអុំទូកមាត់ទន្លេ ក្រុងកំពង់ចាម។
ព្រឹត្តិការណ៍នេះនឹងអនុញ្ញាតឱ្យ អ្នកចូលរួម បរិភោគដោយសេរី នៅថ្ងៃទី១៥ ខែមេសា ដែលជាថ្ងៃទី២ នៃសង្ក្រាន្តកំពង់ចាម ចាប់ផ្តើមពីម៉ោង ១៤:៣០នាទីរសៀល តទៅ។
បើតាមរដ្ឋបាលខេត្តកំពង់ចាម អត្ថន័យលេខ ១,០០០ (លៀសហាល ១.០០០ម៉ែត្រ) នេះដូចខាងក្រោម៖
អត្ថន័យ នៅក្នុងអក្សរសាស្រ្ត៖ ១. លេខ ១,០០០ ជាភាសាបាលី និងសំស្រ្កឹត មានន័យថា ‘’សហស្ស’’។
២. សហស្សគុណ = មានគុណភាពច្រើន។ ឧទាហរណ៍: ថ្នាំសហស្សគុណ= ថ្នាំតែមួយមុខ តែអាចព្យាបាលរោគ បានច្រើនមុខ។ ៣. សហស្សនេត្រ (ព្រះឥន្រ្ទ) មានព្រះនេត្រ អាចមើលឃើញទីកំបាំងយ៉ាងច្រើនបានភ្លាមៗ។
អត្ថន័យ នៅក្នុងវប្បធម៌ ប្រពៃណី និងជីវភាពប្រចាំថ្ងៃ ៖១. គាថាពាន់ (គាថាបាលីសុទ្ធ ចំនួន ១,០០០គាថា) មាននៅក្នុងរឿងព្រះវេស្សន្តរ៍ មានចំនួន ១៣កណ្ឌ។២. លៀសហាល ជាអាហារ មួយប្រភេទ ដែលគេយកលៀសស្រស់ មកផ្សំជាមួយគ្រឿងផ្សំ ហើយយកទៅហាលពន្លឺថ្ងៃ ដើម្បីឲ្យឆ្អិន អាចបរិភោគបាន (សហស្សរង្សី ពន្លឺព្រះអាទិត្យ ឬពន្លឺថ្ងៃ) ពាក្យថា សហស្សរង្សី ក៏ជាប់ជាមួយនឹងលេខ ១,០០០ ដែរ។
អត្ថន័យ នៅក្នុងការដឹកនាំ ៖ ១. មានការចូលរួមយ៉ាងច្រើនលើសលប់។ ២. សាមគ្គីភាព និងឯកភាពគ្នា។ ការដាក់បង្ហាញលៀសហាល ទំរង់ជាចំណងខ្សែជាប់គ្នា ចេញពីចុងខ្សែ២ ចងភ្ជាប់ជាចំណងតែមួយ។ ដែលខ្សែទី១ ជាចំណងឯកភាព និងខ្សែទី២ ជាចំណងសាមគ្គីភាព នាំមកនូវភាពសម្បូរសប្បាយ រីកចម្រើន រុងរឿងរាប់ពាន់ឆ្នាំ។