Close

សហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់» ទទួលអំណោយជាផ្ទះសំណាញ់ ១០០ខ្នង

ដោយ៖ Chhan Sreyka ​​ | 13 ម៉ោងមុន ព័ត៌មានជាតិ
សហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់» ទទួលអំណោយជាផ្ទះសំណាញ់ ១០០ខ្នង សហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់» ទទួលអំណោយជាផ្ទះសំណាញ់ ១០០ខ្នង

តាកែវ៖ សហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់» បានចុះកិច្ចព្រមព្រៀងទទួលអំណោយជាផ្ទះសំណាញ់ ១០០ខ្នង ពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត-ខេត្តកែប-ខេត្តព្រះសីហនុ ។ នេះ បើតាមលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក បន្តថា ក្រៅពីការទួលផ្ទះសំណាញ់ ១០០ខ្នង និង បូករួមនឹងថវិកាបំពេញបន្ថែមជាជំនួយឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ចំនួនជាង១៦ម៉ឺនដុល្លារ ផ្លូវថ្នល់បេតុង-កៅស៊ូ ៥,៥គីឡូម៉ែត្រ និងប្រព័ន្ធស្រោចស្រពដោយមានបំពាក់ទុយោចែកចាយទឹកសម្រាប់ផ្ទៃដីដាំដុះចំនួន ១១៥០ហិកតា សរុបមានតម្លៃជាទឹកប្រាក់ប្រហែល ៤,២លានដុល្លារ!

លោកបន្ថែមថា នេះគឺជាការវិនិយោគសាធារណៈក្នុងទ្រង់ទ្រាយធំមួយពីសំណាក់រាជរដ្ឋាភិបាល ចាក់បញ្ចូលទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ដែលបានបង្ហាញពីការប្តេជ្ញាចិត្តឈរជើងរឹងមាំយូរអង្វែង នៅលើទីតាំងយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការ«ត្រី-វិស័យ» រវាងសហគមន៍កសិកម្មទំនើបនៃក្រសួងកសិកម្ម សហគមន៍កសិករប្រើប្រាស់ទឹកនៃក្រសួងធនធានទឹក និងគម្រោងភូមិគំរូនៃក្រសួងអភិវឌ្ឍន៍ជនបទ។

សហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់» ទទួលអំណោយជាផ្ទះសំណាញ់ ១០០ខ្នង

លោក ជឿជាក់ថា បងប្អូនកសិករជាច្រើនពាន់គ្រួសារនៅក្នុងតំបន់នេះនឹងទទួលបានផលប្រយោជន៍ដោយផ្ទាល់ផង ប្រយោលផង ពីការវិនិយោគដ៏មានអត្ថន័យមួយនេះ។

លោកសង្កត់ធ្ងន់ទៀតថា ការផ្តល់ជូនជាផ្ទះសំណាញ់«១០០ខ្នង» ពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត-ខេត្តកែប-ខេត្តព្រះសីហនុ ជូនដល់កសិករជាសមាជិកនិងសហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់» នឹងបន្ថែមភាពរឹងមាំមួយកម្រិតទៀតដល់ស្ថេរភាពនៃការផ្គត់ផ្គង់បន្លែពីក្នុងសហគមន៍ទៅកាន់ទីផ្សារក្នុងស្រុក និងបង្កើតសមត្ថភាពប្រកួតប្រជែងនៃផលិតកម្មបន្លែរបស់យើងជាមួយបន្លែនាំចូល។

បើតាម លោក ឃឹម ហ្វីណង់ ជំហាននៃការអភិវឌ្ឍលើកនេះនឹងក្លាយទៅជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការពង្រីកវិសាលភាពនៃប្រតិបត្តិការរបស់សហគមន៍កសិកម្មទំនើបនៅត្រាំកក់ និងពន្លឿនការធ្វើសមហរណកម្មនៃផលិតកម្មបន្លែដែលមានស្រាប់នៅក្នុងស្រុកត្រាំកក់ ដែលនឹងបម្រើផលប្រយោជន៍ដោយផ្ទាល់ផង ប្រយោលផង ដល់បងប្អូនកសិករជាច្រើនពាន់គ្រួសារនៅក្នុងតំបន់នេះ។

ជួសមុខឱ្យឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងសហគមន៍អ្នកដាំបន្លែនៅក្នុងឃុំត្រាំកក់ទាំងមូល លោក ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីនិងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តទាំង៣ សម្រាប់ការវិនិយោគលើការអភិវឌ្ឍខឿនសេដ្ឋកិច្ចសហគមន៍មូលដ្ឋានប្រកបដោយអត្ថន័យមួយនេះ៕


សហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់» ទទួលអំណោយជាផ្ទះសំណាញ់ ១០០ខ្នង