Van Dijk សង្ឃឹមថា ការឈ្នះ Premier League និងអាចឲ្យ Liverpool បំភ្លេចការបរាជ័យនៅ UCL និង League Cup

ប្រធានក្រុមហង្សក្រហម Liverpool កីឡាករ Virgil van Dijk បានប្រាប់ដល់មិត្តរួមក្រុមរបស់ខ្លួនក្រោកឈរឡើង បន្ទាប់ពីបរាជ័យពីរលើកជាប់ៗគ្នា នៅ Champions League និង League Cup វគ្គផ្តាច់ព្រ័ត្រ។
Van Dijk បាននិយាយថា ៖“យើងទាំងអស់គ្នាត្រូវតែដឹងថា Liverpool មិនទាន់រួចរាល់នៅឡើយទេ។ យើងត្រូវតែផ្តល់ឲ្យអស់ពីសមត្ថភាពសម្រាប់រដូវកាលដែលនៅសល់”។
នៅពេលសួរថា តើការឈ្នះ Premier League នឹងជួយក្រុមឱ្យបំភ្លេចការបរាជ័យថ្មីៗរបស់ពួកគេបានដែរឬទេ ខ្សែការពាររូបនេះ បានឆ្លើយថា ៖“បាទ ខ្ញុំសង្ឃឹមថា វាបែបនេះ ប៉ុន្តែយើងមិនអាចគិតបែបនោះទេ។ ឥឡូវនេះ យើងត្រូវតែផ្ដោតអារម្មណ៍ឡើងវិញ។ បាល់ទាត់គឺបែបនេះ។ ពីរសប្តាហ៍មុន អ្វីគ្រប់យ៉ាងគឺអស្ចារ្យណាស់ ប៉ុន្តែក្នុងរយៈពេល៥ថ្ងៃ យើងចាញ់ពីរដង វាពិតជាឈឺចាប់ណាស់” ។
ក្នុងជើងទីពីរ នៃការប្រកួត Champions League ជុំទី១៦ ក្រុម Liverpool បានចាញ់ ១-៤ ដោយការស៊ុតបាល់ប៉េណាល់ទី លើក្រុម PSG ។ ៥ថ្ងៃក្រោយមក ហង្សក្រហម បានខកខានឱកាសឈ្នះពានរង្វាន់មួយទៀត ដោយចាញ់ក្រុម Newcastle ១-២ នៅវគ្គផ្តាច់ព្រ័ត្រ League Cup ។
ពេលនេះ Liverpool នៅសល់ការប្រកួតប្រជែងតែមួយប៉ុណ្ណោះ ដើម្បីដណ្តើមពាននៅរដូវកាលនេះ។ ពួកគេកំពុងនាំមុខ ក្របខ័ណ្ឌ Premier League ដោយមាន ៧០ពិន្ទុ និងមាន ១២ពិន្ទុ នាំមុខក្រុមលេខ២ កាំភ្លើងធំ Arsenal។
ក្នុងការប្រកួត Premier League ៩លើកចុងក្រោយ Liverpool នឹងត្រូវប្រឈមមុខនឹងគូប្រជែងដ៏ស្វិតស្វាញមួយចំនួនដូចជា Everton, Chelsea, Tottenham, Brighton និងជាពិសេសការប្រឈមមុខដោយផ្ទាល់ជាមួយ Arsenal នៅកីឡដ្ឋាន Anfield ៕