ចៀសវាងទៅដល់ខ្វះឯកសារ ពលរដ្ឋគួរសួរអាជ្ញាធរ ឃុំ សង្កាត់ មុនទៅសុំសេវាច្រកចេញចូលតែមួយ
ភ្នំពេញ៖ បច្ចុប្បន្ន ប្រជាពលរដ្ឋ អ្នកស្នើសុំសេវាក្ដី ក្រុមអង្គការសង្គមស៊ីវិល និងបណ្ដាប្រទេសជាដៃគូរក្ដី បានសម្ដែងការពេញចិត្តចំពោះលទ្ធផលប្រកបដោយគុណភាព នៃការអនុវត្តយន្តការច្រកចេញចូលតែមួយចាប់ពីថ្នាក់រាជធានី ខេត្ត រហូតដល់ឃុំ សង្កាត់។ យ៉ាងណាក៏ដោយ មានប្រជាពលរដ្ឋមួយចំនួនបានជួបរឿងស្រដៀងៗគ្នា គឺការខ្វះព័ត៌មាន និងបានទៅស្នើសុំសេវាដោយមិនយកឯកសារច្បាប់តម្រូវគ្រប់គ្រាន់ ជាហេតុធ្វើឱ្យពួកគាត់ត្រូវទៅម្ដងជាពីរដង នាំឱ្យខាតបង់ពេលវេលា និងខ្លះមានអារម្មណ៍ធុញថប់។
ដើម្បីរួមចំណែកដោះស្រាយបញ្ហានេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ មុនពេលទៅស្នើសុំសេវាណាមួយនៅច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ឬរហូតដល់ថ្នាក់រាជធានី ខេត្តដែលនៅឆ្ងាយពីមូលដ្ឋានរបស់ខ្លួន គួរតែទៅជួបមន្រ្តីឃុំ សង្កាត់ មានជាអាទិ៍ ចៅសង្កាត់ ឬក៏ទៅជួបស្មៀន ឬទៅជួបប៉ុស្ដិ៍នគរបាលរដ្ឋបាល ដើម្បីសាកសួរព័ត៌មាន ថាតើឯកសារដែលខ្លួននឹងត្រូវទៅស្នើនៅច្រកចេញចូលតែមួយ ឧទាហរណ៍ច្រកចេញចូលតែមួយស្រុក ប្រភេទឯកសារនោះទាមទារឱ្យធ្វើដូចម្ដេចខ្លះជាមុន? ត្រូវមានឯកសារភ្ជាប់អ្វីខ្លះ? ត្រូវយកទៅចម្លង (Copy)នៅទីណាខ្លះ? ប៉ុន្មានសន្លឹក? ជាដើម។
បើតាមលោកបណ្ឌិត ទូច សុឃៈ ក្រៅពីនេះប្រជាពលរដ្ឋក៏អាចស្រាវជ្រាវស្វែងរកព័ត៌មានដែលមានផ្សាយនៅតាមបណ្ដាញសង្គម ប្រព័ន្ធអ៉ីនធឺណិត ឬសាកសួរទៅអ្នកចេះដឹងនៅក្នុងមូលដ្ឋានទាំងឡាយក្នុងនោះក៏មានទាំងមេភូមិ គ្រូបង្រៀន ឬអ្នកដែលធ្លាប់មានបទពិសោធន៍ទៅធ្វើឯកសារដូចខ្លួនដើម្បីឱ្យបានដឹងពីលក្ខខណ្ឌតម្រូវនាំយកឯកសារ ដើម្បីស្នើសុំសេវាណាមួយនៅច្រកចេញចូលតែមួយ ឬរកលេខទូរសព្ទសាកសួរខាងការិយាល័យប្រជាពលរដ្ឋជាដើម។
សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃដោយមានអគ្គនាយកដ្ឋានរដ្ឋបាលជាសេនាធិការ តែងតែយកចិត្តទុកដាក់ តម្រង់ទិសណែនាំ និងផ្តល់ការគាំទ្រគ្រប់មធ្យោបាយ ជាពិសេការបណ្ដុះបណ្ដាលធនធានមនុស្ស និងការការណែនាំលើការងារថ្មីៗ ដើម្បីធានានូវគុណភាព នៃការអនុវត្តនៅយន្តច្រកចេញចូលតែមួយរបស់មន្រ្តីដែលនៅប្រចាំការបម្រើសេវាជូនប្រជាពលរដ្ឋបានល្អ ស្របតាមគោលនយោបាយដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕