Close

បើកការដ្ឋានសាងសង់សួនច្បារ និងពង្រីកផ្លូវ នៅរមណីយដ្ឋានភ្នំសំពៅដេីម្បីទាក់ទាញភ្ញៀវទេសចរ

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 8:20 am ព័ត៌មានជាតិ
បើកការដ្ឋានសាងសង់សួនច្បារ និងពង្រីកផ្លូវ នៅរមណីយដ្ឋានភ្នំសំពៅដេីម្បីទាក់ទាញភ្ញៀវទេសចរ បើកការដ្ឋានសាងសង់សួនច្បារ និងពង្រីកផ្លូវ នៅរមណីយដ្ឋានភ្នំសំពៅដេីម្បីទាក់ទាញភ្ញៀវទេសចរ

បាត់ដំបង៖ លោកសុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់សួនច្បារ និងពង្រីកផ្លូវចូលរមណីយដ្ឋានភ្នំសំពៅដែលមានទីតាំងស្ថិតនៅក្នុងភូមិសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់។

ក្នុងឱកាសនោះ លោកសុខ លូ មានប្រសាសន៍ថា ដោយមានការចង្អុលបង្ហាញពីសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង រដ្ឋបាលខេត្តបានរៀបចំពិធីក្រុងពាលីដើម្បីធ្វើការសាងសង់ក្លោងទ្វារ រៀបចំសួនច្បារជើងភ្នំសំពៅ ផ្លូវថ្នល់ ដាំដើមឈើ ដើមផ្កា រៀបចំផ្លូវដើរក្នុងតំបន់តំបន់រមណីដ្ឋានភ្នំសំពៅ ដើម្បីកែលម្អតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តនេះឱ្យក្លាយជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាហើយចង់មកម្ដងទៀត។

លោកអភិបាលខេត្ត មានប្រសាសន៍បន្ថែមថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងអនាម័យបរិស្ថាននៅតំបន់រមណីយដ្ឋានភ្នំសំពៅឱ្យបានស្អាត ក៏ដើម្បីបង្កើនសេដ្ឋកិច្ចជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នេះផងដែរ ។

បើកការដ្ឋានសាងសង់សួនច្បារ និងពង្រីកផ្លូវ នៅរមណីយដ្ឋានភ្នំសំពៅដេីម្បីទាក់ទាញភ្ញៀវទេសចរ

ជាមួយគ្នានោះ​ លោក​សុខ លូ បានថ្លែងអំណរគុណដល់រដ្ឋបាលស្រុក ក៏ដូចជាអាជ្ញាធរភូមិ ឃុំ ភូមិ សមត្ថកិច្ចពាក់ព័ន្ធ ព្រះគ្រូចៅអធិការវត្តភ្នំសំពៅ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមសហការជាមួយរដ្ឋបាលស្រុក ដើម្បីជួយរៀបចំក្នុងតំបន់ជុំវិញភ្នំសំពៅ។

កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន បានផ្ដួចផ្ដើម និងដឹកនាំប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីប្រមូលបច្ច័យរៀបចំកសាងបង្ហើយព្រះពុទ្ធរូបអង្គធំ និងកសាងខឿនសួនច្បារជើងភ្នំសំពៅដែលស្ថិតនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនេះត្រូវបានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅភូមិគ្រឹះសម្ដេចក្រឡាហោម ស ខេង ស្ថិតនៅផ្លូវលេខ៥០១ កែងផ្លូវ៥២៤ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយមានការចូលរួមយ៉ាងច្រើនកុះករពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ក្រុង ស្រុក មន្ទីរអង្គភាព និងសប្បុរសជននានា។

បើកការដ្ឋានសាងសង់សួនច្បារ និងពង្រីកផ្លូវ នៅរមណីយដ្ឋានភ្នំសំពៅដេីម្បីទាក់ទាញភ្ញៀវទេសចរ

សូមបញ្ជាក់ថា ភ្នំសំពៅ ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយ ស្ថិតនៅតាមដងផ្លូវជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០) ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់។ ភ្នំនេះមានកំពស់ប្រមាណ ១០០ ម៉ែត្រ កាំជណ្តើរឡើងចំនួន ១០៣០ កាំ មានចំងាយ១២គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។ អ្វីដែលពិសេសនោះ គឺទស្សនីយភាពហ្វូងសត្វប្រចៀវរាប់លានក្បាលដែលហោះចេញពីល្អាង។ជារៀងរាល់ថ្ងៃនៅមុនពេលសូរិយារៀបអស្តង្គត នៅចន្លោះម៉ោង៥៖៣០នាទីដល់ម៉ោង៦៖៣០នាទីល្ងាចគឺជាពេលវេលាដ៍ជាក់លាក់ដែលហ្វូងសត្វប្រចៀវចាប់ផ្តើមហោះហើរបណ្តែតខ្លួនចេញពីរូងខ្មៅដាស់ពេញមេឃ និងតម្រង់ជួរគ្នាចេញពីរូងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់ទិសទី៕

បើកការដ្ឋានសាងសង់សួនច្បារ និងពង្រីកផ្លូវ នៅរមណីយដ្ឋានភ្នំសំពៅដេីម្បីទាក់ទាញភ្ញៀវទេសចរ

អត្ថបទទាក់ទង