Close

ក្រសួងឧស្សាហកម្មដាក់ឱ្យដំណើរការសេវាកម្មចុះបញ្ជីអនឡាញ

ដោយ៖ Chhan Sreyka ​​ | 8 ម៉ោងមុន ព័ត៌មានជាតិ
ក្រសួងឧស្សាហកម្មដាក់ឱ្យដំណើរការសេវាកម្មចុះបញ្ជីអនឡាញ ក្រសួងឧស្សាហកម្មដាក់ឱ្យដំណើរការសេវាកម្មចុះបញ្ជីអនឡាញ

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យដំណើរការជាផ្លូវការសេវាកម្មចុះបញ្ជីអនឡាញ សម្រាប់ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលជាវឌ្ឍនភាពដ៏សំខាន់នៃការធ្វើទំនើបកម្មប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជា។

ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនេះធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន វិស័យឯកជន អង្គការក្នុងស្រុក និងអន្តរជាតិ រួមទាំងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងអង្គភាពប្រកាសនីយបត្រតក្កកម្មប្រទេសជប៉ុន (JPO) ។

ប្រព័ន្ធថ្មីនេះសម្រួលដល់ដំណើរការចុះបញ្ជីសម្រាប់ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ឱ្យកាន់តែងាយស្រួល និងមានប្រសិទ្ធភាពជាងមុន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជា ឱ្យស្របតាមស្តង់ដារអន្តរជាតិ ព្រមទាំងការពារនវានុវត្តន៍របស់កម្ពុជា និងអន្តរជាតិនៅក្នុងទីផ្សារពិភពលោក។

ក្រសួងឧស្សាហកម្មដាក់ឱ្យដំណើរការសេវាកម្មចុះបញ្ជីអនឡាញ

លោក ហែម វណ្ណឌី បានលើកឡើងថា៖ “ការដាក់ឱ្យដំណើរការសេវាកម្មចុះបញ្ជីអនឡាញនេះគឺជាជំហានថ្មីមួយទៀត ក្នុងការធ្វើទំនើបកម្មប្រព័ន្ធកម្មសិទ្ធិឧស្សាហកម្ម។ ប្រព័ន្ធថ្មីនេះនឹងអនុញ្ញាតឱ្យអ្នកដាក់ពាក្យ ស្នើសុំសិទ្ធិកម្មសិទ្ធិបញ្ញាតាមអនឡាញកាន់តែលឿន និងមានភាពងាយស្រួលជាងមុន មិនថាយប់ មិនថាថ្ងៃ ពេលណា ឬកន្លែងណា និងអាចបង់សេវាតាមអនឡាញបានដោយមិនចាំបាច់ជួបមនុស្ស ដែលកាត់បន្ថយពេលវេលា និងការចំណាយសម្រាប់អ្នកធ្វើអាជីវកម្ម។”

លោករដ្ឋមន្ត្រីបន្តថា កម្មសិទ្ធិបញ្ញាដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការបង្កើតថ្មី ការច្នៃប្រឌិត ការធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍឧស្សាហកម្មថ្មីៗ ដើម្បីកំណើនសេដ្ឋកិច្ចរយៈពេលវែង។

លោក ហែម វណ្ណឌី បានបន្ថែមថា៖ “កម្មសិទ្ធិបញ្ញាមិនមែនគ្រាន់តែជាការការពារសិទ្ធិបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាគ្រឹះនៃប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ដែលបណ្តុះ និងពូនជ្រុំឱ្យមានការច្នៃប្រឌិត ការបង្កើតនូវដំណោះស្រាយចំពោះបញ្ហាប្រឈមរបស់មនុស្សជាតិ និងបង្កើតឱ្យមានកិច្ចសហការគ្នាស្វែងរកគំនិតថ្មីៗដែលអាចនាំទៅរកការច្នៃប្រឌិត និងនវានុវត្តន៍ដ៏អស្ចារ្យមួយ។”

ក្រសួងឧស្សាហកម្មដាក់ឱ្យដំណើរការសេវាកម្មចុះបញ្ជីអនឡាញ

ពិធីនេះក៏រួមបញ្ចូលសិក្ខាសាលាថ្នាក់ជាតិស្តីពីការកសាងសមត្ថភាពលើការប្រើប្រាស់សេវាអនឡាញ ដើម្បីបណ្តុះបណ្តាលភាគីពាក់ព័ន្ធ ដូចជាសហគ្រិន អ្នកជំនាញផ្នែកច្បាប់ និងមន្ត្រីសាធារណៈ អំពីរបៀបប្រើប្រាស់ប្រព័ន្ធអនឡាញថ្មីនេះ។

កាលពីខែមេសា ឆ្នាំ២០២៤ ក្រសួងបានប្រកាសដាក់ឱ្យប្រើប្រាស់ទិន្នន័យប្រកាសនីយប័ត្រតក្កកម្ម និងគំនូរឧស្សាហកម្ម លើគេហទំព័រនាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម ដើម្បីជាប្រយោជន៍ដល់សាធារណៈជន និងសហគមន៍អាស៊ាន។

ប្រព័ន្ធសេវាអនឡាញថ្មីនេះគឺជាជំហានថ្មីមួយឆ្ពោះទៅការធ្វើឌីជីថលូបនីយកម្មពេញលេញ ដើម្បីធ្វើឱ្យ កាន់តែងាយស្រួលសម្រាប់អាជីវកម្ម សហគ្រិន និងនវានុវត្តន៍ករ ក្នុងការការពារកម្មសិទ្ធិបញ្ញារបស់ខ្លួន ព្រមទាំងកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិឱ្យកាន់តែរីកចម្រើន៕

ក្រសួងឧស្សាហកម្មដាក់ឱ្យដំណើរការសេវាកម្មចុះបញ្ជីអនឡាញ