សម្តេចតេជោ ៖ គោលដៅធំ និងជាអាទិភាពដែលរាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវធ្វើគឺត្រូវពង្រឹងអំណាចស្រ្ដីក្នុងវិស័យសេដ្ឋកិច្ច
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា គោលដៅធំ និងជាអាទិភាពដែលរាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវធ្វើ គឺពង្រឹងអំណាចស្រ្ដីក្នុងវិស័យសេដ្ឋកិច្ចឱ្យបានកាន់តែធំធេងថែមទៀត តាមរយៈការពង្រឹងអំណាចដល់ស្រ្ដីនូវគ្រប់ការងារទាំងអស់ ជាពិសេសអំណាចគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដូច្នេះ នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣ នេះ អំឡុងពេលអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព។ ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១១២ ក្នុងឆ្នាំ២០២៣នេះ បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។
ការប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារីក្រោមប្រធានបទនេះ មានគោលបំណងបន្តរំលេចពីតម្លៃនៃការចូលរួមរបស់ស្ត្រី ដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ។
ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់នានា។ សម្រាប់នៅកម្ពុជាមិនថា តែសិទ្ធិនារី ឬបុរសនោះឡើយ គឺត្រូវបានបាត់បង់អស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត។សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងស្ត្រីផងបានកើតមានជាថ្មីក្រោយរបបដ៏យង់ឃ្នងរបស់ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ចាប់តាំងពីថ្ងៃរំដោះរហូតដល់ពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញចូលរួមនៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិ៨ មីនា លើកទី១១២ ឆ្នាំ២០២៣នេះ។ សម្ដេចតេជោបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងកិច្ចការនារីនាពេលកន្លងមកជាពិសេសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីដែលបានខិតខំប្រឹងប្រែងជំរុញការងារស្ត្រីឲ្យទទួលបាននូវភាពជោគជ័យនាពេលបន្តបន្ទាប់។ សម្ដេចតេជោបានមានប្រសាសន៍ថា អ្វីដែលយើងត្រូវធ្វើដើម្បីអំណាចស្ត្រីនោះ គឺត្រូវធ្វើយ៉ាងណាឱ្យស្ត្រីមានកម្រិតសេដ្ឋកិច្ចល្អប្រសើរ ព្រោះកត្តាសេដ្ឋកិច្ចនេះហើយ គឺជាការសម្រេចដ៏ធំរបស់ស្ត្រីនាពេលបច្ចុប្បន្ន។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កិច្ចការដែលត្រូវបន្តធ្វើនោះ គឺត្រូវពង្រឹង និងបង្កើតឱ្យមានអន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រីឱ្យបានកាន់តែច្រើន សម្រាប់ឲ្យពួកគាត់បានបន្តការសិក្សារៀនសូត្រ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់សប្បុរសជនអោយជួយគាំពារ ដើម្បីអាចបង្កើតអន្តេវាសិកដ្ឋានតាមកម្រិតមធ្យមសិក្សា និងថ្នាក់ឧត្តមសិក្សា ដើម្បីរក្សាគម្លាតនៃការសិក្សារវាងសិស្សស្រី និងសិស្សប្រុស ជាពិសេសតំបន់ជនបទដាច់ស្រយាល។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ៖«គោលដៅធំ និងជាអាទិភាពដែលរាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវធ្វើ គឺត្រូវការពង្រឹងអំណាចស្រ្ដីក្នុងវិស័យសេដ្ឋកិច្ចឱ្យបានកាន់តែធំធេងថែមទៀត តាមរយៈការពង្រឹងអំណាចដល់ស្រ្ដីនូវគ្រប់ការងារទាំងអស់ ជាពិសេសអំណាចគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារ»។
សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានសម្តែងការព្រួយបារម្ភចំពោះទម្ងន់ នៃអំពើហិង្សានានា ដែលមានស្ថានភាពធ្ងន់ធ្ងរ រហូតដល់បុរសជាប្តីបាញ់សម្លាប់ប្រពន្ធខ្លួនឯង កាលពីពេលថ្មីៗនេះ និងទម្រង់ហិង្សាផ្សេងៗទៀត ដូច្នេះសម្តេចតេជោសូមអំពាវនាវឲ្យមានការបញ្ឈប់នៅអំពើហិង្សាទាំងអស់នេះ និងចូលរួមលុបបំបាត់អំពើហិង្សាគ្រប់រូបភាពទាំងអស់ទៅលើស្ត្រី។
ជាមួយគ្នានោះ សម្តេចតេជោបានលើកឡើង ពីការហែកហួរគ្នា រវាង ប្តី ប្រពន្ធ លែងលះគ្នា ហើយមានការឌឺដងឲ្យគ្នា តាមបណ្តាញសង្គម Facebook ដែលនេះ សម្ដេចតេជោចាត់ទុកថា ជារឿងអាម៉ាសបំផុត មិនត្រឹមតែបុគ្គលទាំងសងខាងនោះទេ វាបានជះឥទ្ធិពលធ្ងន់ធ្ងរដល់កូនៗ និងក្រុមគ្រួសារទៀតផង។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏អំពាវនាវដល់ក្រុមគ្រួសារទាំងឡាយ បើសិនជាក្រុមគ្រួសាររស់នៅមិនចុះសម្រុងជាមួយគ្នា ត្រូវដោះស្រាយគ្នាដោយសន្ដិវិធី ដើម្បីរក្សាកិត្តិយសគ្រួសារ និងសីលធម៌នៅក្នុងសង្គម ជៀសវាងការហែកហួរជេរគ្នាតាមបណ្ដាញសង្គម ដែលធ្វើឲ្យអាប់ឱនទាំងគ្រួសារ និងសង្គមជាតិផងដែរ៕