សហរដ្ឋអាមេរិកផ្តល់ជំនួយយោធាដែលមានទឹកប្រាក់ ៥០០ លានដុល្លារទៅ អ៊ុយក្រែន
អាមេរិក៖ សហរដ្ឋអាមេរិកនៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៥ បានប្រកាសផ្តល់ជំនួយយោធា គិតជាទឹកប្រាក់ប្រមាណ ៥០០ លានដុល្លារអាមេរិកបន្ថែមទៀត ដែលជាផ្នែកមួយនៃការបន្តបង្កើនជំនួយផ្នែកសន្តិសុខ របស់រដ្ឋបាលលោកប្រធានាធិបតី Joe Biden ជិតផុតអាណត្តិដែលបានប្រកាសពីកាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៥ ថា សហរដ្ឋអាមេរិកកំពុងផ្តល់កញ្ចប់ដ៏សំខាន់មួយទៀតដែលមានតម្រូវការជា អាវុធ និងឧបករណ៍ជាបន្ទាន់ដល់ដៃគូរបស់ខ្លួន គឺប្រទេសអ៊ុយក្រែន ដើម្បីឱ្យប្រទេសនេះ យកទៅការពារប្រឆាំងនឹងសង្រ្គាមឈ្លានពានរបស់ប្រទេសរុស្ស៊ី។
ប្រភពដដែលបន្តថា ជំនួយបន្ថែមដែលត្រូវបានផ្តល់ជូននេះ ក្រោមការដកចេញពីក្រសួងការពារជាតិ ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ៥០០ លានដុល្លារអាមេរិក រួមបញ្ចូលៈ កាំជ្រួច AIM-7, RIM-7 និង AIM-9M សម្រាប់ការពារដែនអាកាស។
លើសពីនេះទៀត មានទាំងគ្រាប់បែកទម្លាក់ពីអាកាសទៅដី; ឧបករណ៍ជំនួយសម្រាប់យន្តហោះចម្បាំង F-16s; ប្រព័ន្ធការេពារថពាសដែក; ឧបករណ៍ទំនាក់ទំនងសុវត្ថិភាព; អាវុធធុនតូចនិងគ្រាប់រំសេវ; និងគ្រឿងបន្លាស់ ឧបករណ៍បន្ថែម សេវាកម្ម ការបណ្តុះបណ្តាល និងការដឹកជញ្ជូន។ សហរដ្ឋអាមេរិក និងប្រទេសជាង ៥០ រួបរួមគ្នាដើម្បីធានាថាអ៊ុយក្រែនមានសមត្ថភាពដែលខ្លួនត្រូវការក្នុងការការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសរុស្ស៊ី។
ការប្រកាសផ្តល់កញ្ចប់ជំនួយយោធាចុងក្រោយនេះ គឺកើតមានឡើងនៅពេលដែលសេតវិមានរៀបចំកិច្ចប្រជុំមួយទៀត ដើម្បីទណ្ឌកម្មបន្ថែមលើប្រទេសរុស្ស៊ីដែលរំពឹងទុកថា នឹងធ្វើរៀបចំធ្វើនៅចុងសប្តាហ៍នេះ។
មន្ត្រីអាមេរិកបានអះអាងថា សហរដ្ឋអាមេរិកកំពុងព្យាយាមផ្តល់ឱ្យអ៊ុយក្រែននូវអានុភាពដ៏អស្ចារ្យបំផុតដែលអាចធ្វើទៅបាន មុនពេលការចរចាដើម្បីបញ្ចប់សង្រ្គាមនៅឆ្នាំនេះ។ មានការរំពឹងទុកមួយថា សេតវិមានអាចដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ី មុនពេលប្រកាសចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump និងចំពេលដែលមានសម្ពាធលើប្រទេសអ៊ុយក្រែន។
ទោះជាយ៉ាងណា កាលពីថ្ងៃពុធ បេសកជនពិសេសរបស់ប្រធានាធិបតីជាប់ឆ្នោត លោកDonald Trump សម្រាប់អ៊ុយក្រែន និងរុស្ស៊ី លោក Keith Kellogg បានប្រាប់សារព័ត៌មាន Fox News ថាលោកសង្ឃឹមថានឹងមាន «ដំណោះស្រាយដែលអាចធ្វើបាន» រវាងភាគីទាំងពីរក្នុងរយៈពេល ១០០ ថ្ងៃនៃការឡើងកាន់តំណែងរបស់ លោកTrump ។
យ៉ាងនេះក្តីមន្ត្រីអាមេរិកនិយាយថា ទណ្ឌកម្មដែលអាមេរិកបានដាក់លើរុស្ស៊ីបានរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីចុះខ្សោយយ៉ាងខ្លាំង ជាមួយនឹងអតិផរណា និងអត្រាការប្រាក់ដែលកំពុងកើនឡើង និងការថយចុះសមត្ថភាពប្រកួតប្រជែងសេដ្ឋកិច្ចរបស់រុស្ស៊ីក្នុងរយៈពេលវែង។
ទណ្ឌកម្មចុងក្រោយបំផុតដែលត្រូវបានគេរំពឹងថានឹងត្រូវបានប្រកាសក្នុងគោលដៅមិនច្បាស់លាស់កំពុងត្រូវបានពិភាក្សា ប៉ុន្តែមិនមានការសម្របសម្រួល ជាមួយមន្ត្រីរបស់លោក Trumpនោះទេ។ ទោះបីជារដ្ឋបាលបន្ទាប់ របស់លោក Trump មិនពេញចិត្តក៏ដោយ ។
រដ្ឋបាលលោកប្រធានាធិបតី Joe Biden បានផ្តល់ជំនួយដល់ប្រទេសអ៊ុយក្រែនសរុបជាទឹកប្រាក់ជាង ៦៥ ពាន់លានដុល្លារ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅចុងខែកុម្ភៈ ឆ្នាំ ២០២២៕