លោក ឃឹម ហ្វីណង់ នាំដៃគូពាណិជ្ជកម្ម និងទីផ្សារពិនិត្យមើលខ្សែច្រវ៉ាក់ផលិតកម្មបន្លែនៃសហគមន៍
តាកែវ៖ លោក ឃឹម ហ្វីណង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាំដៃគូពាណិជ្ជកម្ម និងទីផ្សារ ដែលគ្រោងនឹងចុះកិច្ចសន្យាជាមួយសហគមន៍កសិកម្មទំនើបត្រាំកក់ពិនិត្យមើលខ្សែច្រវ៉ាក់ផលិតកម្មបន្លែនៃសហគមន៍។
នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៤ នេះ លោក ឃឹម ហ្វីណង បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោកថា ឆ្លៀតពេលនាំដៃគូពាណិជ្ជកម្មនិងទីផ្សារ ដែលគ្រោងនឹងចុះកិច្ចសន្យាជាមួយសហគមន៍កសិកម្មទំនើបរបស់យើងនៅត្រាំកក់ ពិនិត្យមើលខ្សែច្រវ៉ាក់ផលិតកម្មបន្លែនៃសហគមន៍។
លោកបន្តថា រហូតមកដល់ពេលនេះ សហគមន៍កសិកម្មមួយនេះបានដើរដល់ដំណាក់កាលរៀបចំផែនការពង្រីកវិសាលភាពរបស់ខ្លួន ទាំងខាងផ្នែកផលិតកម្ម និងទីផ្សារ ដែលនឹងត្រូវការការចូលរួមកាន់តែច្រើន ទាំងពីសំណាក់កសិករនិងដៃគូពាណិជ្ជកម្ម ដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំមួយ ដែលនឹងផ្តល់អត្ថប្រយោជន៍រឹតតែច្រើន និងកាន់តែធំទូលំទូលាយដល់បងប្អូនកសិករអ្នកដាំបន្លែនៅត្រាំកក់។
លោក សង្កត់ធ្ងន់ទៀតថា បើមិនមានអ្វីប្រែប្រួលទេ សហគមន៍នឹងបន្ថែមផ្ទះសំណាញ់ចំនួន ១០០ខ្នងទៀតនៅក្នុងអំឡុងពេល២-៣ខែខាងមុខទៀត ដើម្បីធានានិរន្តភាពនៃការផ្គត់ផ្គង់ទៅកាន់ទីផ្សារ និងស្ថេរភាពនៃប្រតិបត្តិរបស់សហគមន៍នៅក្នុងតម្លៃមួយដែលអាចប្រកួតប្រជែងនៅក្នុងទីផ្សារបាន៕