Close

មន្ត្រីជំនាញសាងសង់ប្រព័ន្ធស្រោចស្របបន្លែប្រើថាមពលព្រះអាទិត្យក្នុងស្រុកសូទ្រនិគម

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ ព័ត៌មានជាតិ
មន្ត្រីជំនាញសាងសង់ប្រព័ន្ធស្រោចស្របបន្លែប្រើថាមពលព្រះអាទិត្យក្នុងស្រុកសូទ្រនិគម មន្ត្រីជំនាញសាងសង់ប្រព័ន្ធស្រោចស្របបន្លែប្រើថាមពលព្រះអាទិត្យក្នុងស្រុកសូទ្រនិគម

សៀមរាប៖ ក្រុមការងារអន្តរក្រសួងមានក្រសួងកសិកម្ម និងក្រសួងសេដ្ឋកិច្ច មន្ត្រីជំនាញខេត្តសៀមរាប រួមនឹងអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ បានចុះពិនិត្យ និងវាយតម្លៃលើការសាងសង់ប្រព័ន្ធស្រោចស្របបន្លែប្រើថាមពលព្រះអាទិត្យ ដែលគាំទ្រដោយក្រសួងកសិកម្ម និងអនុវត្តដោយនាយកដ្ឋានវិស្វកម្មកសិកម្ម នៅក្នុងភូមិបែកកាំភ្លើង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប សម្រាប់សហគមន៍ផលិតកម្មបន្លែ ប្រាំបួននាងនួនចាន់ស ដែលមានកសិករទទួលផលចំនួន ១០៥គ្រួសារ។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា ដោយពិនិត្យឃើញថាភូមិបែកកាំភ្លើង និងសហគមន៍នេះ ជាអ្នកផលិតបន្លែដ៏សកម្មក្នុងស្រុកសូទ្រនិគម ទើបក្រសួងកសិកម្មលើកសំណើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអនុម័តកញ្ចប់ថវិកាកសាងប្រព័ន្ធនេះឡើង សម្រាប់លើកស្ទួយសង្វាក់ផលិត និងកាត់បន្ថយថ្លៃដើមរបស់កសិករ និងសហគមន៍ ដើម្បីឈានទៅប្រកួតប្រជែងក្នុងទីផ្សារ និងផ្គត់ផ្គង់ទៅដល់អ្នកប្រើប្រាស់បន្លែទាំងបរិមាណ និងគុណភាព និងប្រែក្លាយជាគោលដៅផលិតបន្លែដ៏សកម្មរបស់ស្រុកសូទ្រនិគម។

មន្ត្រីជំនាញសាងសង់ប្រព័ន្ធស្រោចស្របបន្លែប្រើថាមពលព្រះអាទិត្យក្នុងស្រុកសូទ្រនិគម

លោកប្រធានមន្ទីរបន្តថា នេះជាគម្រោងទី៣ ដើរដោយពន្លឺព្រះអាទិត្យ ខណៈដែលលើកមុនៗប្រើប្រព័ន្ធភ្លើង បានសំណូមពរដល់ប្រជាសហគមន៍ប្រើប្រាស់ដោយការសន្សំសំចៃ។ ហើយសម្ភារៈដែលបំពាក់ប្រព័ន្ធស្រោចស្រពនាពេលនេះមាន៖ ស្ថានីយបណ្ដែតទឹកសម្រាប់ដាក់ម៉ូទ័របូមក្នុងទឹក ១គ្រឿង ទុយោទៅយកប្រព័ន្ធទឹក កប់នៅក្នុងដីដល់ចម្ការកសិករចំនួន ១.៧០០ម៉ែត្រ ម៉ូទ័រប្រើប្រាស់ថាមពលសូឡាមួយគ្រឿងកម្លាំង ១០សេះ ចំនួន២គ្រឿង និងសូឡាប្រើពន្លឺព្រះអាទិត្យចំនួន ៣៦ផ្ទាំង ដែលក្នុងមួយផ្ទាំងមាន ៥៥០W(វ៉ាត់)។

ក្នុងនាមអាជ្ញាធរ និងកសិករក្នុងសហគមន៍ផលិតកម្មបន្លែ លោក គិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម បានសម្ដែងនូវក្ដីរីករាយ និងសាទរដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម និងក្រសួងសេដ្ឋ ដែលរៀបចំនូវប្រព័ន្ធប្រើប្រាស់ទឹកបូមពីស្រះយកទៅស្រោចស្រពដំណាំសម្រាប់ប្រជាកសិករប្រើប្រាស់ ជួយកាត់បន្ថយតម្លៃដើម និងសង្វាក់ផលិតកាន់តែមានគុណភាពនិងបរិមាណ។ លោកក៏បានសំណូមពរដល់ប្រជាកសិករឱ្យរួមគ្នាប្រើប្រាស់ដោយសន្សំសំចៃ និងថែទាំងឧបករណ៍សម្ភារៈឱ្យបានល្អ ដើម្បីប្រើប្រាស់បានយូរអង្វែង៕

មន្ត្រីជំនាញសាងសង់ប្រព័ន្ធស្រោចស្របបន្លែប្រើថាមពលព្រះអាទិត្យក្នុងស្រុកសូទ្រនិគម