«កូនដំរីព្រៃ ១ក្បាល មានឈ្មោះ សំណាង លំផាត់» ត្រូវបានបញ្ជូនដល់ភ្នំតាម៉ៅហើយ
មណ្ឌលគិរី៖ នៅទីបំផុតកូនដំរីតូចព្រាត់ពីមេបារបស់វាដោយសារតែអន្ទាក់ព្រានព្រៃ ហើយទើបទទួលបានឈ្មោះថ្មីថា « សំណាង លំផាត់» ត្រូវបានបញ្ជូនដល់ភ្នំតាម៉ៅហើយ កាលពីម៉ោង៥ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ។
លោក ញឹម វណ្ណៈ អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច លំផាត់ ដែលមានទីតាំងនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី និងជាអ្នកបានជួយសង្គ្រោះកូនដំរីព្រៃដ៏គួរឲ្យស្រឡាញ់ផ្ទាល់ផងនោះ បានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ថា ដើម្បីអាចថែរក្សាជីវិតកូនដំរីកំសត់តូចនេះឲ្យបានរស់នៅធំធាត់ មន្ត្រីជំនាញ ជាពិសេសថ្នាក់ដឹកនាំសម្រេចនាំយកកូនដំរីព្រៃដែលមានវ័យទើប៥ខែនេះ ទៅរស់នៅមជ្ឈមណ្ឌលថែរក្សាសត្វព្រៃភ្នំតាម៉ៅ ដែលមានក្រុមគ្រូពេទ្យជំនាញជួយព្យាបាលរបួសរបស់វា និងថែទាំតាមបច្ចេកទេសរស់នៅតាមធម្មជាតិរបស់សត្វដំរី។
សូមរំឮកថា មានកូនដំរីព្រៃដ៏អភ័ព្វមួយក្បាលដែលមានអាយុប្រមាណ៥ខែ ត្រូវបានជួយសង្គ្រោះដោយមន្ត្រីឧទ្យានុរក្សនៅឯស្រុកកោះញែក នាល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ក្រោយវាខំដើរទាំងជើងឈឺមានរបួសបណ្តាលមកពីអន្ទាក់ព្រានព្រៃ៕