«សហគមន៍កសិកម្មទំនើបស្រូវនាងអំ» នឹងមានផលិតជាអង្ករលក់រាយ
ភ្នំពេញ៖ «សហគមន៍កសិកម្មទំនើបស្រូវនាងអំ» នឹងមានផលិតជាអង្ករលក់រាយដោយផ្ទាល់ទៅកាន់អ្នកទិញយកទៅបរិភោគក្នុងពេលឆាប់ៗនេះ ខណៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននឹងកំពុងប្រញាប់ប្រញាល់បញ្ចប់សេចក្តីព្រាងនៃផែនការផ្នែកលក់និងទីផ្សារជូនសហគមន៍។
លោក ឃឹម ហ្វីណង់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ឆ្លើយតបទៅនឹង «សហគមន៍កសិកម្មទំនើបស្រូវនាងអំ» នឹងមានផលិតជាអង្ករលក់រាយ ក្រសួងកំពុងបញ្ចប់សេក្តីព្រាងដូចជាការរចនាឡូហ្គូ ការវិចខ្ចប់ និងការផលិតមាតិកាផ្សព្វផ្សាយលើបណ្តាញសង្គមជាដើម ដែលទទួលបានការគាំទ្រពីអង្គការ Swiss Contact។
លោកបន្តថា«ខុសពីពេលកសិករនៅធ្វើស្រែរៀងៗខ្លួន ដែលពួកគាត់ភាគច្រើនបានត្រឹមតែលក់ជាស្រូវសើមទៅតាមតម្លៃទីផ្សារនាពេលប្រមូលផលប៉ុណ្ណោះ អីឡូវនេះសហគមន៍អាចមានទុនបង្វិលគ្រប់គ្រាន់ដើម្បីកែច្នៃលក់ជាអង្ករ មានជម្រើសថ្លៃលក់ចេញ និងទទួលបានតម្លៃបន្ថែម ក៏ដូចជាផលចំណេញខាងផ្នែកសេដ្ឋកិច្ចកាន់តែច្រើនជាងមុន»។
លោកបន្ថែមថា«សម្រាប់ពួកម៉ែបងប្អូនចូលចិត្តប្រភេទស្រូវចម្ការ អង្កររឹងល្មម មានសុវត្ថិភាព និងផលិតដោយដៃផ្ទាល់នៃបងប្អូនកសិករសហគមន៍របស់យើង កុំភ្លេចចាំជួយគាំទ្រ និងសាកល្បងទិញយកទៅហូបផង! ខែក្រោយនេះមានលក់ហើយ!»។
«សហគមន៍ស្រូវនាងអំ»បានក្លាយទៅជាសហគមន៍កសិកម្មទំនើបដំបូងគេបង្អស់ ដែលត្រូវបានបង្កើតឡើង និងគាំទ្រដោយផ្ទាល់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បណ្តុំកសិករចំនួនជិត ១០០គ្រួសារ ជាមួយនឹងផ្ទៃដីផលិតកម្មជាង ៨០០ហិកតា នៅក្នុងស្រុកស្វាយលើ ខេត្តសៀមរាប ទទួលបានកម្ចីឥណទានការប្រាក់ទាប ១០០% ពីធនាគារវីង ដើម្បីធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ក្រោមការគ្រប់គ្រងដឹកនាំរួមរបស់សហគមន៍ និងមានការជួយជ្រោមជ្រែងខាងផ្នែកបច្ចេកទេសពីក្រសួងកសិកម្ម។
សហគមន៍មួយនេះក៏នឹងទទួលបានការជួយគាំទ្រនានាពីស្ថាប័ន និងគម្រោងដៃគូសំខាន់ៗមួយចំនួនទៀត ដូចជា សហគ្រិនខ្មែរ ក្រុមហ៊ុនForte Insurance និងគម្រោងPCRL។