លោក JEAN BOTIOBA ជួយឱ្យ ISI ទទួលបាន ៣ពិន្ទុ មុនអស់តំណែងនាមជាគ្រូបង្វឹក
ក្រុមបាល់ទាត់ ISI ដង្កោសែនជ័យ បានយកឈ្នះ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ក្នុងលទ្ធផល ៣ទល់នឹង០ ក្នុងការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី១៤ នៅកីឡដ្ឋាន AIA Stadium, KMH Park ។
បើការការប្រកាសរបស់ក្លិប ការប្រកួតម្សិលមិញនេះ ជាការដឹកនាំលើកចុងក្រោយរបស់លោក JEAN BOTIOBA ក្នុងនាមជាគ្រូបង្វឹករបស់ក្រុមបាល់ទាត់ ISI ដង្កោសែនជ័យ មុនផ្លាស់ប្តូរតួនាទី ប៉ុន្តែគេមិនទាន់ច្បាស់ទេថា លោកនឹងផ្លាស់ទៅកាន់តួនាទីអ្វី ហើយអ្នកណាជាគ្រូបង្វឹកបន្ទាប់របស់ក្លិបមួយនេះ។
គួរបញ្ជាក់ថា លោក JEAN BOTIOBA គឺជាគ្រូបង្វឹកទី២ នៅលីគកំពូលកម្ពុជា ដែលផ្លាស់ប្ដូរដំណែង ក៏ដូចជាការចែកផ្លូវ បន្ទាប់ពីលោក ប្រាក់ សុវណ្ណារ៉ា ចែកផ្លូវជាក្រុមបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ ក្រោយចាប់ផ្តើមរដូវកាលធ្វើមិនសូវបានល្អ។
ក្រោមការដឹកនាំរបស់លោក JEAN BOTIOBA បច្ចុប្បន្ន ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ កំពុងឈរលេខរៀងទី៨ ក្រោយឆ្លងកាត់ការប្រកួតចំនួន១៣ ឈ្នះ៤ ស្មើ២ និងចាញ់៧ មាន ១៤ពិន្ទុ៕