សហភាពអឺរ៉ុបកំពុងជួយជំរុញពន្លឿនកំណើនបៃតង និងការងារសមរម្យនៅក្នុងអាជីវកម្មកសិ-ពាណិជ្ជកម្មរបស់កម្ពុជា
លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា បញ្ហា កសិកម្មសព្វថ្ងៃត្រូវការការសហការរួមគ្នា និងដំណោះស្រាយច្នៃប្រឌិត ក្រុមអឺរ៉ុប កំពុងធ្វើការ ដើម្បីជួយជំរុញពន្លឿន កំណើនបៃតង និងការងារសមរម្យនៅក្នុងអាជីវកម្មកសិ-ពាណិជ្ជកម្មរបស់កម្ពុជា។
ការលើកឡើងរបស់ លោក Igor Driesmans បែបនេះ ក្នុងគ្រាដែល លោក រួមជាមួយឯកអគ្គរដ្ឋទូត អាល្លឺម៉ង់ និងសាធារណរដ្ឋឆេក រួមជាមួយលោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ២៧-២៨ខែវិច្ឆិកាធ្វើទស្សនកិច្ចដល់ទីតាំងចម្ការផ្ទាល់ខេត្តកំពង់ធំ និងខេត្តត្បូងឃ្មុំ ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមនានា នៅថ្នាក់មូលដ្ឋានដែលកសិករនិងក្រុមកែច្នៃកំពុងជួបប្រទះលើការផលិតដំណាំដែលមានតម្លៃខ្ពស់ ជាពិសេសគ្រាប់ស្វាយចន្ទីនិងម្រេច។
លោក Igor Driesmans ថ្លែងថា៖«តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាល កម្ពុជា យើងកំពុងកសាងភាពជាដៃគូដ៏រឹងមាំក្នុងការផ្តល់សិទ្ធិអំណាចដល់កសិករក្នុងស្រុក បង្កើនផលិតភាព និងការកែច្នៃ ក្នុងស្រុក ព្រមទាំងលើកកម្ពស់ការអនុវត្តប្រកបដោយចីរភាព។ យើងប្តេជ្ញាគាំទ្រដល់វិស័យកសិកម្មកម្ពុជា និងធានាថាវិស័ យនេះ អនុលោមតាមស្តង់ដារអន្តរជាតិកម្រិតខ្ពស់»។
ទាក់ទិននឹងបញ្ហានេះ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លោក Stefan Messerer បានបន្ថែមថា «គោលបំណងចម្បងរបស់ យើងគឺ គាំទ្រដល់រាជរដ្ឋាភិបា លកម្ពុជាក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងភាពធន់នឹងអាកាសធាតុនៃវិស័យកសិកម្ម។ តាមរយៈការជំរុញការអនុ វត្តប្រកបដោយចីរភាព និងការពង្រឹងខ្សែច្រវាក់តម្លៃ យើងប្តេជ្ញាបង្កើនប្រាក់ចំណូល ពង្រីកសមត្ថភាពកែច្នៃ និងកែលម្អលទ្ធ ភាពចូលទៅកាន់ទីផ្សារសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ ដោយផ្តោតសំខាន់លើការបន្ថែមតម្លៃក្នុងស្រុក»។
លោកបន្តថា កិច្ចសហប្រតិបត្តិការនេះកំពុងតែចូលរួមអនុវត្តដោយប្រទេសបារាំង អាល្លឺម៉ង់ សហភាពអឺរ៉ុប និង ក្រសួងកសិកម្ម រុក្ខ ប្រមាញ់ និងនេសាទ ក្នុងគោលបំណងអភិវឌ្ឍការស្រាវជ្រាវ និងលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងខ្សែច្រវាក់ តម្លៃកសិកម្មរបស់កម្ពុជា។
លោកសង្កត់ធ្ងន់ទៀតថា គំនិតផ្តួចផ្តើមនេះស្របតាមគោលនយោបាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ក្នុងការលើកកម្ពស់ផលិតកម្មប្រកបដោយចីរភាព និងពង្រឹងទំនាក់ទំនងអាជីវកម្មនៅក្នុងសហគមន៍កសិកម្ម (ACs) ក៏ដូចជាជាមួយអ្នកកែច្នៃ និងអ្នកនាំចេញ ដែលលើកកម្ពស់ផលិតភាព និងធានាសុវត្ថិភាពស្បៀងអាហារ ស្របតាម ស្ដង់ដារសង្គម និងបរិស្ថាន។
បើតាម ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ គំនិតផ្តួចផ្តើមរបស់ក្រុម អឺរ៉ុបស្តីពីកសិពាណិជ្ជកម្មបៃតង និងការងារសមរម្យ ដែលមានការគាំទ្រ ដោយប្រទេសជាច្រើននៅ អឺរ៉ុប មានគោលបំណងអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្មប្រកបដោយ ចីរភាព ដោយពុំមានការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា។
លោកបន្ថែមថា យុទ្ធវិធីនៃគំនិតផ្តួចផ្តើមនេះ គឺធ្វើយ៉ាងណាដើម្បីបង្កើតប្រព័ន្ធកសិ-កែច្នៃដែលធន់ ដែលបំពេញតាមលក្ខខណ្ឌទីផ្សារដែល មានតម្លៃខ្ពស់ ទាំងក្នុងតំបន់អឺរ៉ុប និងអាស៊ាន៕