អាមេរិកកំពុងវាយតម្លៃ និងពិចារណាការហ្វឹកហាត់ F-16 ឲ្យអ៊ុយក្រែន
បរទេស ៖ យោងតាមការបញ្ជាក់ដោយក្រុមការងាររបស់ NBC កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាសហរដ្ឋអាមេរិកបានធ្វើការអញ្ជើញក្រុមពីឡុតបើកយន្តហោះរបស់អ៊ុយក្រែនទៅកាន់មូលដ្ឋានទ័ពរបស់ខ្លួននៅ Tucson រដ្ឋ Arizona ដើម្បីអាចចរចានិងបង្កើតនូវគំរូហ្វឹកហាត់មួយដើម្បីពិនិត្យថាពួកគេនឹងអាចប្រើប្រាស់ពេលវេលាប៉ុន្មានដើម្បីអាចមានសមត្ថភាពហោះហើរយន្តហោះរបស់អ៊ឺរ៉ុបបាន។
ប្រភពដដែលបានបន្តទៀតថា ពីឡុតរបស់អ៊ុយក្រែនចំនួន២នាក់បានធ្វើដំណើរមកដល់ទឹកដីអាមេរិកតបតាមការអញ្ជើញហើយជឿជាក់ថានឹងអាចមានការធ្វើដំណើររបស់ក្រុមយោធាអ៊ុយក្រែនច្រើនផ្សេងទៀត ហើយរំពឹងទុកថានឹងបង្កើនចំនួនពីឡុតមកកាន់ទឹកដីអាមេរិកឲ្យបាន១០នាក់ក្នុងខែមីនានេះ។
ទោះបីជាយ៉ាងណាក្តីកិច្ចការងារដែលត្រូវធ្វើជាបន្តបន្ទាប់នៅមិនទាន់ដល់ពេលដែលពួកគេអាចចាប់ផ្តើមធ្វើការហោះហើរយន្តហោះរបស់អឺរ៉ុបបានភ្លាមនោះទេពីព្រោះថាគោលបំណងនៃការបំពេញទស្សនកិច្ចរបស់ក្រុមពីឡុតអ៊ុយក្រែនលើកនេះគឺដើម្បីអភិវឌ្ឍជំនាញ និងដើម្បីពិនិត្យ សិក្សាអំពីពេលវេលាដើម្បីការហ្វឹកហាត់នាពេលខាងមុខប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា មកដល់ពេលនេះនៅមិនទាន់មានការផ្គត់ផ្គង់យន្តហោះចម្បាំងណាមួយឲ្យអ៊ុយក្រែននៅឡើយ ខណៈរដ្ឋាភិបាលទីក្រុងគៀវនៅតែបន្តអំពាវនាវនៅឡើយ ជាពិសេសយន្តហោះ F-16 ៕