ក្រសួងទេសចរណ៍នឹងរៀបចំព្រឹត្តិការណ៍ Post-Event ដើម្បីអបអរសាទរ Gumball 3000 Rally in Cambodia នៅសប្តាហ៍ក្រោយ
សៀមរាប៖ លោក គុជ បញ្ញាសារ រដ្ឋលេខាធិការក្រសួងទេសចណ៍ បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍ ដោយមានការសហការជាមួយក្រសួងស្ថាប័ន និងវិស័យឯកជន នឹងរៀបចំព្រឹត្តិការណ៍ Post-Event ដើម្បីអបអរសាទរ Gumball 3000 Rally in Cambodia សម្រាប់ទេសចរណ៍ ចាប់ពីថ្ងៃទី២៣ ដល់ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំងសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប។
នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ លោក គុជ បញ្ញាសារ បញ្ជាក់ថា ព្រឹត្តិការណ៍នេះដែរ នឹងមានការទទួលវិញ្ញាបនបត្រពីស្ថាប័ន Guinness World Record អំពីការបំបែកកំណត់ត្រា ការដាក់តាំងបង្ហាញរថយន្តទំនើបៗ ប្រភេទ Hypercar និង Supercar ច្រើនបំផុតនៅតំបន់បេតិកភណ្ឌ នៅមុខប្រាសាទអង្គរវត្តកន្លងមក និងការដាក់តាំងបង្ហាញរថយន្តសេរីទំនើប ការរៀបចំស្តង់ពិពណ៌ផ្សេងៗ រួមនឹងកម្មវិធីប្រគំតន្ត្រី ព្រមទាំងកម្មវិធីសប្បុរសធម៏ផងដែរ។
លោកបន្តថា ព្រឹត្តការណ៍នេះ នឹងបង្ហាញឱ្យពិភពលោកស្គាល់ និងយល់ដឹងពីវប្បធម៌ អរិយធម៌ ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍ សំដៅចូលរួមប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ដ៏សម្បូរបែប និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របនឹងពាក្យស្លោកថា «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បី ទេសចរណ៍»ជាពិសេសចូលរួមគាំទ្រយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤” “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១” និងជាការជំរុញទេសចរណ៍ក្នុងស្រុក ក៏ដូចជាគាំទ្រយុទ្ធសាស្ត្រ “បង្កើន៥ និងអភិវឌ្ឍ៣” របស់ក្រសួងទេសចរណ៍។
ក្នុងនាមអាជ្ញាធរខេត្ត លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានបង្ហាញការគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍នេះ ព្រោះជាព្រឹត្តិការណ៍នៃការជួយជំរុញពីសក្តានុពលវិស័យទេសចរណ៍នៅកម្ពុជា ពិសេសខេត្តសៀមរាប។
ក្នុងនោះលោកក៏បានជំរុញដល់គ្រប់អ្នកពាក់ព័ន្ធ ត្រូវសហការរៀបចំព្រឹត្តិការណ៍នេះឱ្យបានល្អ ទាំងការងារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាពនៅតាមទីតាំងរៀបចំកម្មវិធី ឱ្យប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យតាមការរំពឹងទុក។
ព្រឹត្តការណ៍នេះ ក៏បង្ហាញឱ្យពិភពលោកស្គាល់ និងយល់ដឹងពីវប្បធម៌ អរិយធម៌ ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍ សំដៅចូលរួមប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ដ៏សម្បូរបែប និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របនឹងពាក្យស្លោកថា «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បី ទេសចរណ៍»៕