Close

ថៃ នឹងដាក់កីឡាករឈុតបម្រុង ឲ្យចូលលេងក្នុងពានរង្វាន់ AFF Cup 2024

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 8:04 am កីឡា
ថៃ នឹងដាក់កីឡាករឈុតបម្រុង ឲ្យចូលលេងក្នុងពានរង្វាន់ AFF Cup 2024 ថៃ នឹងដាក់កីឡាករឈុតបម្រុង ឲ្យចូលលេងក្នុងពានរង្វាន់ AFF Cup 2024

គ្រូបង្វឹកក្រុមដំរីសឹកថៃ លោក Masatada Ishii បានបញ្ជាក់ថា ក្រុមជម្រើសជាតិថៃ នឹងបាត់តារាឆ្នើមជាច្រើន ក្នុងព្រឹត្តិការណ៍ AFF Cup ឆ្នាំ ២០២៤ នេះហើយក្រុមទាំងមូល នឹងផ្អែកលើកីឡាករឈុតទី២ ជាចម្បង ដែលសំដៅដល់កីឡាករដែលភាគច្រើនអង្គុយនៅកៅអីបម្រុងនាពេលកន្លងមក។

កីឡាករថៃ ទាំង២៣នាក់ ត្រូវបានកោះហៅឲ្យទៅត្រៀមប្រកួតមិត្តភាពចំនួន២ប្រកួតជាមួយលីបង់ នៅថ្ងៃទី ១៤ ខែ វិច្ឆិកា និងឡាវ នៅថ្ងៃទី ១៧ ខែវិច្ឆិកា។ នេះក៏ជាការហាត់សមចុងក្រោយផងដែរ មុនពេលក្រុមចាប់ផ្ដើមដំណើរការពារជើងឯក AFF Cup 2024។

គ្រូបង្វឹក Masatada Ishii បាននិយាយនៅលើគេហទំព័ររបស់សមាគមបាល់ទាត់ថៃ (FAT) ថា៖« ភាគច្រើននៃកីឡាករដែលត្រូវបានកោះហៅនៅពេលនេះ នឹងចូលរួមក្នុង AFF Cup 2024។ ការជ្រើសរើសកីឡាករគឺប៉ះពាល់ ដោយសារក្រុមមួយចំនួន នៅតែលេងក្នុង Thai League 1 ក្នុងខែធ្នូ»។

ថៃ នឹងដាក់កីឡាករឈុតបម្រុង ឲ្យចូលលេងក្នុងពានរង្វាន់ AFF Cup 2024

ការប្រកួតពានរង្វាន់ Thai League 1 សប្ដាហ៍ទី ១៥ បានធ្វើឡើងនៅថ្ងៃទី ១ ខែធ្នូ ហើយក៏បញ្ចប់ជើងទី១ ផងដែរ ដូច្នេះក្លឹបអាចសម្រាកជាងមួយខែ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមមួយចំនួននៅតែត្រូវរៀបចំកាលវិភាគរបស់ពួកគេ ដោយសារតែកាលវិភាគប្រកួតមានភាពមមាញឹកខ្លាំងពេក និងមិនត្រូវថ្ងៃ FIFA DAY។ ក្នុងចំណោមក្លឹបទាំងនោះ មានក្លឹបដែលចូលរួមចំណែកសមាជិកជាច្រើនក្នុងក្រុមជម្រើសជាតិដូចជា Port FC, Buriram United ឬ BG Pathum United។ ដូច្នេះ តារាឆ្នើមជាច្រើន នឹងអវត្តមាន រួមមាន Theerathon Bunmathan និង Chanathip Songkrasin , Sarach Yooyen, Supachok Sarachat ឬខ្សែប្រយុទ្ធ Teerasil Dangda និង Supachai Chaided ជាដើម។

ក្នុងបញ្ជីឈ្មោះកោះហៅរបស់ថៃ នៅខែវិច្ឆិកា មានកីឡាករ៧នាក់ ដែលត្រូវកោះហៅឲ្យចូលជម្រើសជាតិជាលើកដំបូង និងកីឡាករ U22 មួយចំនួនតូច។ កីឡាករ ដែលធ្លាប់ជាប់ជម្រើសជាតិឈុតធំមានតែ៨នាក់ប៉ុណ្ណោះ។

ថៃ នឹងដាក់កីឡាករឈុតបម្រុង ឲ្យចូលលេងក្នុងពានរង្វាន់ AFF Cup 2024

មែនទែនទៅ នេះមិនមែនជាលើកទីមួយទេ ដែលថៃ ដាក់ក្រុមទីពីរ លេងក្នុងពាន AFF Cup ។ កាលពីឆ្នាំ ២០១៨ ក្រោមការបង្វឹក Milovan Rajevac ក៏បាត់តារាឆ្នើមមួយចំនួនផងដែរ ហើយធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីស្មើ ២-២ ជាមួយម៉ាឡេស៊ី ហើយត្រូវបានកាត់ចេញ ដោយសារគ្រាប់បាល់ក្រៅដី។ ស្ថានភាពស្រដៀងគ្នានេះ បានកើតឡើងនៅឆ្នាំ ២០២២ ប៉ុន្តែក្រុមដែលដឹកនាំដោយលោក Mano Polking បានឈ្នះជើងឯក បន្ទាប់ពីបានយកឈ្នះលើក្រុមវៀតណាម ក្នុងលទ្ធផល ៣-២។

ក្រៅពីថៃ ឥណ្ឌូណេស៊ី ក៏បានបញ្ជាក់ថា វានឹងពិបាកក្នុងការនាំយកកីឡាករដែលលេងនៅអឺរ៉ុប ពីព្រោះមិនចំថ្ងៃ FIFA DAY។ គ្រូបង្វឹក Shin Tae-yong នឹងកោះហៅកីឡាករ៣០នាក់ ដែលលេងក្នុងស្រុក ខណៈផ្តល់អាទិភាពដល់ក្រុម U22។

គួរបញ្ជាក់ថា ពានរង្វាន់ AFF Cup នឹងប្តូរឈ្មោះទៅជា ASEAN Cup ចាប់ពីឆ្នាំ 2024 តទៅ។ ក្រុមទាំង ១០ នឹងចែកចេញជាពីរពូល ដោយប្រកួតក្នុងទឹកដី និងក្រៅដី ២ដងដូចគ្នា ដោយយក២ក្រុម ក្នុងមួយកំពូល ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

ថៃ នឹងដាក់កីឡាករឈុតបម្រុង ឲ្យចូលលេងក្នុងពានរង្វាន់ AFF Cup 2024