Close

វិស័យទេសចរណ៍របស់ខេត្តសៀមរាប នៅមានការខ្វះខាតក្នុងការផ្សព្វផ្សាយអំពីតម្លៃ និងសេវាកម្ម

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ
វិស័យទេសចរណ៍របស់ខេត្តសៀមរាប នៅមានការខ្វះខាតក្នុងការផ្សព្វផ្សាយអំពីតម្លៃ និងសេវាកម្ម វិស័យទេសចរណ៍របស់ខេត្តសៀមរាប នៅមានការខ្វះខាតក្នុងការផ្សព្វផ្សាយអំពីតម្លៃ និងសេវាកម្ម

សៀមរាប៖ ក្នុងពិធីថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធក្នុងការរៀបចំព្រឹត្តិការណ៍ទិវាទេសចរណ៍ពិភព និងចែករង្វាន់ដល់ជ័យលាភីផលិតវីដេអូឯកសារ “រតនសម្បត្តិក្នុងខេត្តសៀមរាប” នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប លោក សែត កៅ ហ្វីលីព បានលើកឡើងថា ខេត្តសៀមរាប នៅមានការខ្វះខាតក្នុងការចូលរួមផ្សព្វផ្សាយអំពីតម្លៃសេវាកម្ម នៃផលិតផលទេសចរណ៍ក្នុងទម្រង់តែមួយទៅកាន់ពិភពលោក។

លោក សែត កៅ ហ្វីលីព មានប្រសាសន៍ថា កាលពីមុនការរាតត្បាតរបស់ជំងឺកូវីដ-១៩ វិស័យទេសចរណ៍ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបង្កើតចំណូលថវិកាជាតិ ហើយក៏ជាពេលដែលបងប្អូននៅក្នុងវិស័យនេះរីករាយខ្លាំងបំផុតផងដែរ។ ប៉ុន្តែជំងឺកូវីដ-១៩ បានធ្វើឱ្យវិស័យទេសចរណ៍រងផលប៉ះពាល់ធ្ងន់ធ្ងរ ហើយបានបង្ខំឱ្យប្រតិបត្តិករទេសចរណ៍មួយចំនួនបិទអាជីវកម្មរបស់ខ្លួន ហើយខ្លះក៏បានផ្លាស់ប្តូរមុខរបរ។

វិស័យទេសចរណ៍របស់ខេត្តសៀមរាប នៅមានការខ្វះខាតក្នុងការផ្សព្វផ្សាយអំពីតម្លៃ និងសេវាកម្ម

លោកបន្តថា ប៉ុន្តែក្រោយវិបត្តិកូវីដ-១៩ ទាំងរាជរដ្ឋាភិបាល ទាំងអាជ្ញាធរ ទាំងវិស័យឯកជន បានខិតខំយ៉ាងខ្លាំងនៅក្នុងការជួយជំរុញធ្វើយ៉ាងណាឱ្យវិស័យទេសចរណ៍នេះងើបឈរឡើងវិញ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី យើងនៅមានការខ្វះខាតនៅក្នុងការចូលរួមផ្សព្វផ្សាយអំពីតម្លៃ អំពីសេវាកម្ម នៃផលិតផលទេសចរណ៍ក្នុងទម្រង់តែមួយទៅកាន់ពិភពលោក ដែលនេះបានធ្វើឱ្យយើងហាក់នៅដាច់តែឯង។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានបង្ហាញការយល់ស្របចំពោះការលើកឡើងនេះ ដោយលោកថា ដ្បិតបច្ចុប្បន្នវិស័យទេសចរណ៍របស់ខេត្តសៀមរាប មិនទាន់បានល្អប្រសើរដូចមុនការរីករាលដាលជំងឺកូវីដ-១៩ក្តី ក៏ប៉ុន្តែតាមតួលេខជាក់ស្តែងឃើញថា យើងមានការកើនឡើងជាលំដាប់។ ប៉ុន្តែទោះជាយ៉ាងនេះក្តី យើងក៏ត្រូវខិតខំជំរុញការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ព្រោះថាបើយើងមិនខិតខំផ្សព្វផ្សាយវាហាក់បីដូចជាខ្វះអ្វីម្យ៉ាង ដើម្បីទាញយកនូវអ្វីដែលយើងបាត់បង់ដោយសារជំងឺកូវីដ។

គួរបញ្ជាក់ថា បន្ទាប់ពីកម្ពុជាបានបញ្ចប់ការរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលអណត្តិទី៦ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងនៅក្នុងការស្តារវិស័យទេសចរណ៍នេះ ជាពិសេសនៅក្នុងខេត្តសៀមរាប ហើយកិច្ចការនេះ ក៏អនុវត្តបន្តដោយរាជរដ្ឋាភិបាលអណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ក្រៅពីការបន្តនូវគោលនយោបាយទេសចរណ៍ចាស់ រាជរដ្ឋាភិបាលថ្មី ក៏បានបង្កើតបន្ថែមនូវគោលនយោបាយថ្មីៗដើម្បីឱ្យវិស័យទេសចរណ៍មានការរីកចម្រើនឡើងវិញ៕
វិស័យទេសចរណ៍របស់ខេត្តសៀមរាប នៅមានការខ្វះខាតក្នុងការផ្សព្វផ្សាយអំពីតម្លៃ និងសេវាកម្ម