ក្រសួងទេសចរណ៍ត្រៀមអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ដំណាក់កាលទី៣ ឆ្នាំ២០២៤-២០២៨!
ភ្នំពេញ៖ ក្រសួងទេសចរណ៍បើកបច្ចេកទេសលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) ដើម្បី
ពិនិត្យលើសេចក្តីព្រាង “កិច្ចព្រមព្រៀងព្រៀងទ្វេភាគី” សម្រាប់អនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា ដំណាក់កាលទី៣ ២០២៤-២០២៨ និងផែនការសកម្មភាពរយៈពេល ៤ឆ្នាំគាំទ្រដល់ការអនុវត្តគម្រោង។
កិច្ចប្រជុំនេះដឹកនាំដោយ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ. រួមជាមួយលោក គង់ ដារ៉ា ប្រធានកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច នៃអង្គការ Swisscontact Cambodia នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ។
ក្រោមកិច្ចសហការពីអង្គការស្វីស ខន់ថាក់ ការអនុវត្តកម្មវិធីអភីវឌ្ឍន៍ជំនាញដំណាក់កាលទី៣ គ្រោងបណ្តុះបណ្តាលយុវជនក្រីក្រងាយរងគ្រោះចំនួន ៣,៥០០នាក់ បណ្តុះបណ្តាលគ្រូបង្គោលនិងអ្នកវាយតម្លៃបង្គោល កសាងគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍កម្រិត ២ ៣ និង៤ សមមូលទៅនឹងប៉ាក់ឌុប និងរៀបចំកម្មវិធីហូកា បៃតង (Green HoKa) សម្រាប់ខេត្តគោលដៅចំនួន ១២ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី កំពង់ឆ្នាំ ពោធិ៍សាត់ កោះកុង បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ ដែលសកម្មភាពនេះ ជាយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់រដ្ឋបាលខេត្តលើការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ខេត្ត៕