ទោះចាកចេញមែន តែលោក Felix Dalmas នៅតែនឹករលឹកពីក្រុមជម្រើសជាតិកម្ពុជា
កាលពីព្រឹកថ្ងៃ ពុធ ទី០៩ ខែតុលា ឆ្នាំ២០២៤នេះ អតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា លោក Felix Dalmas នៅតែនឹករលឹក និងបានបង្ហាញចុងក្រោយនិយាយពីចំណុចវិជ្ជមានមួយចំនួនអំឡុងលោកនៅដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទាំងពីរលើក។
លោក Felix Dalmas បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា ៖«ជម្រាបសួរបងប្អូនអ្នកគាំទ្របាល់ទាត់កម្ពុជា ជាទីគោរព! អីឡូវនេះដល់ពេលដែលត្រូវបិទជំពូកមួយនេះហើយ។ តែសូមរំលឹកបន្តិចនៅឆ្នាំ ២០១៩ ពេលដែលយើងបានបង្កើតប្រវត្តិសាស្រ្តរួមគ្នា ក្នុងអំឡុងស៊ីហ្គេម និងក្នុងការប្រកួត AFF ដែលបានបង្ហាញពីអ្វីដែលក្រុមបាល់ទាត់កម្ពុជា អាចធ្វើបាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនាំមកនូវដោយភាពរុងរឿង និងសេចក្តីសុខសុភមង្គលដល់អ្នកគាំទ្រកម្ពុជាជាខ្លាំង។ ហើយពេលនោះដែរ យើងពិតជាលើកកម្ពស់បាល់ទាត់កម្ពុជាបានល្អ ប្រសើរខ្លាំងខ្លាមែនទែន។ យើងមិនស្គាល់ភាពចាញ់ទាល់តែសោះក្នុងការប្រកួតក្នុងផ្ទះអស់រយៈពេលមួយឆ្នាំ ហើយបានរក្សាភាពខ្លាំងក្នុងទឹកដីរបស់យើងទល់នឹងគូប្រជែងខ្លាំងៗជាច្រើន រួមទាំងក្នុងការប្រកួតក្រៅដីផងដែរ»។
អតីតគ្រូបង្វឹកដែលដឹកនាំកម្ពុជាបង្កើតប្រវត្តិសាស្រ្តនៅ AFF កាលពីឆ្នាំ២០១៩ រូបនេះ បានបន្តថា ៖«យើងបានបើកទ្វារទទួលយកនៅកីឡាករបរទេសចូលសញ្ជាតិ។ យើងបានផ្តល់ឱកាស និងអភិវឌ្ឍគ្រូបង្វឹកក្នុងស្រុកជាច្រើន។ យើងបាននាំបាល់ទាត់កម្ពុជា ខិតទៅជិតសក្តានុពលពិតរបស់វា ជាមួយនឹងមនោគមវិជ្ជាលេងយ៉ាងច្បាស់លាល់។ យើងបានលើកកម្ពស់ស្តង់ដារ និងកម្រិតរបស់ក្រុមជម្រើសជាតិ ពង្រឹងការប្រកួត ដើម្បីឲ្យអ្នកដែលបន្តអភិវឌ្ឍកីឡាទៅថ្ងៃអនាគត មានមូលដ្ឋានគ្រឹះរឹងមាំ ដើម្បីជំរុញប្រទេសកម្ពុជាឆ្ពោះទៅមុខជានិច្ច។ ហើយក្រុមបាល់ទាត់មួយនេះស្ថិតនៅលើចំណុចរបត់នៃក្រុមហ្វុតបូលកម្ពុជា ហើយនឹងបន្តរីកចម្រើនជាមួយនឹងទេពកោសល្យកីឡាករកម្ពុជាដែលកំពុងបន្តអនុវឌ្ឍន៍ដើម្បីភាពរីកចម្រើនទៅមុខ។ មានមនុស្សល្អៗជាច្រើនដែលកំពុង ធ្វើការក្នុងវិស័យបាល់ទាត់កម្ពុជាមួយនេះ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះបុគ្គលិកដែលបានទទួលខុសត្រូវលើការជំរុញក្នុងវិស័យអភិវឌ្ឍន៍ និងកំពុងហ្វឹកហ្វឺនរបស់បាល់ទាត់ប្រទេសកម្ពុជាយ៉ាងខ្លាំងក្លា នៅទូទាំងជំរុំហ្វឹកហាត់ជាច្រើន៖ អ្នកពិងជាមានអនាគតដ៏អស្ចារ្យនៅខាងមុខរបស់អ្នក»។
លោក Felix Dalmas បានបន្ថែមថា៖«សូមអរគុណដល់កីឡាករទាំងអស់ដែលបានលះបង់គ្រប់បែបយ៉ាង និងតស៊ូ ហើយជឿជាក់លើវិស័យបាល់ទាត់របស់កម្ពុជាយើង៖ សូមបន្តការពារពណ៌ (Color) បាល់ទាត់កម្ពុជាដោយទឹកចិត្ត ជាមួយទេពកោសល្យ និងស្មារតីអង្គអាចក្លាហានរបស់អ្នក។ សូមអរគុណដល់បងប្អូនទាំងអ្នកគាំទ្រអស់ដែលជឿរជាក់លើពួកយើង និងគាំទ្រពួកយើងរហូតដល់ទីបញ្ចប់ ខ្ញុំសូមជូនពរបងប្អូនខ្មែរទាំងអស់ជាទីគោរពនូវសុខភាពល្អ។ ខ្ញុំពិតមានមោទនភាពខ្លាំងណាស់ដែលបានក្លាយជាផ្នែកមួយនៃប្រវត្តិសាស្រ្តរបស់បាល់ទាត់ប្រទេសកម្ពុជា ហើយខ្ញុំទន្ទឹងរង់ចាំមើលថា តើកម្ពុជា នឹងធ្វើអ្វីបន្ទាប់ទៀត។ ខ្ញុំនឹងបន្តគាំទ្រមនុស្សល្អៗដែលធ្វើការដើម្បីធ្វើឱ្យក្រុមបាល់ទាត់កម្ពុជាកាន់តែប្រសើរឡើង។ សូមសំណាងល្អ និងជោគជ័យទាំងអស់គ្នា។ រហូតដល់ វិស័យបាល់ទាត់មួយនេះ នាំយើងមកជួបជាមួយគ្នាម្តងទៀត។ សូមអរគុណ»។
គួររំលឹកថា កាលពីថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ លោក Felix G.Dalmas ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រេចបញ្ចប់កុងត្រាមុនកំណត់ បន្ទាប់ពីដឹកនាំក្រុមជម្រើសជាតិ ទទួលបានលទ្ធផលមិនគប់ប្រសើរ ពោលគឺឈ្នះតិចតួចបំផុត៕