Close

កូរ៉េជួយពង្រឹងអ្នកជំនាញកម្ពុជា លើការងារអភិរក្ស ការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងការប្រើប្រាស់នូវបេតិកភណ្ឌវប្បធម៌

ដោយ៖ Chhan Sreyka ​​ | 14 ម៉ោងមុន ព័ត៌មានជាតិ
កូរ៉េជួយពង្រឹងអ្នកជំនាញកម្ពុជា លើការងារអភិរក្ស ការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងការប្រើប្រាស់នូវបេតិកភណ្ឌវប្បធម៌ កូរ៉េជួយពង្រឹងអ្នកជំនាញកម្ពុជា លើការងារអភិរក្ស ការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងការប្រើប្រាស់នូវបេតិកភណ្ឌវប្បធម៌

សៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពប្រើប្រាស់បេតិកភណ្ឌវប្បធម៌ ដោយផ្តោតលើការងារអភិរក្ស ការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងការប្រើប្រាស់នូវបេតិកភណ្ឌវប្បធម៌។

ថ្លែងនាពិធីបើកវគ្គបណ្ដុះបណ្ដាលខាងលើដែលរៀបចំនៅនាយកដ្ឋានសណ្ដាប់ធ្នាប់នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានបង្ហាញអារម្មណ៍សប្បាយក្តីរីករាយ និងអរគុណដល់ទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ ដែលបានសហការរៀបចំវគ្គបណ្ដុះបណ្ដាលខាងលើ ដែលជាផ្នែកមួយសំខាន់ក្នុងការអភិរក្សប្រាសាទ ក៏ដូចជាជួយអភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងរមណីយដ្ឋានអង្គរ។

លោកបានបន្ថែមថា វគ្គបណ្ដុះបណ្ដាលនេះ ជាផ្នែកមួយនៃគម្រោងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ លើការជួសជុលរួតបាកាណប្រាសាទអង្គរវត្តផងដែរ។

កូរ៉េជួយពង្រឹងអ្នកជំនាញកម្ពុជា លើការងារអភិរក្ស ការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងការប្រើប្រាស់នូវបេតិកភណ្ឌវប្បធម៌

បើតាមលោកឡុង កុសល ក្រៅពីមន្រ្តីរាជការនៃស្ថាប័នរដ្ឋ ក្នុងនោះវគ្គបណ្ដុះបណ្ដាលនេះ ក៏មានវិស័យឯកជនចូលរួមផងដែរ ដូចជាអ្នកផលិតវត្ថុអនុវស្សាវរីយ៍ សមាគមទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍ជាដើម។

លោករំពឹងថា តាមរយៈវគ្គបណ្ដុះបណ្ដាលខាងលើនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹង និងបទពិសោធន៍ពីអ្នកជំនាញបេតិកភណ្ឌកូរ៉េ ដើម្បីយកទៅអនុវត្តន៍នៅកន្លែងធ្វើការរបស់ខ្លួន ពិសេសអភិវឌ្ឍន៍លើផ្នែកអភិវឌ្ឍន៍ទេសចរណ៍ និងការកែច្នៃវត្ថុអនុស្សាវរីយ៍ដែលផ្តោតលើបេតិកភណ្ឌ ធ្វើឱ្យសេដ្ឋកិច្ចនៅមូលដ្ឋាន កាន់តែរីកចម្រើនទៅមុខ។

លោក គីម ហ្យ៉ន់សង់ (KIM Hyunsung) តំណាងនៃទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ មានក្តីរីករាយជាពន់ពេក ដែលបានសហការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង។ ក្រៅពីវិស័យអភិរក្ស លោក គីម ពន្យល់ថា វគ្គបណ្ដុះបណ្ដាលនេះ ក៏ផ្តោតលើការអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៅមូលដ្ឋាន និងការប្រើប្រាស់នូវបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ធ្វើយ៉ាងណា កែច្នៃវត្ថុ ឬសម្ភារនានាឱ្យមានគុណតម្លៃបែបវប្បធម៌ និងទាក់ទាញភ្ញៀវទេសចរ។

កូរ៉េជួយពង្រឹងអ្នកជំនាញកម្ពុជា លើការងារអភិរក្ស ការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងការប្រើប្រាស់នូវបេតិកភណ្ឌវប្បធម៌

ក្នុងនាមទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ លោក គីម ថានឹងបន្តកិច្ចសហប្រតិបត្តិផ្សេងៗទៀតដើម្បីការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលខាងលើរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដោយមានការសិក្សាទាំងទ្រឹស្ដី និងចុះកម្មសិក្សានៅតាមមូលបុរាណមួយចំនួនក្នុងរមណីយដ្ឋានអង្គរ រួមមានភូមិល្វា ភូមិរហាល ភូមិបង្កោង និងភូមិសំរោង៕


កូរ៉េជួយពង្រឹងអ្នកជំនាញកម្ពុជា លើការងារអភិរក្ស ការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងការប្រើប្រាស់នូវបេតិកភណ្ឌវប្បធម៌