កម្ពុជារកឃើញផូស៊ីលស្លឹកឈើថ្មីមួយទៀត នៅភ្នំកកេះ ក្នុងស្រុកទឹកឈូ
កំពត៖ គិតរហូតមកដល់បច្ចុប្បន្នគេបានរកឃើញផូស៊ីលចំនួន៦៧ស្ថានីយដែលក្នុងចំណោមនេះស្ថិតនៅនៅខេត្តបន្ទាយមានជ័យ បាត់ដំបង កោះកុង ពោធិ៍សាត់ ខេត្តកំពតជាដើម ខណៈ ក្រុមការងាររបស់ក្រសួងបរិស្ថានទើបបានរកឃើញផូស៊ីលស្លឹកឈើនៅភ្នំកកេះ ក្នុងស្រុកទឹកឈូ ខេត្តកំពត។
លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានបេតិកភណ្ឌធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថាន បានបញ្ជាក់ថា ការរកឃើញនេះ វាជាប្រភេទផូស៊ីលស្លឹកឈើបុរាណរាប់លានឆ្នាំមុន ដែលមានអាយុកាលចន្លោះពី៦៥ ទៅ១៥០លានឆ្នាំមុន។ ផូស៊ីលទាំងនេះគឺជាពពួលប៉ប្រក និងស្លឹកឈើប្រភេទផ្សេងៗទៀត។
ក្នុងការរុករកផូស៊ីលនេះត្រូវបានលោក លឹម វណ្ណច័ន្ទឱ្យដឹងថា មានប្រជាពលរដ្ឋជាច្រើនតែងនិយាយថា ផូស៊ីលដែលរកឃើញច្រើនជាដើមឈើគគីរ ដែលតាមពិតវាជាដើមឈើគ្រប់ប្រភេទ។ ដើមឈើប្រភេទណាក៏ដោយសុទ្ធសឹងតែអាចក្លាយជាប្រភេទផូស៊ីលទាំងអស់ ដូចជាកាលពីថ្មីៗមកនេះគេយល់ឃើញថាជាផូស៊ីលដើមគគីរ តែនៅពេលសិក្សាស្រាវជ្រាវទៅ វាជាស្រល់ទៅវិញទេ។ ក្រៅពីនេះក៏មានជាប្រភេទទ្រាំង ដើមដូងក៏មានដែរ។ វាមានទាំងជាលក្ខណៈដុំតូច និងខ្លះដុំធំៗ។
ក្នុងចំណោមផូស៊ីលដែលរកឃើញកន្លងមកត្រូវបាន លោកប្រធានឱ្យដឹងដែរថា ផូស៊ីលមួយចំនួនជាប្រភេទដើមឈើដែលបន្សល់រហូតដល់បច្ចុប្បន្ន និងដើមឈើប្រភេទខ្លះទៀតជាដើមឈើបុរាណដែលមកដល់ពេលនេះបានផុតពូជទៅហើយ និងបានបន្ថែមថា សម្រាប់បច្ចេកទេសបច្ចុប្បន្ន យើងនៅខ្វះលទ្ធភាពក្នុងការស្រាវជ្រាវ ដូចជាយើងខ្វះមន្ទីរពិសោធន៍ យើងខ្វះរោងជាងដើម្បីឱ្យដឹងជាក់ថាផូស៊ីលដែលរកឃើញនេះជាប្រភេទដើមឈើអ្វី សត្វអ្វី។បើចង់ដឹងថាវាជាផូស៊ីលដើមឈើអ្វីចាំបា់ច់ត្រូវធ្វើតាមមីក្រូទស្សន៍។ យើងត្រូវកាត់ដុំថ្មផូស៊ីលនឹងជាផែនស្តើងៗដូចឡាម ដែលអាចឆ្លុះពន្លឺបានដើម្បីឱ្យអ្នកជំនាញមើលថាតើវាជាប្រភេទដើមឈើអ្វីប្រាកដ។ គេមើលសរសៃខនិជ សរសៃស្រូបទឹក ដែលវាបានរក្សាក្នុងផូស៊ីលនេះឱ្យយើងបានដឹង និងវាយតម្លៃបាន។
ក្នុងការសិក្សាស្រាវជ្រាវនេះ លោក លឹម វណ្ណច័ន្ទ បានគូសបញ្ជាក់ថា មាននិស្សិតខាងផ្នែកបុរាណវិទ្យា និងនិស្សិតមកពី ភូគព្ភសាស្រ្តពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) បានចូលរួមសិក្សា បើទោះបីមិនមែនកម្មវិធីរបស់សាលាក៏ដោយក៏យើងមានកិច្ចសហការ និងអញ្ជើញនិស្សិតមកចូលរួមដើម្បីយកបទពិសោធន៍។ ក្នុងរយៈពេល៦ឆ្នាំមកនេះការរុករកស្ថានីយផូស៊ីលសុរប៨៧ ក្នុងនេះបានរកឃើញជាផូស៊ីលសត្វសមុទ្រ ដានជើង ដើមឈើ ស្លឹកឈើ ដាយណូស័រ ជាដើម។បើគិតជាផូសីលវិញមានចំនួនរាប់សិបតោនមកហើយ។
លោកបានបញ្ជាក់ប្រាប់ដែរថា តាមរយៈការចុះស្រាវជ្រាវកន្លងមក ក៏ដើម្បីជាប្រយោជន៍ក្នុងការរកប្រភពដើមកំណើត និងប្រភពកកើតនៃសត្វសម័យកាលដ៏យូរលង់នេះថាវាមានទំនាក់ទំនងគ្នាបែបណា ដោយក្នុងនេះក្រុមអ្នកជំនាញគេនឹងសិក្សាមើលថាស្រទាប់ថ្ម និងស្រទាប់ដីកន្លែងនេះមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេច។
គួរបញ្ជាក់ថាកន្លងមកគេបានរកឃើញ ផូស៊ីលពពួកផ្កាថ្ម (Corals) ជាច្រើនប្រភេទពពួក Crinoids (គ្រីណូអ៊ីត)តិចតួច ពពួក Ammonites (អាម៉ូណាយ) ពពួកខ្យង (Gastropods) ពពួក Brachiopods (ប្រាក្យូផត) ពពួក Bryozoan (ប្រាអូស្យូន) និងប្រភេទសត្វសមុទ្រផ្សេងៗទៀត៕