Close

បុគ្គលិក UN ៦ នាក់ បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់ អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
បុគ្គលិក UN ៦ នាក់ បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់ អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បុគ្គលិក UN ៦ នាក់ បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់ អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា

បរទេស៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួននៅប៉ាឡេស្ទីន (Unrwa) និយាយថា បុគ្គលិករបស់ខ្លួនចំនួន៦ នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់ប្រទេសអ៊ីស្រាអែលទៅលើសាលារៀនមួយនៅកណ្តាលតំបន់ហ្គាហ្សា។

ទីភ្នាក់ងារការពារជនស៊ីវិលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់របស់ហ្គាហ្សាបានឱ្យដឹងដែរថា មនុស្សសរុបចំនួន ១៨ នាក់បានស្លាប់ នៅក្នុងការវាយប្រហារកាលពីថ្ងៃពុធលើសាលារៀន al-Jaouni ក្នុងជំរុំជនភៀសខ្លួន Nuseirat ដែលត្រូវបានប្រើប្រាស់ជាជម្រកសម្រាប់ជនប៉ាឡេស្ទីនរាប់ពាន់នាក់ដែលផ្លាស់ទីលំនៅ។

ចំណែកយោធាប្រទេសអ៊ីស្រាអែលបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារលើពួកភេរវករ ដែលរៀបចំផែនការវាយប្រហារពីសាលា ហើយថាខ្លួនបានចាត់វិធានការដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល។

បុគ្គលិក UN ៦ នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់ អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា

ជុំវិញបញ្ហានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសចំពោះការវាយប្រហារនេះ ដោយបាននិយាយថា “អ្វីដែលកំពុងកើតឡើងនៅហ្គាហ្សាគឺមិនអាចទទួលយកបានទេ” ។

លោកបានសរសេរនៅលើបណ្តាញទំនាក់ទំនង X ដែលពីមុនជាបណ្តាញ Twitter ថា៖ «ការរំលោភច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងខ្លាំងទាំងនេះត្រូវបញ្ឈប់ឥឡូវនេះ»។

ទោះជាយ៉ាងណា ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Danny Danon បានចេញមុខរិះគន់លោក Guterres ។ លោកបាននិយាយថា៖ «វាជារឿងមិនគួរឲ្យជឿដែលអង្គការសហប្រជាជាតិបន្តថ្កោលទោសអ៊ីស្រាអែលក្នុងសង្គ្រាមយុត្តិធម៌របស់ខ្លួនប្រឆាំងនឹងក្រុមភេរវជន ខណៈក្រុមហាម៉ាសបន្តប្រើស្ត្រីនិងកុមារជាខែលការពារមនុស្ស»។

ក្រុមហាម៉ាស ដែលត្រូវបានចាត់ទុកជាក្រុមភេរវជនដោយអ៊ីស្រាអែល ចក្រភពអង់គ្លេស និងប្រទេសផ្សេងទៀត បានបដិសេធមិនប្រើសាលារៀន និងទីតាំងជនស៊ីវិលផ្សេងទៀតក្នុងគោលបំណងយោធាឡើយ។

កងកម្លាំងអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការមួយដើម្បីកម្ទេចក្រុមហាម៉ាសជាការឆ្លើយតបទៅនឹងការវាយប្រហារដែលមិនធ្លាប់មានពីមុនមករបស់ក្រុមនេះទៅលើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ដែលក្នុងនោះមនុស្សប្រហែល ១,២00 នាក់ត្រូវបានសម្លាប់ និង ២៥១នាក់ផ្សេងទៀតត្រូវបានចាប់ត្រឡប់ទៅតំបន់ហ្គាហ្សាវិញក្នុងនាមជាចំណាប់ខ្មាំង។

ចាប់តាំងពីពេលនោះមក មនុស្សជាង ៤១.០៨០ នាក់ត្រូវបានស្លាប់នៅហ្គាហ្សា នេះបើយោងទៅតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស៕

បុគ្គលិក UN ៦ នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់ អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា