ព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ទីក្រុងប៉ារីស បំបែកកំណត់ត្រាលក់សំបុត្រច្រើនបំផុតមិនធ្លាប់មាន
ក្រុមអ្នករៀបចំ បាននិយាយនៅព្រឹកថ្ងៃចន្ទនេះថា សំបុត្រចំនួន ១២លានសំបុត្រត្រូវបានលក់ សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ទីក្រុងប៉ារីស ២០២៤ ដោយបានបំបែកកំណត់ត្រាចាស់ កាលពីឆ្នាំ២០១២។
ក្រុមអ្នករៀបចំ បានបញ្ជាក់ថា សំបុត្រប្រហែល ៩.៥ លានត្រូវបានលក់ សម្រាប់ការប្រកួតកីឡាអូឡាំពិក និង ២.៥ លានសំបុត្រទៀត ត្រូវបានលក់ សម្រាប់ការប្រកួតប៉ារ៉ាឡាំពិក ដែលទើបតែបញ្ចប់កាលពីយប់ថ្ងៃអាទិត្យ។
គួររំលឹកថា ក្នុងឆ្នាំ ២០១២ ការប្រកួតកីឡាទីក្រុងឡុងដ៍ បានបង្កើតកំណត់ត្រា សម្រាប់ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកជាមួយនឹងការលក់សំបុត្រ ២.៧ លានសំបុត្រ ប៉ុន្តែមានតែ ៨.២ លានសំបុត្រប៉ុណ្ណោះ ដែលត្រូវបានលក់ សម្រាប់ព្រឹត្តិការណ៍អូឡាំពិក។
គួរបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ ២០២៤នេះ អាមេរិក ឈរកំពូលតារាងមេដាយ ចិនឈរលេខ២ និងជប៉ុន ឈរលេខ៣។ចំណែកព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ចិន ឈរកំពូលតារាងមេដាយ អង់គ្លេស ឈរលេខ២ និងអាមេរិកឈរលេខ៣៕