ដំណឹងរីករាយ! កូនក្រពើភ្នំដែលជិតផុតពូជបំផុត ១៤ក្បាល បានញាស់ដោយជោគជ័យ
សៀមប៉ាង៖ ក្រុមការងាររបស់ Rising Phoenix ពីស្រុកសៀមប៉ាង បានបង្ហាញព័ត៌មានដ៏រំភើបរីករាយសម្រាប់ចែករំលែក ដោយក្រពើភ្នំញាស់កូនបាន ១៤ក្បាល ដោយជោគជ័យ ដែលនេះជាការសម្រេចបានលើកដំបូងបំផុត ចាប់តាំងពីពេលដែលបានធ្វើការនាំយកប្រភេទសត្វជិតផុតពូជបំផុតនេះ ត្រឡប់ចូលទៅក្នុងតំបន់អភិរក្ស ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងកាលពីខែឧសភាឆ្នាំមុន។
កូនក្រពើភ្នំទាំងនេះបានញាស់ដោយជោគជ័យចេញពីសំបុកមួយក្នុងចំណោមសំបុកចំនួន៥ ខណៈដែលសំបុកចំនួន ៤ទៀតមិនបានជោគជ័យនោះទេ។ ក្រពើភ្នំ (ឬក្រពើត្រី) គឺជាប្រភេទសត្វក្រពើទឹកសាប ដែលមានប្រភពកំណើតនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ប្រ៊ុយណេ ម៉ាឡេស៊ី ថៃ និងវៀតណាម។
ក្រពើភ្នំត្រូវបានចុះជា «ប្រភេទសត្វជិតផុតពូជបំផុត» ក្នុងបញ្ជីក្រហម អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ក្នុងឆ្នាំ២០១២ ហើយវាត្រូវបានបាត់វត្តមានពីតំបន់ដែលវាធ្លាប់រស់នៅជាច្រើនរួចមកហើយ។
នៅក្នុងប្រទេសកម្ពុជា ក្រពើភ្នំនេះត្រូវបានគេគិតថាផុតពូជបាត់ទៅហើយ ប៉ុន្តែក្រោយមក វាត្រូវបានគេប្រទះឃើញឡើងវិញនៅតាមជួរភ្នំក្រវាញក្នុងឆ្នាំ ២០០០។
ដែនជម្រកសត្វព្រៃសៀមប៉ាងក៏ជាអតីតជម្រករបស់សត្វក្រពើភ្នំនេះតាំងពីដើមមកដែរ។ ប៉ុន្តែ ដោយសារតែការបាត់បង់ជម្រក និងសកម្មភាពនេសាទដែលគ្មាននិរន្តរភាព បានធ្វើឱ្យចំនួនរបស់ក្រពើភ្នំបានថយចុះយ៉ាងខ្លាំង។ ហើយការស្រាវជ្រាវថ្មីៗមិនបានរកឃើញភស្តុតាងណាមួយដែលបញ្ជាក់ពីវត្តមានរបស់ពួកវានៅទីនេះបន្តទៀតនោះទេ។
ដើម្បីជួយទប់ស្កាត់ប្រភេទសត្វជិតផុតពូជបំផុតមួយនេះពីការផុតពូជ USAID មរតកបៃតង និងដៃគូអភិរក្ស Rising Phoenix បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សមួយកាល់ពីឆ្នាំទៅ ដោយបាននាំយកសត្វក្រពើភ្នំចំនួន ២២ក្បាល ចូលទៅក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃសៀមប៉ាងឡើងវិញ។
ពិធីលែងក្រពើភ្នំចូលក្នុងតំបន់អភិរក្សនេះ ត្រូវបានរៀបចំដោយសហការជាមួយមន្ទីរបរិស្ថានខេត្ត រដ្ឋបាលព្រៃឈើ អាជ្ញាធរមូលដ្ឋាន សហគមន៍ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។ ព្រឹត្តិការណ៍នេះក៏បានលើកកម្ពស់ការយល់ដឹងអំពីតួនាទីរបស់ក្រពើភ្នំនៅក្នុងប្រព័ន្ធអេកូឡូស៊ី និងសារៈសំខាន់នៃការអភិរក្សជីវៈចម្រុះដល់ប្រជាជនក្នុងតំបន់ផងដែរ។
ក្រពើភ្នំដែលត្រូវប្រលែងទាំងអស់ត្រូវបានគេធ្វើតេស្តហ្សែនជាមុន ដើម្បីធ្វើឱ្យប្រាកដថាវាជាពូជក្រពើភ្នំសុទ្ធ។ ខុសពីប្រភេទសត្វក្រពើដ៏ទៃ ពូជក្រពើភ្នំសុទ្ធមិនត្រូវបានគេរកឃើញថាមានភាពកាចសាហាវដាក់មនុស្សនោះទេ៕