សម្ដេចតេជោ ៖ អ្នកដែលទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាអ្នកដែលងាយរកការងារធ្វើ
ភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតនៃសាកលវិទ្យាល័យធនធានមនុស្សជិត២,០០០នាក់កាលពីព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា អ្នកដែលទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈទើបជាអ្នកដែលងាយរកការងារធ្វើ ។
សម្ដេចបានលើកឡើងថា គ្រាន់តែផ្នែកចុងភៅមួយផ្នែក ត្រូវការបុគ្គលិកជាច្រើននាក់ ជាក់ស្ដែងនៅទូទាំងប្រទេសមានភោជនីយដ្ឋាន អាហារដ្ឋានប៉ុន្មានកន្លែង ហើយត្រូវការបុគ្គលិកផ្នែកចុងភៅប៉ុន្មាននាក់ ។ អាហារដ្ឋាន ភោជនីយដ្ឋានខ្លះទៀតមានភ្ញៀវចូលច្រើន និងត្រូវការពង្រីកកាន់តែធំនិងត្រូវការបុគ្គលិកផ្នែកចុងភៅកាន់តែច្រើនដូចគ្នា។
ក្រៅពីផ្នែកចុងភៅ វិជ្ជាជីវៈផ្សេងទៀត ដូចជាអគ្គិសនី ក៏ជាផ្នែកមួយដែលងាយរកការងារធ្វើដែរ ពីព្រោះនេះជាជំនាញមួយដែលត្រូវរៀននិងច្បាស់លាស់ ជាក់ស្ដែងក្នុងអគារមួយត្រូវការអ្នកចេះផ្នែកអគ្គិសនីច្បាស់លាស់ មានជំនាញ និងត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាល ។
ឯកឧត្តម ប៊ុន ភារិន នាយកសាលានៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក៏បានលើកឡើងកន្លងមកថា បច្ចុប្បន្ននេះតម្រូវការធនធានមនុស្សលើជំនាញបច្ចេកទេសវិជ្ជាជីវៈមានតម្រូវការខ្ពស់ ដោយពេលខ្លះក្រុមហ៊ុននានាបានទាក់ទងមកសាលាដើម្បីសុំសិស្សដែលជិតបញ្ចប់ឱ្យចូលបម្រើការនៅក្នុងស្ថាប័នរបស់ពួកគេ ។ ក្រុមហ៊ុនខ្លះទៀតក៏មានការចុះអនុស្សរណផ្ដល់ឧបករណ៍ដល់សាលាដើម្បីបណ្ដុះបណ្ដាលនិស្សិត និងរង់ចាំទទួលនិស្សិតពីសាលាពេលរៀនចប់ឱ្យចូលធ្វើការក្នុងក្រុមហ៊ុនរបស់ពួកគេផងដែរ ។
ដោយឡែកសាលាបច្ចេកទេសដុនបូស្កូក៏ជាសាលាមួយដែលបណ្ដុះបណ្ដាលនិស្សិតលើជំនាញបច្ចេកទេសវិជ្ជាជីវៈនេះដែរ ដោយក្នុងមួយឆ្នាំៗសាលាបច្ចេកទេសដុនបូស្កូទូទាំងប្រទេសបានបណ្ដុះធនធានមនុស្សរាប់ពាន់នាក់សម្រាប់ទីផ្សារការងារក្នុងប្រទេសកម្ពុជា ។
លោក សេន រ៉ា នាយកសាលាបច្ចេកទេសដុនបូស្កូខេត្តកែបបានឱ្យដឹងថា និស្សិតដែលចប់ពីសាលាមិនពិបាកក្នុងការរកការងារធ្វើនោះទេ ។ ពេលខ្លះនិស្សិតមិនទាន់បញ្ចប់ផង តែមានសហគ្រាសបានទាក់ទងសុំសិស្សឱ្យចេញហ្វឹកហាត់ការងារនៅក្នុងសហគ្រាសនោះបណ្ដើរៗ ហើយពេលសាលាត្រូវការប្រឡងបញ្ចប់ ទើបនិស្សិតនោះមកប្រឡងដើម្បីបញ្ចប់ការសិក្សារបស់ខ្លួន ។
ជាការកត់សម្គាល់ជំនាញបច្ចេកទេសនានា មិនត្រូវបានចាប់អារម្មណ៍ជ្រើសរើសជាមុខជំនាញរបស់សិស្សទើបបញ្ចប់ថ្នាក់ទុតិយភូមិនោះឡើយ ដោយពួកគេភាគច្រើនចាប់អារម្មណ៍លើជំនាញណាដែលរៀនចប់ធ្វើការក្នុងការិយាល័យ បន្ទប់ម៉ាស៊ីនត្រជាក់ជាជាងការងារបច្ចេកទេសវិជ្ជាជីវៈដែលងាយរកការងារនិងមានប្រាក់ចំណូលខ្ពស់ផងដែរ៕