អគារជិត ៩០ នៅក្នុងខេត្តព្រះសីហនុចាប់ផ្តើមសាងសង់ឡើងវិញ
ព្រះសីហនុ ៖ បន្ទាប់ពីស្ថានភាពនៃជំងឺកូវីដ_១៩ ត្រូវបានគ្រប់គ្រង និងមានភាពធូរស្រាល អគារជិតចំនួន ៩០ ដែលទទួលរងផលប៉ះពាល់ដោយវិបត្តិជំងឺរាតត្បាតសកលនេះ នៅក្នុងខេត្តព្រះសីហនុ បានចាប់ផ្តើមសាងសង់ឡើងវិញបណ្តើរៗហើយ ប៉ុន្តែអគារដែលនៅសេសសល់ជាង ២០០ អគារ រាជរដ្ឋាភិបាលបាន និងកំពុងរៀបចំផែនការមេ ដើម្បីជំរុញការសាងសង់ឡើងវិញទាំងអស់។ នេះបើតាមការបញ្ជាក់របស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
លោកអភិបាលបានថ្លែងថា ព្រះសីហនុគឺជាខេត្តមួយដែលមានវិស័យសំណង់រីកដុះដាលខ្លាំង ដែលរហូតមកដល់ពេលនេះមានចំនួនសរុប ១០៦០ សំណង់អគារខ្ពស់ ប៉ុន្តែក្នុងចំណោមអគារទាំងនោះ អគារដែលបានផ្អាកការសាងសង់មានចំនួន ៣៥៩ អគារ ហើយអគារដែលកំពុងដំណើរការសាងសង់ឡើងវិញ បន្ទាប់ពីមានការធូរស្រាលពីកូវីដ_១៩ មានចំនួន ៨៩ អគារ។
លោកបានឱ្យដឹងទៀតថា អគារដែលបានសាងសង់រួចហើយ ប៉ុន្តែដោយសារការគំរាមកំហែងពីវិបត្តិនៃជំងឺកូវីដ១៩ក្នុងពេលកន្លងទៅបានផ្អាកដំណើរការទាំងស្រុងមានចំនួន ២៥៥ អគារ និងអគារដែលបានសាងសង់រួច ដែលកំពុងដំណើរការក្នុងពេលបច្ចុប្បន្ន និងបានផ្តល់ការងារទៅដល់ប្រជា ពលរដ្ឋក្នុងខេត្ត មានចំនួន ៣០៣ អគារ ។ លោកបានបន្ថែមថា សម្រាប់អគារដែលនៅសេសសល់នេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្ន បាននិងកំពុងរៀបចំ ផែនការមេ ដើម្បីដោះស្រាយវិបត្តិអគារដែលសេសសល់ ដោយធ្វើយ៉ាងណាឱ្យមានដំណើរការសាង សង់ឡើងវិញ ។
លោក គួច ចំរើន បានថ្លែងថា ៖« មកដល់ពេលនេះ រាជរដ្ឋា ភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ បានធ្វើការណែនាំទៅឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឱ្យធ្វើការគិតគូរ រកវិធីដើម្បីដោះស្រាយ អំពីបញ្ហាសំណង់ជាប់គាំងនេះ ដែលមកដល់ពេលបច្ចុប្បន្ននេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបង្កើតនូវក្រុមការងារមួយដើម្បីរៀបចំគោលនយោបាយដោះស្រាយសំណង់ជាប់គាំងនេះ ដែលគោលនយោបាយនេះ កំពុង តែដំណើរការជាបន្តបន្ទាប់ទៅហើយ។
លោកបន្តថា ការគិតគូរនេះក៏កំពុងសុំយោបល់ពីថ្នាក់ដឹកនាំ ជាបន្តបន្ទាប់ទៀត ដើម្បីសម្រេចអំពីគោលនយោបាយ ក្នុងការលើកទឹក ចិត្តឱ្យបន្តការកសាង និងជំរុញនិងការកសាងអគារដែលជាប់គាំងទាំងអស់នេះ»។
គួររំលឹកផងដែរថា ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ខេត្តព្រះសីហនុ មានសំណង់អគារខ្ពស់ៗ មានចំនួន ៥៨៩ គម្រោង ដែលអគារចាប់ ពី ៥ ជាន់ដល់ ៩ ជាន់ មានចំនួន ២៦៣ គម្រោង អគារពី ១០ ជាន់ទៅ១៩ ជាន់មាន ២២៩ គម្រោង អគារពី ២០ ជាន់ទៅ ២៩ ជាន់ មានចំនួន ៦៣ គម្រោង អគារពី ៣០ ជាន់ទៅ ៣៩ ជាន់មានចំនួន ២៨ គម្រោង និងអគារចាប់ពី ៤០ ឡើងទៅមានចំនួន ៦ គម្រោង។
ចាប់ពីឆ្នាំ ២០១៧ រហូតដល់ឆ្នាំ២០២២ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តព្រះសីហនុ បានផ្តល់លិខិតអនុញ្ញាតសាងសង់ជាង ១,៥៨៨ គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបជាង ១៤ លានម៉ែត្រក្រឡា ដោយមានទុនវិនិ យោគសរុបប្រមាណ ៧,៩ ពាន់លានដុល្លារអាមេរិក ក្នុងនោះ ភាគច្រើននៃគម្រោង ដែលបានស្នើសុំសាងសង់ រួមមានគម្រោងអគារ ស្នាក់នៅរួម អគារពាណិជ្ជកម្ម, អគារសណ្ឋាគារ និងអគារពហុមុខងារ ដោយភាគ ច្រើនជាអគារខ្ពស់ៗមានកម្ពស់រហូតដល់៥៣ជាន់ និងមានគម្រោងតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និងរោងចក្រផ្សេងៗទៀតជាដើម ក្នុងគោលបំណងទ្រទ្រង់ឱ្យវិស័យសេដ្ឋកិច្ចកម្ពុជា៕