ក្រុមអ្នកផលិតគ្រាប់ស្វាយចន្ទីគ្មានការកាប់បំផ្លាញព្រៃឈើរកចំណូលបានជិត ១២ម៉ឺនដុល្លារ
ភ្នំពេញ៖ គិតត្រឹមចុងខែមេសា ក្រុមអ្នកផលិតគ្រាប់ស្វាយចន្ទីគ្មានការកាប់បំផ្លាញព្រៃឈើ គាំទ្រដោយ USAID មរតកបៃតង បានលក់គ្រាប់ស្វាយចន្ទីស្រស់ ទៅឱ្យដៃគូវិស័យឯកជនរួមមាន ក្រុមហ៊ុន Olam ក្រុមហ៊ុនស៊ីអាហ្រ្គោខេម និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែង បានសរុបចំនួន ១១៥.៣៧៩ គីឡូក្រាម ឬមានតម្លៃសរុបស្មើនឹង ១១៩.៣១៥ ដុល្លារ។
បើតាម USAID មរតកបៃតង ការទិញលក់នេះ បានផ្តល់ការលើកទឹកចិត្តទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសយ៉ាងប្រសើរ ដល់សមាជិកក្រុមអ្នកផលិតនៅជុំវិញដែនជម្រកសត្វលំផាត់ និងព្រៃកែវសីមា។
អ្នកស្រី លឹម កុសល ដែលជាសមាជិកក្រុមអ្នកផលិតគ្រាប់ស្វាយចន្ទីម្នាក់ បានបង្ហាញពីការពេញចិត្តចំពោះគំនិតផ្តួចផ្តើមនេះ ដោយអ្នកស្រីបានមានប្រសាសន៍ថា៖ «នេះជាការលើកទឹកចិត្តខ្ញុំយ៉ាងខ្លាំង ក្នុងការចូលរួមជួយការពារព្រៃឈើ និងសត្វព្រៃ ព្រោះវាអាចឱ្យខ្ញុំលក់គ្រាប់ស្វាយចន្ទីបានតម្លៃខ្ពស់ ហើយថែមទាំងបានរួមចំណែកក្នុងការអភិរក្សធនធានធម្មជាតិនៅក្នុងសហគមន៍របស់ខ្ញុំផងដែរ»។
អ្នកស្រីបន្ថែមថាជំហានបន្ទាប់ យើងនឹងធ្វើការគាំទ្រការកែច្នៃគ្រាប់ស្វាយចន្ទីពាក់កណ្តាលសម្រេច និងបណ្តុះបណ្តាលសមាជិកឱ្យចេះកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីបន្ថែមតម្លៃទៅលើការលក់គ្រាប់ស្វាយចន្ទីរបស់ពួកគេក្នុងតម្លៃខ្ពស់បន្ថែមទៀត និងបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសាររបស់ពួកគេ៕