ទម្លាយផ្ទៃក្នុង! លោក Jack Ma មិនមែនជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ Alibaba នោះទេ
បរទេស៖ Alibaba ត្រូវបានបង្កើតឡើងកាលពីពាក់កណ្ដាលឆ្នាំ ១៩៩៩ ដោយលោក Jack Ma និងមនុស្សដែលស្និទ្ធនឹងលោក Jack Ma ចំនួន ១៨នាក់ផ្សេងទៀត ហើយកាលពីឆ្នាំ២០១៤ ក្រុមហ៊ុន Alibaba បានឈានជើងចូលផ្សារមូលបត្រលើកដំបូង (IPO) នៅទីផ្សារញូវយ៉ក ដោយទទួលបានប្រាក់ ២៥ពាន់លានដុល្លារអាមេរិក និងបានក្លាយជាក្រុមហ៊ុនមួយទទួលបានតម្លៃខ្ពស់ជាងគេនៅក្នុងទីផ្សារភាគហ៊ុន។
បច្ចុប្បន្ននេះ បើសិនជាគេនិយាយដល់ក្រុមហ៊ុន Alibaba ពិតណាស់គឺគេប្រាកដជានឹកឃើញដល់លោក Jack Ma និងបានស្គាល់យ៉ាងច្បាស់ថា ជាម្ចាស់ក្រុមហ៊ុនមួយនេះទៀតផង ប៉ុន្តែបើយើងក្រឡេកទៅមើលតាមរយៈការកាន់កាប់ភាគហ៊ុនវិញនោះគឺថា Jack Ma មិនមែនជាម្ចាស់ក្រុមហ៊ុនមួយនេះឡើយ។
យោងតាមឯកសារ និងការចេញផ្សាយដោយសារព័ត៌មាន Investopedia និង Business Insider បានឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២២ ម្ចាស់ក្រុមហ៊ុន Alibaba ពិតគឺជាក្រុមហ៊ុន SoftBank Group ឯនោះទេ ដោយបច្ចុប្បន្ននេះ SoftBank Group បានក្ដោបក្ដាប់ចំណែកហ៊ុនរបស់ក្រុមហ៊ុន Alibaba បានរហូតដល់ទៅ ២៤ភាគរយ។ មូលហេតុដែល SoftBank Group មានហ៊ុនរបស់ Alibaba ច្រើនយ៉ាងនេះ ក៏ដោយសារតែកាលពីឆ្នាំ២០០០ លោក Jack Ma បានទៅចរចាជាមួយនឹង SoftBank Group ឱ្យបោះទុនវិនិយោគរហូតដល់ ២០ពាន់លានដុល្លារអាមេរិក និងទទួលបានជាថ្នូរវិញនូវចំណែកហ៊ុនក្នុងចំនួនមួយដ៏ច្រើនជាងគេ។
នៅពីឆ្នាំ ២០១៩ ក្រុមហ៊ុន SoftBank Group បានលក់ហ៊ុនមួយចំនួនរបស់ Alibaba ដោយទទួលបានប្រាក់ ១១ពាន់លានដុល្លារអាមេរិក និងនៅឆ្នាំ២០២០ បានបន្តលក់ហ៊ុនមួយចំនួនទៀត ដោយទទួលបានប្រាក់ ២,២ពាន់លានដុល្លារអាមេរិក ហើយគិតមកត្រឹមពេលនេះ ចំណែកហ៊ុនរបស់ SoftBank Group ដែលមាននៅសល់ក្នុងក្រុមហ៊ុន Alibaba សរុបជាទឹកប្រាក់មានចំនួនរហូតដល់ទៅ ៥៧ពាន់លានដុល្លារអាមេរិក។
ងាកមកមើលលោក Jack Ma វិញម្ដង បើតាមការបញ្ជាក់ពីប្រភពខាងលើបានឱ្យដឹងថា លោក Jack Ma គឺជាសហស្ថាបនិករបស់ក្រុមហ៊ុន Alibaba ពិតមែន ប៉ុន្តែលោកកាន់កាប់ចំណែកហ៊ុនត្រឹមតែ ៦,២ភាគរយ ហើយកាលពីឆ្នាំ ២០២០ ត្រូវបានគេទម្លាយឱ្យដឹងថា ហ៊ុនរបស់លោកនៅសល់ត្រឹមតែ ៤,៨ភាគរយប៉ុណ្ណោះ៕