Close

រដ្ឋមន្ត្រីកសិកម្មបញ្ជាក់ជំហរជំរុញសហគមន៍កសិកម្មទំនើបឱ្យទៅមុខ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្មបញ្ជាក់ជំហរជំរុញសហគមន៍កសិកម្មទំនើបឱ្យទៅមុខ រដ្ឋមន្ត្រីកសិកម្មបញ្ជាក់ជំហរជំរុញសហគមន៍កសិកម្មទំនើបឱ្យទៅមុខ

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់អំពីគោលជំហរ ក្នុងការរុញសហគមន៍កសិកម្មទំនើប កសិកម្មបែបសេដ្ឋកិច្ច ឱ្យទៅមុខ ហើយកសិករដទៃទៀត អាចពិនិត្យតាមដាន និងធ្វើការសម្រេចចិត្តពេលក្រោយ។

ការបញ្ជាក់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បែបនេះ គឺនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងពេល ឯកឧត្តមរដ្ឋមន្ត្រី ចុះជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា ខេត្តបាត់ដំបង នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសាទរចំពោះភាពរីកចម្រើនរបស់សហគមន៍ ដែលបានខិតខំមានផ្ទះសំណាញ់ និងទីផ្សារលក់ផលិតផល ផ្តល់ផលចំណេញដល់សមាជិកសហគមន៍។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគោលបំណងនៃការបង្កើតសហគមន៍កសិកម្មទំនើប ដែលចង់ជំរុញឱ្យសហគមន៍កសិកម្មកាន់តែរីកចម្រើនប្រសើរជាងពេលបច្ចុប្បន្ន។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា សហគមន៍កសិកម្មទំនើប គឺជាគោលនយោបាយដែលក្រសួងត្រូវជំរុញ ដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពប្រជាជន តាមរយៈការដាក់ដីប្រើប្រាស់រួមក្នុងសហគមន៍ និងកម្លាំងពលកម្ម ក្រោមការដឹកនាំ គ្រប់គ្រងបែងចែកកម្មវិធីដាំដុះ និងប្រមូលទិញ ដោយសហគមន៍ផ្ទាល់។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការបង្កើតសហគមន៍កសិកម្មទំនើប គឺជាការបង្កលទ្ធភាពជូនបងប្អូនប្រជាពលរដ្ឋ ដែលមិនមានផ្ទះសំណាញ់សម្រាប់ធ្វើផលិតកម្ម មិនមានលទ្ធភាពវិនិយោគ ទទួលបានឱកាសចូលជាសមាជិក និងទទួលបានផលចំណេញទៅតាមទំហំដីកសិកម្មដែលបានដាក់ចូលរួមក្នុងសហគមន៍ តែត្រូវមានភាពប្រាកដច្បាស់លាស់។

ជាមួយគ្នានោះដែរ ឯកឧត្តម ឃឹម ហ្វីណង់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញសុទិដ្ឋិនិយមថា «សហគមន៍កសិកម្មទំនើប»នឹងដើរតួនាទីជួយកាត់បន្ថយភាពស្រពេចស្រពិលក្នុងការទទួលបាននូវវត្ថុធាតុជាកសិផលយកទៅកែច្នៃបន្ត តាមរយៈការប្រមូលផ្តុំកសិករតូចៗដែលស្ថិតនៅរ៉ាយប៉ាយនៅផ្នែកខាងដើមខ្សែនៃច្រវ៉ាក់តម្លៃ និងចងក្រងគ្នាឱ្យទៅជាបាច់ៗធំៗ ធានាបាននូវការផ្គត់ផ្គង់មួយដែលមានស្ថេរភាពច្បាស់លាស់ ព្រមទាំងអាចកាត់បន្ថយហានិភ័យពាណិជ្ជកម្មតាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា។

ឯកឧត្តមថ្លែងថា៖«ធ្វើយ៉ាងដូច្នេះ យើងនឹងអាចលើកទឹកចិត្តឱ្យមានការវិនិយោគកាន់តែច្រើនលើការកែច្នៃកសិផលក្នុងស្រុកមុនធ្វើការនាំចេញ តួយ៉ាងដូចជាដំណាំស្រូវ និងគ្រាប់ស្វាយចន្ទី និងទទួលបានតម្លៃបន្ថែមជាច្រើនទៀត ដែលនឹងផ្តល់ជាប្រយោជន៍ទៅដល់កំណើននៃសេដ្ឋកិច្ចជាតិ»៕

អត្ថបទទាក់ទង