ក្រុមហ៊ុនអាកាសចរខេមបូឌាអ៊ែរវ៉េ បើកជើងហោះហើរពីកម្ពុជាទៅម៉ាឡេស៊ី
ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េបានចាប់ផ្តើមបើកជើងហោះហើរត្រង់ហើរ ភ្នំពេញ ទៅមក គូឡាឡាំពួរ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ជាមួយនឹងពិធីស្វាគមន៍ជើងហោះហើរ ត្រូវបានប្រារព្ធឡើងនៅស្ថានីយ៍ទី2នៃអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរ (KLIA)។
ខណៈពេលចុះចត ជើងហោះហើរនេះត្រូវបានស្វាគមន៍ដោយពីធីបាញ់ទឹកទទួលយន្តហោះ ហើយអ្នកដំណើរក៏ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងបានទទួលបានកាដូស្វាគមន៍ផងដែរ។ បន្ទាប់ពីនោះក៏មានការផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៍ និងថតរូបរួមគ្នា។

ភ្នំពេញទៅមក គូឡាឡាំពួរ គឺជាជើងហោះហើរដំបូងបង្អស់របស់ខេមបូឌាអ៊ែរវ៉េដែលហោះហើរពីកម្ពុជាទៅម៉ាឡេស៊ី។ វាគឺជាចំណុចសំខាន់មួយនៅក្នុងផែនការកសាងរង្វង់អាកាសចរណ៍រយៈពេល 5 ម៉ោងរបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ដែលមានទីក្រុងភ្នំពេញជាគោល ហើយលាតសន្ធឹងជុំវិញតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េបានប្រឹងប្រែងយ៉ាងសកម្មដើម្បីរៀបចំការបើកផ្លូវហោះហើរភ្នំពេញ-គូឡាឡាំពួរ គឺដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការទីផ្សារអាកាសចរណ៍រវាងកម្ពុជា និងម៉ាឡេស៊ី ។
ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ នឹងបន្តបេសកកម្មលើកស្ទួយការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសកម្ពុជា និងពិភពលោក។ ដើម្បីសម្រេចបាននូវបេសកកម្មនេះ ខេមបូឌាអ៊ែរវ៉េគ្រោងនឹងបើកជើងហោះហើរអន្តរជាតិបន្ថែមទៀត ដើម្បីបង្កើតជាស្ពានតភ្ជាប់ប្រទេសកម្ពុជាទៅកាន់សាកលលោក ផ្សព្វផ្សាយវប្បធម៌ខ្មែរ និងឆ្ពោះទៅមុខជាមួយនឹងចក្ខុវិស័យនៃការក្លាយជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់ប្រទេសកម្ពុជា៕

