Close

សត្វហ្វូងដំរីប្រមាណ ២០ក្បាល ត្រូវបានប្រទះឃើញនៅស្រុកកែវសីមា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ
សត្វហ្វូងដំរីប្រមាណ ២០ក្បាល ត្រូវបានប្រទះឃើញនៅស្រុកកែវសីមា សត្វហ្វូងដំរីប្រមាណ ២០ក្បាល ត្រូវបានប្រទះឃើញនៅស្រុកកែវសីមា

រតនគិរី៖ សត្វហ្វូងដំរីព្រៃអាស៊ីប្រមាណ ២០ក្បាល ត្រូវបានប្រទះឃើញនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលជាសញ្ញាបញ្ជាក់ថា សត្វដំរីព្រៃនៅក្នុងប្រទេសកម្ពុជារស់នៅសុខសាន្ត និងបង្កើតកូនចៅជាបន្តបន្ទាប់ និងមានចំនួនច្រើនជាងការមើលឃើញជាងបណ្តាឆ្នាំកន្លងទៅ។

វត្តមានដំរីព្រៃទាំងនោះ ត្រូវបានមន្ត្រីឧទ្យានុរក្ស បានប្រទះឃើញពួកវា ដែលធ្វើដំណើរក្នុងតំបន់ព្រៃ ហើយពេលខ្លះបានចូលមកក្នុងសហគមន៍តំបន់ការពារធម្មជាតិ ជាហ្វូងៗចន្លោះពី២០ ទៅ ៣០ក្បាល ដែលចំនួននេះ មានការកើនឡើងពីចំនួន៣ ទៅ៥ក្បាល ដែលបានបង្ហាញខ្លួន កាលពីពេលកន្លងទៅ។

ជាក់ស្តែងនៅអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំខ្មែរ ស្ត្រីម្នាក់ដែលចូលទៅរកទំពាំងឫស្សីក្នុងព្រៃ ត្រូវដំរីមួយក្បាលរុំបោកស្លាប់ភ្លាមៗ ត្រង់ចំណុចអូរប៉ាម ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។ ក្រោយការស្លាប់របស់ស្ត្រីម្នាក់នេះ មន្ត្រីជំនាញរកឃើញថា ស្ត្រីរងគ្រោះបានចូលទៅតំបន់ដែលហ្វូងដំរីព្រៃកំពុងការពារសមាជិករបស់វាមួយក្បាល ដែលមានសភាពឈឺហើមជើងដើរចូលព្រៃជ្រៅវិញមិនរួច ហើយដំរីព្រៃគិតថាស្ត្រីរងគ្រោះជាសត្រូវរបស់ពួកវា ដែលចូលមកយាយីសមាជិកកំពុងឈឺ។

លោក ស៊ិន សត្ថា នាយកដែនជម្រសត្វព្រៃកែវសីមាថ្លែងថា មន្ត្រីបច្ចេកទេសបានប្រទះឃើញសត្វដំរីឈ្មោល ១ក្បាល ឈឺជើងខាងឆ្វេងនៅក្នុងអូរប៉ាម ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។ ក្រុមការងារបានយកចំណីដាក់នៅជិតៗវាផងដែរ ហើយបច្ចុប្បន្នសត្វដំរីមួយនេះ មានសុខភាពប្រសើរវិញបន្តិចហើយ ខណៈដែលហ្វូងរបស់វាមិនទៅណាឆ្ងាយពីដំរីឈ្មោលដែលឈឺជើងនេះទេ។ ពួកវាមានភាពកាចសាហាវខុសធម្មតា ដូចជាកំពុងត្រៀមវាយប្រហារទៅលើសត្រូវ ដែលព្យាយាមចូលទៅជិតគ្នាវាអ៊ីចឹង ហើយជារឿយៗសត្វដំរីព្រៃតែងតែបង្ហាញវត្តមានជារៀងរាល់ឆ្នាំ ប៉ុន្តែវាមិនកាចសាហាវ មិនបានវាយប្រហារមកលើមនុស្សដូចឆ្នាំនេះឡើយ។

ជាមួយគ្នានោះ លោក សុះ មីឡែម អភិបាលរងស្រុកកែវសីមា ថ្លែងថា រដ្ឋបាលស្រុកកែវសីមា កំពុងចាត់វិធានការណែនាំមេភូមិ មេឃុំ ក្នុងការចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋមូលដ្ឋាន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការចូលក្នុងព្រៃស្វែងរកបន្លែ ក្បែរតំបន់ដំរីឈឺ ត្រង់ចំណុចអូរប៉ាម បង្ការជៀសវាងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។ លោកក៏ស្នើសុំដល់មន្រ្តីជំនាញពាក់ព័ន្ធតាមដានយកចិត្តទុកដាក់ទៅលើសុខភាព និងជំងឺរបស់ដំរីផងដែរ។

ជុំវិញបញ្ហានេះដែរ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា នេះជាសញ្ញាបញ្ជាក់ថា ពួកវារស់នៅសុខសាន្ត និងបង្កើតកូនចៅជាបន្តបន្ទាប់ បានធានាការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះបានល្អ ធានាបាននូវប្រព័ន្ធអេកូឡូស៊ីបរិស្ថានបានល្អប្រសើរ នៅតាមប្រព័ន្ធការពារធម្មជាតី ជាពិសេសនៅខេត្តមណ្ឌលគីរី ដែលមានប្រព័ន្ធការពារធម្មជាតិ ដូចជាដែនជម្រកសត្វព្រៃ ស្រែពក ដែនជម្រកសត្វព្រៃលំផាត់ ដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃកែវសេម៉ា ជាដើម។

លោក ខ្ចៃ អាទិត្យាបន្ថែមថា យោងតាមការសិក្សាវិភាគ DNA លើចំនួនសត្វដំរីព្រៃ របស់មន្រ្តីជំនាញក្រសួងបរិស្ថាន និងដៃគូសហការ នាពេលកន្លងមក ដំរីអាស៊ីមានចំនួនប្រមាណ ៣៥០ក្បាល នៅក្នុងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី។ ម្យ៉ាងទៀត ក្រសួងបរិស្ថានបានបង្កើតផែនការសកម្មភាពអភិរក្សដំរីព្រៃ ២០២០-២០២៩ នេះឡើង ដែលកំណត់នូវបញ្ហាអាទិភាពចំនួន៦ និងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រ សម្រាប់ដោះស្រាយបញ្ហាទាំងនោះពិសេសការបន្តសិក្សាស្រាវជ្រាវ និងតាមដានវត្តមាន និងរបាយរបស់វាតាមរយៈម៉ាស៊ីថតស្វ័យប្រវត្តិ និងការវិភាគ DNA លាមកជាដើម។

អ្នកនាំពាក្យ រូបនេះសង្កត់ធ្ងន់ថា កន្លងមកនេះ ចំនួនដំរីអាស៊ីនេះហាក់ដូចជាមានចំនួនកើនឡើងដោយសារតែពេលថ្មីៗ បានរកឃើញដំរីដើរជាហ្វូងចាប់ពី១០ រហូតដល់ជាង ២០ក្បាល ហើយក្នុងមួយហ្វូងក៏ឃើញមានវត្តមាន កូនដំរីដែលទើបនឹងកើត និងមានវ័យជំទុង មានចំនួនច្រើននៅក្នុងហ្វូងរបស់វា។

លោក បន្ថែមថា ដើម្បីធានាថាដំរីអាស៊ីទទួលបានការការពារហ្មត់ចត់ និងអាចមានឱកាសបង្កើនចំនួនរបស់វានៅក្នុងធម្មជាតិឡើងវិញបន្ថែមទៀត សម្រាប់បន្សល់ទុកជាកេរមរកតដល់មនុស្សជំនាន់ក្រោយ ស្របតាមការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលសង្កត់ធ្ងន់លើមុំយុទ្ធសាស្រ្តអាទិភាព៣ គឺស្អាត បៃតង និងចីរភាព ក្រសួងបរិស្ថាន ស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមទប់ស្កាត់ការបរបាញ់សត្វព្រៃ ការដាក់អន្ទាក់ និងការកាប់រុករានដីព្រៃក្នុងតំបន់ការពារធម្មជាតិ និងបង្កើនការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ដាំឈើឱ្យបានច្រើននៅតាមមូលដ្ឋាន និងដាំស្តារព្រៃរេចរឹល បង្កើនភាពបៃតង និងឈានទៅសម្រេចគម្របព្រៃ កើនឡើងឱ្យបាន ៦០% នៃផ្ទៃប្រទេសត្រឹមឆ្នាំ២០៥០។

សូមបញ្ជាក់ថា ដំរីព្រៃ ឫដំរីអាស៊ី កំពុងរងការគំរាមកំហែងលើដែនជម្រករបស់វាធ្ងន់ធ្ងរ នៅទូទាំងសកលលោក។ ដំរីព្រៃត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN)។ នៅក្នុងប្រទេសកម្ពុជា ដំរីអាស៊ីមានចំនួនប្រមាណពី ៤០០ ទៅ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ៕

អត្ថបទទាក់ទង