ចំនួនអ្នកប្រើប្រាស់ Facebook ប្រចាំខែបានកើនឡើងដល់ជិតស្មើនឹង ៣៥ភាគរយនៃប្រជាជនសរុបនៅលើពិភពលោក
បរទេស៖ Facebook បានក្លាយជាបណ្ដាញទំនាក់ទំនងសង្គមមួយដែលមានចំនួនអ្នកប្រើប្រាស់ច្រើនជាងគេបំផុតនៅលើពិភពលោក ហើយក៏ជាបណ្ដាញសង្គមមួយដែលទទួលបានប្រាក់ចំណូលខ្ពស់ពីការផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ។
បច្ចុប្បន្ននេះ បណ្ដាក្រុមហ៊ុន និងអ្នករកស៊ីជាច្រើនបានប្រើប្រាស់ Facebook ក្នុងការពង្រីកអាជីវកម្ម និងបង្កើនប្រាក់ចំណូលរបស់ពួកគេ ដោយសារតែចំនួនអ្នកប្រើប្រាស់ប្រចាំថ្ងៃ និងប្រចាំខែរបស់វាបានកើនឡើងខ្ពស់់ជាលំដាប់។
យោងតាមរបាយការណ៍ចេញផ្សាយដោយ Facebook បានឱ្យដឹងថា គិតត្រឹមត្រីមាសទី៤ ឬត្រីមាសចុងឆ្នាំ២០២២ ចំនួនអ្នកប្រើប្រាស់ Facebook ជាប្រចាំខែបានកើនឡើងខ្ពស់រហូតដល់ជាង ២,៩ពាន់លាននាក់។
ដោយផ្នែកលើតួលេខខាងលើនេះ ត្រូវបានសារព័ត៌មាន Data Report ធ្វើការគណនា និងប៉ាន់ប្រមាណថា ចំនួនអ្នកប្រើប្រាស់ប្រចាំខែរបស់ Facebook ជិតស្មើនឹង ៣៥ភាគរយនៃចំនួនប្រជាជនសរុបនៅលើពិភពលោក ដែលកំពុងកើនឡើងដល់ជិត ៨ពាន់លាននាក់។
យោងតាមរបាយការណ៍ចុងក្រោយបានបង្ហាញឱ្យដឹងផងដែរថា ប្រជាជនដែលប្រើប្រាស់ Facebook ច្រើនជាងគេបំផុតគឺចិន និងឥណ្ឌា ខណៈដែលអាស៊ីគឺជាប្រទេសដែលមានការចំណាយទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើ Facebook ច្រើនជាងគេ៕