Close

រដ្ឋមន្ត្រីកសិកម្ម៖ វិស័យកសិកម្មត្រូវធ្វើទំនើបកម្ម តាមឱ្យទាន់សម័យកាល

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្ម៖ វិស័យកសិកម្មត្រូវធ្វើទំនើបកម្ម តាមឱ្យទាន់សម័យកាល រដ្ឋមន្ត្រីកសិកម្ម៖ វិស័យកសិកម្មត្រូវធ្វើទំនើបកម្ម តាមឱ្យទាន់សម័យកាល

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ក្នុងសម័យបរិវត្តន៍កម្មឌីជីថលនេះ វិស័យកសិកម្មត្រូវធ្វើទំនើបកម្ម តាមឱ្យទាន់សម័យកាល កាត់បន្ថយការចំណាយ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។

ឯកឧត្តម ឌិត ទីណា បានលើកឡើងបែបនេះ ក្នុងពេលអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនចិន China Siwei Surveying and Mapping Technology Co.,Ltd ចូលរួមសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បន្ទាប់បានទទួលស្តាប់ការធ្វើបទបង្ហាញពីតំណាងក្រុមហ៊ុន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងនូវចំណាប់អារម្មណ៍លើបច្ចេកវិទ្យាថ្មីនេះ និងបានបង្ហាញពីតម្រូវការរបស់ក្រសួង ដែលចង់បានបច្ចេកវិទ្យាសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ និងអភិវឌ្ឍវិស័យកសិកម្ម ឱ្យកាន់តែមានភាពងាយស្រួល រហ័ស ជាក់លាក់ និងមានប្រសិទ្ធភាពការងារខ្ពស់។

លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថាបច្ចេកវិទ្យាបង្កភាពងាយស្រួល មានភាពច្បាស់លាស់ និងបង្កើនប្រសិទ្ធភាពការងារកាន់តែប្រសើរលើការគ្រប់គ្រងទិន្នន័យ ការព្យាករណ៍ ការប្រៀបធៀបការវិវត្តផ្សេងៗតាមឆ្នាំនីមួយៗនៅទូទាំងប្រទេស ដើម្បីបង្ការ និងអន្តរាគមន៍ក្នុងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យនានាបង្កឡើងដោយគ្រោះធម្មជាតិដូចជាទឹកជំនន់ ខ្យល់ព្យុះ និងរាំងស្ងួត ទៅតាមអនុវិស័យនីមួយៗជាអាទិ៍ព្រៃឈើ ជលផលទាំងទឹកសាបនិងទឹកទឹកប្រៃ និងកសិកម្ម ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពបំផុត។

ក្រុមហ៊ុន China Siwei Surveying and Mapping Technology Co., Ltd. ជាសហគ្រាសឈានមុខគេនៃឧស្សាហកម្មព័ត៌មានពីចម្ងាយ និងព័ត៌មានភូមិសាស្ត្រ និងជាប្រតិបត្តិករផ្កាយរណបចាប់សញ្ញាពីចម្ងាយដ៏ធំបំផុតនៅក្នុងប្រទេសចិន។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក លោក ចាង ខឺស៊ាងតុង ប្រធានគណៈប្រតិភូក្រុមហ៊ុនចិន China Siwei Surveying and Mapping Technology Co.,Ltd ថ្លែងថា ក្រុមហ៊ុនរបស់លោក បាន ប្រតិបត្តិការផ្កាយរណបសង្កេតផែនដីចំនួន ៤០គ្រឿងក្នុងគន្លងតារាវិថី ដែលមានវិសាលភាពទូលំទូលាយបំផុតក្នុងការទទួលបាននូវរូបភាពផ្កាយរណប និងការផលិតផលទិន្នន័យពីផ្កាយរណប។

លោក ចាង ខឺស៊ាងតុងបន្តថា៖«ការបញ្ចូនទិន្នន័យពីផ្កាយរណបទាំងនោះ នឹងបង្ហាញពីទីតាំងភូមិសាស្រ្ត រួមទាំងដំណោះស្រាយភូមិសាស្ត្រ ដោយរួមបញ្ចូលគ្នានៅក្នុងការស៊ើបការណ៍ ការពារជាតិ ការស្ទង់មតិ និងការធ្វើផែនទី ការត្រួតពិនិត្យថាមពល និងហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងការអភិវឌ្ឍធនធានធម្មជាតិ ការសាងសង់ទីក្រុងឆ្លាតវៃ ការការពារបរិស្ថាន ជំនួយសង្គ្រោះ និងការត្រួតពិនិត្យគ្រោះមហន្តរាយ និងឧស្សាហកម្មផ្សេងៗទៀត»>

អត្ថបទទាក់ទង