កូនក្តាមសេះចំនួន៥០ម៉ឺនកូន ត្រូវបានលែងចូលក្នុងតំបន់ដែននេសាទសហគមន៍ទំនប់រលក
ព្រះសីហនុ ៖ ជលផលដើម្បីវារីវប្បកម្ម វារីវប្បកម្មដើម្បីជលផល។ កូនក្តាមសេះអាយុ២០ថ្ងៃ ចំនួន៥០ម៉ឺនកូន ត្រូវបានលែងចូលក្នុងតំបន់ដែននេសាទសហគមន៍ទំនប់រលក ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីចូលរួមចំណែកក្នុងការអភិរក្ស និងបង្កើនផល ស្តុកក្ដាមសេះក្នុងជម្រកធម្មជាតិ។
ពិធីលែងកូនក្តាមសេះនេះ រៀបចំឡើងកាលពេលថ្មីៗនេះ ដោយ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុ ក្នុងគោលបំណង ដើម្បីចូលរួមចំណែកក្នុងការអភិរក្ស និងបង្កើនផល ស្តុកក្ដាមសេះក្នុងជម្រកធម្មជាតិ។
បន្ទាប់ក្តាមសេះញីដែលមានពងខាងក្រៅ ត្រូវបានយកមកថែរក្សា និងភ្ញាស់រួចបំប៉នឲ្យក្លាយជាកូនក្តាមសេះនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ នៃរដ្ឋបាលជលផល។
កម្មវិធីព្រលែងកូនក្ដាមសេះចូលទៅក្នុងសមុទ្រធម្មជាតិនេះមានគោលបំណងដើម្បីចូលរួមចំណែកក្នុងការអភិរក្ស និងបង្កើនផលស្តុកក្ដាមសេះក្នុងធម្មជាតិ។ ក្ដាមសេះ ជាធនធានជលផលដ៏មានសារៈសំខាន់សម្រាប់អ្នកនេសាទតំបន់ឆ្នេរ និងប្រជាជនក្នុងប្រទេស ដែលវាមានឱជារសឆ្ងាញ់។
ក្នុងដំណើរបេសសកម្មនេះ ក្រោមអធិបតីភាព ឯកឧត្ដម ឡោ រស្មី និងលោកជំទាវ ហ៊ូ សុព៌ណ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ និង ក៍មានការអញ្ជើញចូលរួម អមដំណើរដោយ លោកអភិបាលរង និងមេឃុំទាំង៣ នៅក្នុងស្រុកស្ទឹងហាវ មន្រ្តីជំនាញរដ្ឋបាលជលផលខេត្តព្រះសីហនុ តំណាងសហគមន៍វារីវប្បកម្ម និងតំណាងអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ(WEA) ៕