៦ កន្លែងទៅកម្សាន្តនៅខេត្តមណ្ឌលគិរី សម្រាប់ថ្ងៃឆ្លងឆ្នាំខាងមុខនេះ
ភ្នំពេញ: អ្នកធ្លាប់ទៅលេងខេត្តមណ្ឌលគិរីច្បាស់ជាដឹងហើយថា ចុងឆ្នាំជាពេលវេលាដ៏សក្តិសមបំផុតក្នុងការទៅលេងនៅភូមិភាគឥសាន្តនៃប្រទេសកម្ពុជាយើង ព្រោះមានអាកាសធាតុត្រជាក់ល្អ និងមិនមានភ្លៀង ងាយស្រួលក្នុងការធ្វើដំណើរទៅមក។ ថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាឲ្យបានស្គាល់កន្លែងដើរលេងមួយចំនួន ដែលខ្លះលាក់ខ្លួនក្នុងព្រៃ តែមានសម្រស់ស្រស់ស្អាតមែនទែន។
១. ភ្នំដោះក្រមុំ
ស្ថិតនៅក្បែរនឹងកណ្តាលក្រុងផ្ទាល់ ភ្នំដោះក្រមុំជាកន្លែងដែលមិនគួររំលងពេលទៅលេងមណ្ឌលគិរី ដោយហេតុទីនេះជាកន្លែងសក្តិសមបំផុតសម្រាប់មើលថ្ងៃលិច និងទេសភាពក្រុងសែនមនោរម្យពីចម្ងាយផងដែរ។ ភ្នំដោះក្រមុំគឺជាបូជនីយដ្ឋានទេសចរណ៍មួយនៅក្នុងខេត្តមណ្ឌលគិរីដែលជនជាតិភាគតិច និងខ្មែរធ្វើការគោរពបូជាតាមជំនឿទំនៀមទម្លាប់របស់ពួកគេ។
២. ទឹកធ្លាក់លែងអង លែងឃិន
លាក់ខ្លួនក្នុងតំបន់អូរាំងនៃខេត្តមណ្ឌលគិរី ទឹកធ្លាក់នេះមានសម្រស់ស្រស់ស្អាត និងប្លែកពីទឹកធ្លាក់ផ្សេងៗ ដោយមានដំណាក់ទី១ហៅថា លែងអង និងដំណាក់ទី២ ហៅថាលែងឃិន។ នៅពេលយើងធ្វើដំណើរចូលទៅទីនោះផងដែរ យើងនឹងឆ្លងកាត់ទេសភាពវាលស្មៅដែលអមសងខាងផ្លូវយ៉ាងវែងផងដែរ។
៣. ភូមិពូតាំង
ភូមិពូតាំង មានចម្ងាយប្រហែល១០គីឡូម៉ែត្រ ពីរង្វង់មូលគោព្រៃ នៃក្រុងសែនមនោរម្យ។ នៅទីនេះ ភ្ញៀវទេសចរណ៍អាចស្វែងយល់ជីវភាពរស់នៅជនជាតិភូមិពូតាំង ភ្លក់រសជាតិស្រាឪទិន បោះតង់ និងសាកអាហាររបស់បងប្អូនជនជាតិផងដែរ។
៤. ទឹកជ្រោះប៊ូស្រា
នៅពេលនិយាយពីខេត្តមណ្ឌលគិរី គេតែងនឹកឃើញទឹកធ្លាក់ប៊ូស្រាជាមិនខាន ក៏ព្រោះតែទីនេះជាគោលដៅទេសចរណ៍សំខាន់ និងមានទេសភាពស្រស់ស្អាតក្នុងការទៅកម្សាន្ត។ អ្វីដែលពិសេសនោះគឺ ការធ្វើដំណើរមិនឆ្ងាយប៉ុន្មានពីក្រុងសែនមនោរម្យត្រឹម ៣៨គីឡូម៉ែត្រ។ នៅទីនោះ ភ្ញៀវទេសចរណ៍អាចសម្រាកទទួលទានអាហារថ្ងៃត្រង់ និងលេងទឹកធ្លាក់ផងដែរ។
៥. អណ្តូងស្នេហ៍
អណ្តូងស្នេហ៍ មានទីតាំងស្ថិតនៅក្នុងឃុំដាក់ដាំ ដែលមានចំងាយប្រមាណ២២ គីឡូម៉ែត្រពីរង្វង់មូលគោព្រៃ ដោយផ្លូវទៅកាន់កន្លែងកម្សាន្តនេះមានភាពងាយស្រួលដោយវាជាប់ហ្នឹងផ្លុវធំស្រាប់។ ទីនេះជាទួលខ្ពស់ដែលយើងអាចឡើងទៅគយគន់ទេសភាពព្រៃភ្នំ និងផ្លូវកាច់កោងចេញជារាងអក្សរ S ផងដែរ។
៦. ភ្នំណាំលៀ
ជារមណីយដ្ឋានប្លែកមួយក្នុងខេត្តមណ្ឌលគិរី និងប្រទេសកម្ពុជា ភ្នំណាំលៀជាភ្នំថ្មលាក់ខ្លួននៅកណ្តាលព្រៃ ដែលពេលយើងដើរឡើងទៅលើ យើងអាចទស្សនាទេសភាពព្រៃព័ទ្ធជុំវិញទីនោះផងដែរ។
ហើយប្រសិនបងប្អូនទៅលេងខេត្តមណ្ឌលគិរី ចង់បានកន្លែងគេងដែលស្អាត និងសេវាកម្មល្អ កុំភ្លេច ភីដូម៉ារីស៊ត មានស្ថិតក្បែរក្រុង ព្រមទាំងអាចទស្សនាថ្ងៃលិច និងថ្ងៃរះបានទៀតផង។