ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ៖ រយៈពេលពេញមួយឆ្នាំកន្លងទៅនេះ កងកម្លាំងនគរបាលជាតិបានខិតខំប្រឹងប្រែងយកអស់កម្លាំង កាយចិត្ត ប្រាជ្ញាស្មារតីអនុវត្តភារកិច្ចស្នូលយ៉ាងខ្ជាប់ខ្ជួន

ភ្នំពេញ៖ នាឱកាសចូលឆ្នាំថ្មីឆ្នាំសកល ២០២៤ ដែលនឹងឈានមកដល់នាពេលខាងមុខ ក្នុងនាមអគ្គស្នងការ នគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត
សរសេរសារលិខិតជូនពរ កងកម្លាំងនគរបាលជាតិទូទាំងប្រទេស ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន រស់នៅប្រកបដោយសេចក្តីសុខ សុភមង្គល និងសូមជូនពរដល់ បងប្អូនដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ ឬគេហដ្ឋាន សូមឆាប់ជាសះស្បើយបានវិលត្រឡប់ មករួមរស់ជាមួយក្រុមគ្រួសារ និងបំពេញការងារនៅអង្គភាពវិញ។
នៅក្នុង សារលិខិតជូនពរ កងកម្លាំងនគរបាលជាតិទូទាំងប្រទេស របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៣ នេះ បានសរសេរថា៖«រយៈពេលពេញមួយឆ្នាំកន្លងទៅនេះ កងកម្លាំងនគរបាលជាតិបានខិតខំប្រឹងប្រែងយកអស់កម្លាំង កាយចិត្ត ប្រាជ្ញាស្មារតីអនុវត្តភារកិច្ចស្នូលយ៉ាងខ្ជាប់ខ្ជួន ចូលរួមការពារសន្តិភាព ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសកិច្ចការពារដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៧ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាជនពិការលើកទី១២ ឆ្នាំ២០២៣ ក៏ដូចជាព្រឹត្តិការណ៍ ជាតិ-អន្តរជាតិជាច្រើនទៀត ឲ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងភាពជោគជ័យ ដែលជាការរួមចំណែក ដ៏ឧត្តុង្គឧត្តមក្នុងការលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ»។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងអំណរគុណអស់ពីដួងចិត្តចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ គ្រប់លំដាប់ថ្នាក់ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុសន្តិសុខ សុវត្ថិភាពសង្គម និងសូមដាស់ តឿនក្រើនរំលឹកដល់បងប្អូនកងកម្លាំងទាំងអស់ សូមបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសព្រឹត្តិការណ៍សំខាន់ៗក្នុងឆ្នាំ២០២៤ ដែលសុទ្ធសឹង ជាភារកិច្ចមិនអាចកាត់ផ្តាច់ចេញពីការចូលរួមចំណែក ពីសំណាក់កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ទូទាំងប្រទេស ហើយក៏ទាមទារឲ្យមានការត្រៀមខ្លួន និងរៀបចំផែនការប្រតិបត្តិការច្បាស់លាស់បម្រុងទុកជាមុន ផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ បន្ថែមថា៖«ទន្ទឹមនេះក៏សូមណែនាំឲ្យបងប្អូនទាំងអស់បន្តធ្វើជាគំរូដល់ប្រជាពលរដ្ឋក្នុងការលើកកម្ពស់ស្មារតី អនុវត្តច្បាប់ ជាពិសេសសូមគាំទ្រលើកទឹកចិត្តដល់បងប្អូនកងកម្លាំងនគរបាលជាតិទាំងអស់ឲ្យបន្តកិច្ចខិតខំ ប្រឹងប្រែងបំពេញភារកិច្ចដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបម្រើប្រជាពលរដ្ឋដោយភាពអត់ធ្មត់ ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ អាកប្បកិរិយាថ្លៃថ្នូរ និងមានមនសិការ វិជ្ជាជីវៈខ្ពស់»៕